យុវតី យិន ម៉ាណា​ ត្រូវដោះលែងហើយ តែគ្មានសិទ្ធិបើកបរ៣ឆ្នាំ
ជាតិ
សង្គមជាតិ
យុវតី យិន ម៉ាណា​ ត្រូវដោះលែងហើយ តែគ្មានសិទ្ធិបើកបរ៣ឆ្នាំ
28, May 2019 , 12:56 pm        
រូបភាព
ដោយ: ថ្មីៗ
យុវតី យិន ម៉ាណា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រោយជាប់ពន្ធនាគារត្រឹមតែ២ខែ ពីបទ «បើកបរដោយធ្វេសប្រហែសបណ្តាលឲ្យអ្នកដទៃស្លាប់»។



តុលាការ បានផ្តន្ទាទោស យុវតី យិន ម៉ាណា ដែលមានឈ្មោះដើមថា យិន ឃុនម៉ី ឲ្យជាប់ពន្ធនាគារ១ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ២ខែ ឯទោសនៅសល់ទាំងប៉ុន្មាន ត្រូវព្យួរ។ យុវតីវ័យ១៦ឆ្នាំរូបនេះ បានជាប់ឃុំតាំងពីថ្ងៃទី២៩ ខែមីនាមក ដូច្នេះ គិតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ គឺគ្រប់រយៈពេល២ខែហើយ។

អ្នកស្រី ស្រី សុផាន់ណារ៉ា មេធាវីរបស់យុវតី យិន ម៉ាណា  ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងផ្លូវច្បាប់ ខែទាំងអស់ គឺស្មើនឹង៣០ថ្ងៃដូចគ្នា។ អ្នកស្រី អះអាងថា កូនក្តីរបស់អ្នកស្រី ត្រូវបានតុលាការ ហាមឃាត់មិនឲ្យបើកបររយៈពេល៣ឆ្នាំ ក្រោយចេញពីពន្ធនាគារ។ 

អត្ថបទទាក់ទង



យុវតី យិន ម៉ាណា បានបើករថយន្តបុក កញ្ញា ឌុំ រីដា និស្សិតឆ្នាំ៤ ដោយអចេតនា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា។ គ្រួសាររបស់យុវតី យិន ម៉ាណា បានឲ្យគេយកថវិកា៥ពាន់ដុល្លារ ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។ 

លើសពីនេះ គ្រួសាររបស់យុវតី យិន ម៉ាណា បានសងសំណង៧ម៉ឺនដុល្លារ ទៅឲ្យគ្រួសាររបស់កញ្ញា ឌុំ រីដា។ ក្រោយទទួលសំណង គ្រួសាររបស់កញ្ញា ឌុំ រីដា ក៏បានដកបណ្តឹងរដ្ឋប្បវេណីចេញវិញ៕  
 





Tag:
 យិន ម៉ាណា
© រក្សាសិទ្ធិដោយ thmeythmey.com