អន្តរជាតិ
លោក ម៉ា​ឌុយ​រ៉ូ សន្យា​បង្ហាញ​ជំហរ​ស្មោះត្រង់​ក្នុង​ការចរចា​ជាមួយ​ក្រុមប្រឆាំង​នៅ​ន័​រ​វ៉េ​ស​
28, May 2019 , 2:23 pm        
រូបភាព
រូបភាព-AFP
រូបភាព-AFP
​បេសកជន​របស់​រដ្ឋា​ភិ​បាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​តំណាង​ក្រុមប្រឆាំង នឹង​ជួបចរចា​ទ​ទល់​មុខជា​លើកដំបូង​នៅ​ទឹកដី​ន័​រ​វ៉េ​ស​ក្នុង​សប្ដាហ៍​នេះ​។ នៅ​ថ្ងៃទី​២៧ ខែឧសភា ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ សន្យា​បង្ហាញ​ជំហរ​សុចរិត​ក្នុង​ការចរចា​ជាមួយ​ក្រុមប្រឆាំង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ ការអូសបន្លាយ​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា កំពុង​ធ្វើ​ឲ្យ​ប្រជាជន​រងគ្រោះ​ធ្ងន់ធ្ងរ ហើយ​សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏​ដុនដាប​កាន់តែខ្លាំង​ដែរ​។​

 
​តំណាង​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ និង​តំណាង​ក្រុមប្រឆាំង នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អូ​ស្លូ ទឹកដី​ន័​រ​វ៉េ​ស​ដើម្បី​បន្ត​ការជជែក​ជុំ​ទី​ពីរ សំដៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ សម្រាប់​ការចរចា​ជុំទីមួយ ភាគី​ទាំង​ពីរបាន​ប្រាប់​ន័​រ​វ៉េ​ស​ដែល​កំពុង​ដើរតួនាទី​សម្របសម្រួល​ពី​ជំហរ​រៀងៗ​ខ្លួន ប៉ុន្តែ​មិនបាន​ជួបគ្នា​តទល់​ឡើយ​។ ជំនួប​សប្ដាហ៍​នេះ នឹង​ក្លាយជា​ការជួប​តទល់​លើកទីមួយ​រវាង​ភាគី​ជម្លោះ​ទាំងពីរ​។ 
 
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ និយាយថា រដ្ឋមន្ត្រី​គមនាគមន៍ Jorge Rodriguez និង​អភិបាលរដ្ឋ Miranda លោក Hector Rodriguez នឹង​ដឹកនាំ​ប្រតិភូ​តំណាង​រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស​។ លោក Jorge Arreaza រដ្ឋមន្ត្រីការបរទេស​ដែល​អវត្តមាន​ក្នុង​ការជជែក​ជុំទីមួយ ក៏​នឹងចូលរួម​ការចរចា​ក្នុង​សប្ដាហ៍​នេះដែរ​។ លោក ម៉ា​ឌុយ​រ៉ូ សន្យាថា ប្រតិភូ​របស់លោក នឹង​បង្ហាញ​ពី​ទង្វើ​សុចរិត ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាមផ្លូវ​សន្តិភាព និង​ប្រជាធិបតេយ្យ​។​
 
​យ៉ាងណាមិញ មេដឹកនាំ​សង្គមនិយម​រូបនេះ ចាត់​ទុ​ការចរចា​នៅ​ទីក្រុង​អូ​ស្លូ ជា​ជំនួប​រវាង​រដ្ឋាភិបាល និង​កងទ័ព​ស្របច្បាប់​ជាមួយ​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ព្យាយាម​ផ្ដួលរំលំ​រដ្ឋាភិបាល​ដើម្បី​ប្រយោជន៍​អាមេរិក​។ លោក ម៉ា​ឌុយ​រ៉ូ ក៏​ចាត់ទុក​ការចរចា​នេះ ជា​ឱកាស​ដើម្បី​សន្តិភាព​ដែរ​។ 
 
​ចំណែក​មេដឹកនាំ​ប្រឆាំង​លោក ហ័ន ក្វៃ​ដូ បាន​ស្វាគមន៍​ការចរចា​នៅ​អូ​ស្លូ តែ​លោក​ក៏​ប្រាប់​ទៅ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ដែរ​ថា ក្រុមប្រឆាំង​នឹងមិន​ប​ណ្ដោ​យ​ខ្លួន​ឲ្យ​ធ្លាក់ចូល​អន្ទាក់​ពន្យារពេល​ឡើយ​។ ក្រុមប្រឆាំង​បាន​ចោទ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ថា ប្រើប្រាស់​ការចរចា​ដើម្បី​តែ​អូសបន្លាយ​ការកាន់កាប់​អំណាច​ប៉ុណ្ណោះ​។ ឯ​អាមេរិក​វិញ ក៏​ប្រកាស​ជំហរ​ចង់​ឲ្យ​ការចរចា​ផ្ដោតលើ​លក្ខខណ្ឌ​មួយ គឺ​ការចាកចេញ​ពី​តំណែង​របស់លោក ម៉ា​ឌុយ​រ៉ូ ។  
 
​វិបត្តិ​នយោបាយ​រវាង​លោក ម៉ា​ឌុយ​រ៉ូ និង​លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​នោះ ធ្វើ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផុងខ្លួន​វិបត្តិ​កាន់តែ​ជ្រៅ​។ លោក ម៉ា​ឌុយ​រ៉ូ បាន​បាត់​ការគាំទ្រ​ច្រើន​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ងាក​ទៅរក​ក្រុមប្រឆាំង ប៉ុន្តែ​នៅមាន​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត ឯ​ក្នុងស្រុក​មាន​យោធា​ជា​ខ្នងបង្អែក​ផង​។ លោក ក្វៃ​ដូ ត្រូវបាន​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​ដោយ​ប្រទេស​ជាង​៥០ ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​លោក ម៉ា​ឌុយ​រ៉ូ បានឡើយ​៕
 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ន័​រ​វ៉េ​ស​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
  ហ័ន ក្វៃ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com