ជាតិ
រថយន្ត
រថយន្តគ្រប់ធុនមិនអាចឆ្លងកាត់ផ្លូវ 5C រយៈពេល៧០ថ្ងៃ ព្រោះអាជ្ញាធរដាក់លូ 
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
×![]()
ភ្នំពេញ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តាមបណ្តោយផ្លូវ 5C ចាប់ពីផ្លូវ ២៧១ នឹងមិនអនុញ្ញាតឲ្យមានរថយន្តគ្រប់ប្រភេទឆ្លងកាត់រយៈពេល៧០ថ្ងៃ លើកលែងតែទោចក្រយានប៉ុណ្ណោះ។ មូលហេតុផ្អាកការចរាចរក្នុងតំបន់នេះ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវ ចំនួនបីជួរ ដើម្បីដោះស្រាយបញ្ហាទឹកជន់លិច។
ល្ងាចថ្ងៃទី២៨ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជុំវិញ ការផ្អាកចរាចរនៅតាមបណ្តោយផ្លូវ 5C ដោយសារបញ្ហាដាក់លូប្រអប់រំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់មូលហេតុយ៉ាងដូច្នេះ៖ «ដោយពិនិត្យឃើញស្ថានភាពស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យចាស់ទ្រុឌទ្រោម, មានទំហំតូច ដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹក និងដើម្បីដោះស្រាយបញ្ហាជន់លិចទឹកភ្ញៀងនៅរដូវវស្សា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវ»។
បើតាមសេចក្ដីជូនដំណឹងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ5C ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួនបីជួរ ដោយភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកពីតំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះ ជាពិសេសពីតំបន់ផ្លូវ២០០៤, ផ្លូវសឡា, ផ្លូវណ័រប្រ៊ិត និងផ្លូវឌួងងៀប។
ដូច្នេះ រាល់ការដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ 5C នឹងត្រូវផ្អាករយៈពេល ៧០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ទាក់ទងនឹងបញ្ហាផ្អាកចរាចរណ៍ក្នុងតំបន់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំផ្លូវពង្វាងចេញពីទីតាំងខាងលើទៅតាមផែនទីពង្វាងចរាចរដែរ៕
Tag:
សាលារាជធានីភ្នំពេញ
លូ
ទឹកជន់លិច
រដូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com