ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
សិប្បកម្ម​វល្លិ​រពាក់ ជា​របរ​ប្រពៃណី​របស់​អ្នកភូមិ​អារក្ស​ស្វាយ​
25, May 2019 , 8:59 pm        
រូបភាព
​សៀមរាប​៖ រពាក់ ជា​ប្រភេទ​វល្លិ​ម្យ៉ាង ដែលមាន​ដុះ​នៅតាម​ព្រៃរបោះ នា​តំបន់​ទំនាប ក្នុងប្រទេស​កម្ពុជា​។ វល្លិ​នេះ អាច​យកទៅ​ផលិត​ជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ មិន​ខុសពី​ឫស្សី​ឡើយ​។ ដ្បិត​សម័យ​បច្ចុប្បន្ន មានការ​អភិវឌ្ឍ​ជឿនលឿន​ដោយ ក៏​សិប្បកម្ម​ដែល​ផលិត​ចេញពី​វល្លិ​រពាក់ នៅតែ​ត្រូវប៉ាន់​ក្នុង​ទីផ្សារ ហើយ​វា​កាន់តែ​មានតម្លៃ នៅពេល​ផលិតផល​មួយ​នេះ កម្រ​មាន​អ្នកចេះ ឯ​រពាក់​ក៏​កាន់តែ​ខ្សត់​។ អ្នកភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប នៅមាន​សិប្បកម្ម​ប្រពៃណី​ធ្វើ​ពីរ​ពាក់​នេះ ហើយ​ផលិតផល​ដែល​ធ្វើបាន មាន​ទីផ្សារ​ល្អ​គួរឱ្យកត់សម្គាល់​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖




 
​វល្លិ​រពាក់ ជា​អនុផល​ព្រៃឈើ​មួយ​ប្រភេទ ដែល​ចាស់​បុរាណ​តែង​ប្រើ ដើម្បី​ផលិត​នូវ​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ មានដូចជា​បង្គី និង​ជាល​ជាដើម​។ អ្នកភូមិ​អារក្ស​ស្វាយ ក្នុង​ក្រុង​សៀមរាប ដែល​ស្ថិត​លើ​ខ្នង​ទំនប់​អញ្ចាញ និង​ទំនប់​គោក​ចាន់ នៅមាន​របរ​ធ្វើ​សម្ភារ​ប្រើប្រាស់​ពី​វល្លិ​រពាក់ ដែល​ចែកចាយ​លក់​នៅតាម​ទីផ្សារ​យ៉ាង​ទូលំទូលាយ​។​
 
​បើ​គេ​ធ្វើដំណើរ​កាត់​តាម​ភូមិ​អារក្ស​ស្វាយ គេ​តែង​បានឃើញ​អ្នកភូមិ​នេះ អង្គុយ​ត្បាញ​សម្ភារ​ផ្សេងៗ​នៅក្រោម​ផ្ទះ ដែល​សកម្មភាព​នេះ បានក្លាយ​ជាការ​ងារ​ប្រចាំថ្ងៃ របស់​ពួកគេ​បន្ទាប់ពី​ធ្វើស្រែ​។ ភូមិ​នេះ ស្ថិតក្នុង​ចំណោម​ភូមិ​មិន​ច្រើន​ទេ ដែល ត្បាញ ចាក់ រពាក់ ធ្វើជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។​


 
​កំពុង​អង្គុយ​ត្បាញ​នៅក្រោម​ផ្ទះ ជាមួយ​ម្ដាយ​ចាស់ និង​កូនស្រី​ម្នាក់ ជួយ​ត្រួស​រពាក់ អ្នកស្រី ម៉ិ​ត កឹង កំពុង​ត្បាញ​កន្ដ្រក ដោយ​ដៃ​វាសឡើង​ចុះ​យ៉ាង​រស់​រវើក និង​យ៉ាង​ប៉ិនប្រសប់​។ អ្នកស្រី​ត្បាញ​កន្ដ្រក និង​សម្ភារ​មួយចំនួនទៀត សម្រាប់​ទុកឱ្យ​ឈ្មួញកណ្ដាល ដែល​បាន​បញ្ជា​ទិញ​។ សម្ភារ​ដែល​ផលិត​បាន មិនសូវ​ទុក​នៅផ្ទះ​យូរ​ទេ គឺ​តែង​ត្រូវបាន​ឈ្មួញ​មក​យក​ដល់ផ្ទះ​អស់ៗ​គ្មាន​សល់​។ ឈ្មួញ​ទាំងនោះ មាន​ទាំង​នៅក្នុង​ក្រុង​សៀមរាប និង​តាម​ខេត្ត​ដទៃ​។​
 
