កីឡាអន្តរជាតិ
អន្តរជាតិ
​បងជីដូនមួយ​ម្ចាស់​ក្លិប Man City ព្រមព្រៀង​លើ​តម្លៃ​ទិញយក​ក្លិប Newcastle ហើយ​
27, May 2019 , 11:47 am        
រូបភាព
លោក Mike Ashley បាន​យល់ព្រម​លក់​ក្លិប Newcastle United ទៅ​ឲ្យ​សេដ្ឋី​អារ៉ាប់​លោក Sheikh Khaled bin Zayed Al Nehayan អាយុ​៦១​ឆ្នាំ ក្នុងតម្លៃ ៣៥០​លាន​ផោន (៤៤៥​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Sun នៅ​ថ្ងៃទី​២៦ ខែឧសភា​។​

 
​ប្រភព​ខាងលើ​បញ្ជាក់ទៀតថា កិច្ចព្រមព្រៀង​ការទិញ​លក់​រវាង​លោក Ashley និង Sheikh Khaled បាន​ឈានដល់​ការបញ្ជូន​ឯកសារ​ទៅកាន់​ក្របខណ្ឌ Premier League ជា​ផ្លូវការ​ហើយ​។​
 
​កន្លងមក មហាសេដ្ឋី​សញ្ជាតិ​អង់គ្លេស បានប្រកាស​ដាក់លក់​ក្លិប​សារិកា​ព្រៃ​ក្នុងតម្លៃ ៤០០​លាន​ផោន ប្រហែល​៥៣០​លាន​ដុល្លារ និង​មានការ​ដេញថ្លៃ​ផង​តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ​។​
 
​លោក Ashley មាន​វ័យ​៥៤​ឆ្នាំ បច្ចុប្បន្ន​មានទ្រព្យ​រហូតដល់ ២.៩​ពាន់​លាន​ដុល្លារ បាន​ចំណាយ​ប្រាក់​១៣០​លាន​ផោន ប្រមាណ ១៧២​លាន​ដុល្លារ​ទិញយក​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ ពោលគឺ​រយៈពេល​១២​ឆ្នាំ​មកហើយ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ក្រោម​ការកាន់កាប់​រប​ស់លោក​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ Newcastle United ធ្លាប់​ធ្លាក់​ទៅកាន់​លី​ក​លំដាប់​ទី​២ Championship ២​ដង​។​
 
​ជុំវិញ​ការដាក់​លក់​ក្លិប​នេះ លោក Ashley ដែលជា​អ្នកជំនួញ​សម្ភារ​កីឡា​អង់គ្លេស Sports Direct International Plc ក៏​ធ្លាប់​លេចលឺ​ថា​មាន​អ្នកវិនិយោគ​ចិន​ចាប់អារម្មណ៍​ទិញយក​ក្លិប​នេះ​ផងដែរ​។​
 
​លោក Sheikh Khaled ដែល​យល់ព្រម​ទិញ​ក្លិប Newcastle ក្នុងតម្លៃ ៤៤៥,២៤​លាន​ដុល្លារ​អាមេរិក​នេះ គឺជា​បងប្អូន​ជីដូនមួយ​ជាមួយ​ម្ចាស់​ក្លិប Manchester City លោក Sheikh Mansour bin Zayed Al Nahyan មហាសេដ្ឋី​សញ្ជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដូចគ្នា​។ Sheikh Khaled ក៏​ធ្លាប់​បរាជ័យ​ក្នុងការ​ដេញថ្លៃ​ទិញ​ក្លិប​ហង្ស​ក្រហម Liverpool ដោយ​ហ៊ានថ្លៃ​ដល់​ទៅ ២,៥៥​ពាន់​លាន​ដុល្លារ​ឯណោះ​កាលពី​ឆ្នាំមុន​។​
 
Newcastle ក្រោម​ការដឹកនាំ​របស់​លោក Rafael Benítez បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១៣ ក្នុង​តារាង Premier League រដូវ​កាល​នេះ ដោយ​រកបាន​៤៥​ពិន្ទុ ពី​ការប្រកួត​៣៨​លើក​៕

Tag:
 បាល់ទាត់​
  Newcastle United
  Mike Ashley
  Sheikh Khaled
© រក្សាសិទ្ធិដោយ thmeythmey.com