កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលីស​ចាប់ខ្លួន​កីឡាករ និង​ប្រធាន​ក្លិប​នៅ La Liga ពីបទ​កំណត់​លទ្ធផល​ទុក​មុន​
29, May 2019 , 8:39 pm        
រូបភាព
​ប៉ូលីស​អេ​ស្ប៉ា​ញ​បាន​ចាប់ខ្លួន​កីឡាករ​ដែល​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល La Liga និង​លំដាប់​ទី​២ division រួមទាំង​អ្នកចាត់ការ​ក្លិប​មួយចំនួន​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ពីបទ​កំណត់​លទ្ធផល​ការប្រកួត​ទុក​មុន​។​


​ប៉ូលីស​ដដែល​អះអាងថា​អ្នក​ជាប់​ពាក់ព័ន្ធ​សរុប​ចំនួន ១១ នាក់​នឹងត្រូវ​ចាប់ខ្លួន​។ អ្នកពាក់ព័ន្ធ​ទាំងនោះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ជុំវិញ​ការកំណត់​លទ្ធផល​ក្នុងចំណោម​ការប្រកួត​៣​លើកចុងក្រោយ​នា​រដូវ​កាល ២០១៧-១៨ សម្រាប់​ក្របខណ្ឌ​កំពូល​ទាំងបី​កម្រិត​នៅ​អេ​ស្ប៉ា​ញ​។​
 
​អ្នកនាំពាក្យ​របស់ La Liga និយាយថា​សកម្មភាពរ​បស់​ប៉ូលីស​គឺ​ធ្វើ​ទៅតាម​ពាក្យបណ្តឹង​របស់​ស្ថាប័ន​ខ្លួន​ដែល​ធ្វើឡើង​ក្នុងការ​ប្រកួត​តាំងពី​ខែឧសភា ឆ្នាំ​២០១៨​ម្លេះ​។ សម្រាប់​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​រួចហើយ គឺ​រួមមាន​កីឡាករ​ដែល​កំពុង​ប្រកប​អាជីព​សព្វថ្ងៃ និង​កីឡាករ​ចូលនិវត្តន៍ រួមទាំង​ប្រធាន និង​នាយក​ក្លិប​ផងដែរ​។​
 
​មេធាវី​របស់​ក្លិប SD Huesca ដែល​ធ្លាក់​ចេញពី​ក្របខណ្ឌ La Liga រដូវ​កាល​នេះ បញ្ជាក់ថា​មាន​កីឡាករ និង​សមាជិក​ក្រុម​ខ្លួន​មួយចំនួន​ត្រូវ​ឃុំខ្លួន​តាម​ដីកា​របស់​តុលាការ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​
 
​ប៉ូលីស​បាន​ប្រាប់​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ករណី​កំណត់​លទ្ធផល​នេះ​ថា​មកពី​ទីផ្សារ​ភ្នាល់​បាល់​កើនឡើង ដោយ​ក្នុងនោះ​មានការ​ភ្នាល់​លើ​ចំនួន​គ្រាប់​បាល់ និង​ហាងឆេង​ភ្នាល់​ផ្សេងៗ​ទៀត​៕
 

Tag:
 បាល់ទាត់​
  La Liga
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com