​បញ្ចេញ​សំនៀង​បែប​ភាសា​អ្នកស្រុក​សៀមរាប អ្នកស្រី ម៉ិ​ត កឹង រំលឹកថា អ្នកស្រី​ចេះ​របរ​ត្បាញ​សម្ភារ​ពី​វល្លិ​រពាក់​នេះ ច្រើន​ឆ្នាំ​ហើយ គឺ​តាំងពី​អ្នកស្រី​នៅ​វ័យ​ជំទង់​មកម្ល៉េះ ដោយ​ចេះ​ត​ពី​ម្ដាយ​។ អ្នកស្រី​ថា នៅ​សម័យមុន រពាក់​ប្រើ​ត្បាញ​សម្ភារ​ប្រើប្រាស់​ធម្មតា មានដូចជា​បង្គី ជាល​ជាដើម ហើយ​ងាយស្រួល​រក​តាម​វាលស្រែ ជុំវិញ​ផ្ទះ​។ បច្ចុប្បន្ន ដោយសារ​អ្នកចេះ​របរ​នេះ​កាន់តែច្រើន តម្រូវការ​ទីផ្សារ​កើនឡើង ធ្វើឱ្យ​រពាក់​កាន់តែ​ខ្សត់ ជំ​រុញឱ្យ​អ្នករក​ក្នុង​របរ​នេះ ចេញទៅរ​ករពា​ក់នៅ​ស្រុក​ឆ្ងាយៗ​។​
 
​ដោយសារ​រពាក់​កាន់តែ​ខ្សត់​នៅក្នុង​ភូមិ ទើប​អ្នករក​របរ​នេះ ត្រូវ​ឡើងទៅ​រក​ដល់​ខេត្តកំពង់ធំ​។ នៅ​ទីនោះ រពាក់​នៅមាន​ច្រើន និង​សម្បូរ​ខ្នាត​ដែល​កសិករ​ចង់បាន​។ អ្នកភូមិ​អារក្ស​ស្វាយ រួម​នឹង​អ្នកភូមិ​ជិតៗ ប្រមូលគ្នា​ទៅ​ឡាន​ជុំគ្នា​ពី​៣០​នាក់ ទៅ​៥០​នាក់ ដោយ​ចេញពី​ភូមិ នៅ​ម៉ោង​២​ភ្លឺ និង​ត្រឡប់មក​ដល់ផ្ទះ​វិញ នៅ​ម៉ោង​ប្រមាណ​៨ ឬ​៩​យប់​។ ជារួម​ត្រូវ​ចំណាយ​ពេញ​មួយថ្ងៃ ដើម្បី​ដើររក​រពាក់​។ ក្នុង​មួយ​ជើង ម្នាក់ៗ​អាចរ​ករ​ពាក់បាន​ចន្លោះ​ពី​២០០ ទៅ​៤០០​រពាក់​។ «​ជិះឡាន​ពីនេះ​ទៅ គេ​យក​ម្នាក់​១​ម៉ឺន​រៀល ឬ​ច្រើនជាង​នេះ តាមផ្លូវ​ជិត​ឆ្ងាយ​។ ពេលខ្លះ​១៣,០០០(​រៀល​) ម្ដង​ទៅ​ពី​៣០ ទៅ​៥០​នាក់ មាន​អ្នកភូមិ​អារក្ស​ស្វាយ គោក​ចាន់ ថ្នល់​បាក់​លាយ​គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ម៉ិ​ត កឹង​។​
 
