រថយន្ត
អន្តរជាតិ
ន័រវែសជាប្រទេសដែលប្រើរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក រថយន្តអគ្គិសនីនៅក្រុងអូស្លូ (រូបភាព៖ Euro News)
× បច្ចុប្បន្ននេះ រថយន្តដើរដោយចរន្តអគ្គិសនីកំពុងពេញនិយមខ្លាំងនៅលើពិភពលោក។ ឥឡូវនេះ រដ្ឋអឺរ៉ុបន័រវែសបានក្លាយជាប្រទេសមួយដែលមានភាគរយនៃការប្រើប្រាស់រថយន្តអគ្គិសនីនេះឈានមុខគេ។
តាមទិន្នន័យចុងក្រោយបង្អស់ដែល World Economic Forum បានដកស្រង់ ៤៩.១៤ ភាគរយនៃចំនួនឡានដឹកអ្នកដំណើរទាំងអស់នៅដែលបានលក់នៅឆ្នាំ២០១៨ នៅន័រវែសគឺជារថយន្តអគ្គិសនី។ ភាគរយដ៏ខ្ពស់នេះគឺលើសបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក ខណៈរដ្ឋអឺរ៉ុបដូចជាអ៊ីស្លង់ និងស៊ុយអែតមានរថយន្តនេះត្រឹម ១៩% និង៨% ប៉ុណ្ណោះ។
តាមរយៈតួលេខដែលបានបង្ហាញខាងលើ បើគិតពីភាគរយឡានអគ្គិសនី ប្រទេសអ៊ីស្លង់និងស៊ុយអែតជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣រៀងគ្នា បន្ទាប់ពីន័រវែស ខណៈដែលប្រទេសចិននិងអាមេរិកនាំមុខគេរឿងបរិមាណឡានអគ្គិសនីសរុបដែលបានលក់ចេញ ។
ជាមួយគ្នានេះដែរ អ្នកបើកបរយានយន្តប្រើថាមពលឥន្ធនៈផូស៊ីល នៅក្នុងរាជធានីអូស្លូនៃប្រទេសន័រវែសបានប្រឈមជាមួយបញ្ហាកកស្ទះចរាចរណ៍និងកង្វះទីធ្លារសម្រាប់ចត ខណៈដែលក្រុមប្រឹក្សាក្រុងកំពុងតែមានភាពមមាញឹកក្នុងការសាងសង់ទីលានចតឡានប្រភេទនេះដោយឥតគិតថ្លៃនៅឆ្នាំ២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រាថ្នាចង់បានឡានដើរដោយចរន្តអគ្គិសនី គឺមិនមែនដោយសារហេតុផលក្នុងការការពារបរិស្ថានតែម្យ៉ាងនោះទេ។ គុណសម្បត្តិទីមួយគឺ ការទិញរថយន្តប្រើអគ្គិសនីនេះ នឹងរួចផុតពីបន្ទុកពន្ធដែលកំណត់ដោយរដ្ឋាភិបាលទៅលើកម្រិតបំភាយផ្សែងរបស់យានយន្ត។ ការណ៍នេះធ្វើឱ្យប្រជាជនន័រវែសអាចសន្សំសំចៃថវិកា ខណៈដែលការទិញ កាន់កាប់ និងប្រើប្រាស់រថយន្តនៅប្រទេសអភិវឌ្ឍមួយនេះទាមទារឱ្យមានការចំណាយច្រើនសន្ធឹកសន្ធាប់។
គួរបញ្ជាក់ថា ប្រទេសន័រវែសមានអត្រាប្រើប្រាស់ឡានអគ្គិសនីខ្ពស់ជាងគេក្នុងចំណោមប្រជាជន ១០០០នាក់ បើធៀបនឹងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ បើនិយាយពីចំនួនរថយន្ត គឺវាមានទំហំតូចបើធៀបនឹងទីផ្សារសកល ដោយសារតែចំនួនប្រជាជនសរុបរបស់ន័រវែសនេះមានត្រឹមតែ៥,៣លាននាក់ប៉ុណ្ណោះ៕
ប្រែសម្រួលដោយៈ យ៉ន សុខន
Tag:
រថយន្តអគ្គិសនី
ន័រវែស
© រក្សាសិទ្ធិដោយ thmeythmey.com