​កំណើន​អ្នកធ្វើ​សម្ភារ​ពីរ​ពាក់ មានការ​កើនឡើង នៅក្នុង​ភូមិ​អារក្ស​ស្វាយ ដ្បិត​មាន​អង្គ​ការចុះ​បង្រៀន​ពី​បច្ចេកទេស និង​ផលិត​សម្ភារ​ប្លែកៗ​តាម​តម្រូវការ​ទីផ្សារ​។ អ្នកស្រី ម៉ិ​ត កឹង ត្បាញ​ទាំង       កន្ដ្រក​តូចធំ និង​គម្រប​ទាំង​ទំហំ​តូច និង​ធំ ក៏ដូចជា​សម្ភារ​ប្រើប្រាស់ និង​សម្ភារ​លម្អ​ច្រើន​ទៀត តាម​ការបញ្ជាទិញ​ពី​ឈ្មួញ​។ អ្នកស្រី​ថា ពេលចេញ​ទៅរក​រពាក់​មួយ​ជើងៗ អ្នកស្រី​អាចមាន​រពាក់ ដើម្បី​ធ្វើ​គម្រប​បាន​៣ និង​កន្ដ្រក​៣ តែ​ចំនួន​នេះ​មិន​ទៀងទេ ហើយ​សម្ភារ​នីមួយៗ​អាច​លក់បាន​ចន្លោះ​ពី​១៥,០០០​រៀល ទៅ​២​ម៉ឺន​រៀល​។​


 
​នៅក្នុង​រោង​សហគមន៍ ដែល​សង់​ឡើង​ដោយ​អង្គ​ការដែល​ចុះ​បង្រៀន​ពលរដ្ឋ​នៅ​អារក្ស​ស្វាយ​ពី​ការ​ត្បាញ​រពាក់ អ្នកស្រី ព្រួ​ន សុខា កំពុង​អង្គុយ​ត្បាញ​កន្ដ្រក​ម៉ូ ដ​សម័យមួយ​ដ៏​ស្រស់ស្អាត​។ អ្នកស្រី​ជា​មនុស្ស​ម្នាក់ ដែល​រៀន​ជំនាញ​ត្បាញ​រពាក់​នេះ តាំងពី​តូចៗ​មកពី​គ្រួសារ​។ ត្បាញ​បណ្ដើរ និយាយ​បណ្ដើរ អ្នកស្រី សុខា រំលឹកថា ពេល​ឡើង​ទៅរក​រពាក់​ម្ដងៗ នៅ​ខេត្តកំពង់ធំ គឺមាន​ការនឿយហត់​ជាខ្លាំង ដោយ​ត្រូវ​ក្រោក​ពី​យប់ និង​ត្រឡប់មក​ដល់ផ្ទះ​វិញ នៅ​យប់​ថ្ងៃ​បន្ទាប់​។ ទៅ​ម្ដងៗ អ្នកស្រីរ​ករ​ពាក់បាន​ពី ២០០ ទៅ​៤០០ ដែល​អាច​ផលិត​កន្ដ្រក និង​ជាល​បាន​ចំនួន​៦​។​
 
​សម្ភារ​ដែល​អ្នកស្រី សុខា ផលិត​បាន គឺ​ត្រូវបាន​ឈ្មួញ​មក​យកទៅ​អស់ មិនដែល​សល់​ឡើយ​។         កន្ដ្រក​មួយ​អ្នកស្រី​លក់​ឱ្យ​ឈ្មួញ បាន​តម្លៃ​២​ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ជើងៗ ដែល​អ្នកស្រី​ទៅរក​រពាក់​អាចធ្វើ​កន្ដ្រក​បាន​ចំនួន​៦​។ អ្នកស្រី សុខា ថា​របរ​នេះ​ជា​របរ​នឿយហត់ តែ​បា​នរក​ចំណូល​ឱ្យ​អ្នកភូមិ​អារក្ស​ស្វាយ បន្ទាប់ពី​ទំនេរ ពី​រដូវ​ធ្វើស្រែ​បាន​សមរម្យ​ផងដែរ​។ 
 
​នា​រដូវប្រាំង សិប្បកម្ម​ធ្វើ​ពីរ​ពាក់ មានគុណ​ភាពល្អ​ជាង​ខែវស្សា ព្រោះថា​ភ្លៀង អាចឱ្យ​រពាក់​ខូចគុណភាព និង​មាន​អុច​ខ្មៅៗ​មិន​ស្អាត​។ នេះ​បើតាម​ការលើកឡើងរ បស់​អ្នកស្រី សុខា​។ សម្រាប់​អ្នកស្រី សុខា របរ​ត្បាញ​រពាក់ ចាត់ទុកជា​របរ​ប្រពៃណី​របស់​អ្នកភូមិ​អារក្ស​ស្វាយ ព្រោះថា​ពេលទំនេរ​ពី​ការ​ធ្វើស្រែ អ្នកភូមិ​នេះ តែង​ទៅរក​វល្លិ​រពាក់ ដើម្បី​អង្គុយ​ត្បាញ​សម្ភារ​ផ្សេងៗ​តាម​ផ្ទះ គ្រាន់​បាន​ចំណូល​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។ របរ​នេះ ក៏បាន​ជួយ​ឱ្យ​គ្រួសារ​អ្នកស្រី សុខា ដែល​បានកូន​២​នាក់​ក្នុងបន្ទុក បាន​រៀនសូត្រ និង​ចាយវាយ​ប្រចាំថ្ងៃ បាន​យ៉ាង​សមរម្យ​ផងដែរ​។​
 
​ចំណែក​អ្នកស្រី ចាន់ ថែ ក៏​កំពុង​ធ្វើ​កន្ដ្រក ដែលជា​ការបញ្ជាទិញ​ពី​អតិថិជន​ជា​ម្ចាស់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប​។ កន្ដ្រក​មាន​ច្រើន​ទំហំ ដែល​ទំនងជា​ផ្ទុក​សម្ភារ​ប្រើប្រាស់ ក្នុង​បន្ទប់​សណ្ឋាគារ​។ អ្នកស្រី ចាន់ ថែ មិនបាន​ទៅ​បោច​រពាក់​នឹង​គេ​ទេ ដោយសារ​គ្មាន​កម្លាំង តែ​បាន​ទិញ​បន្ដ​ពី​អ្នកជិតខាង ក្នុងតម្លៃ​១​ម៉ឺន​រៀល សម្រាប់​រពាក់​១០០​ដើម​។ 


 
​ដ្បិត​បាន​កម្រៃ​ពីរ​បរ​នេះ​មិន​ច្រើន តែ​អ្នកស្រី ចាន់ ថែ ដែលជា​ចាស់ទុំ និង​រៀន​របរ​នេះ​ពី​ម្ដាយ បាន​និយាយថា ចង់ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ចេះ និង​រៀន​ជំនាញ​នេះ​ត​ទៅមុខទៀត គ្រាន់​ធ្វើ​របរ​ប្រចាំថ្ងៃ ព្រោះថា​ជាការ​ងារ​មួយ ដែល​មិនត្រូវ​ការប្រើ​ដើមទុន ហើយ​អាចធ្វើ​នៅផ្ទះ​បាន ដោយ​ងាយស្រួល​។​
 
​បើទោះបី​បច្ចុប្បន្ននេះ អ្នកភូមិ​អារក្ស​ស្វាយ ពឹង​លើ​ផល​វល្លិ​រពាក់ ដើម្បី​បាន​ចំណូល​ចិញ្ចឹម​គ្រួសារ​មួយផ្នែក​យ៉ាងណាក្ដី តែ​បរិមាណ​រពាក់​កាន់តែ​ខ្សត់​ទៅៗ ដែលជា​ការបារម្ភ​ចំពោះ​អ្នករក​របរ​ទទួលទាន​មួយ​នេះ​។ អ្នកស្រី ម៉ិ​ត កឹង និយាយ​ដោយ​ក្ដីបារម្ភ​ខ្លះៗ​ថា បើ​អស់ពី​ផល​ធម្មជាតិ​មួយ​នេះ​ទៅ អ្នកស្រី​មិនដឹង​ទៅធ្វើ​ការ​អ្វី​ទៀតឡើយ ហើយក៏​គ្មាន​ចំណូល​ចូល​ផ្ទះ ដូច​សព្វថ្ងៃនេះ​ទៀត​ដែរ​៕
 

Tag:
 រពាក់​
 ​សិប្បកម្ម​
 ​ប្រពៃណី​
 ​ភូមិ​អារក្ស​ស្វាយ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com