អន្តរជាតិ
ប្រមុខ​យោធា​អាមេរិក​៖ លោក ស៊ី ជិន​ភីង ក្បត់​សម្ដី​រឿង​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​
30, May 2019 , 3:48 pm        
រូបភាព
ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត នាយសេនាធិការកងទ័ពអាមេរិក នាជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នាពេលកន្លងមក។
ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត នាយសេនាធិការកងទ័ពអាមេរិក នាជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នាពេលកន្លងមក។
​ប្រមុខ​កងទ័ព​អាមេរិក ចូ​សេ​ហ្វ ដាន់​ហ្វ​ត នៅ​ថ្ងៃទី​២៩ ខែឧសភា បាន​និយាយថា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ក្បត់​សម្ដី​របស់ខ្លួន​ទាក់ទង​សមុទ្រ​ចិន​ខាងត្បូង​។ បើតាម​លោក ដាន់​ហ្វ​ត លោក ស៊ី ធ្លាប់​អះអាងថា នឹងមិន​ធ្វើ​សកម្មភាព​យោ​ធូប​នី​កម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ប៉ុន្តែ​សព្វថ្ងៃ យោធា​ចិន​បែរជា​សាងសង់​មូលដ្ឋានទ័ព បន្ទាយ​ទាហាន​ពាសពេញ​សមុទ្រ​នេះ​ទៅហើយ​។ លោក ដាន់​ហ្វ​ត ចង់​ឲ្យ​មានការ​ចាត់វិធានការ​ដើម្បី​ឲ្យ​ប៉េកាំង​ទទួលខុសត្រូវ​។

 
​ពាក្យសន្យា​ជុំវិញ​ការមិនធ្វើ​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង ត្រូវធ្វើឡើង​រវាង​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក​។ ប៉ុន្តែ​មេដឹកនាំ​ចិន មិនបាន​អនុវត្តតាម​ពាក្យសម្ដី​របស់ខ្លួន​ឡើយ​។​
 
​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​វិទ្យាស្ថាន Brooking ប្រមុខ​កងទ័ព​អាមេរិក​រូបនេះ​បាន​រំឭកថា កាលពី​ឆ្នាំ​២០១៦ លោក ស៊ី បាន​សន្យា​ចំពោះមុខ​លោក អូ​បា​ម៉ា ថា ចិន​នឹងមិន​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ តែ​បើក​ងាក​មក​មើល​ស្ថានភាព​សព្វថ្ងៃ ចិន​សាងសង់​ផ្លូវ​រត់​សម្រាប់​យន្តហោះ​យោធា​តូចធំ ឃ្លាំង​ផ្ទុក​អាវុធ ការ​ចល័ត​មី​ស៊ី​ល​យ៉ាង​ទៀងទាត់ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវអាកាស​ជាច្រើន​ទៀត​។ លោក ដាន់​ហ្វ​ត ចាត់ទុក​សកម្មភាព​បែ​ប​នេះ ជាការ​បំពាន​កិច្ចសន្យា​ច្បាស់ក្រឡែត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេទ័ព​អាមេរិក​រូបនេះ ក៏បាន​ស្នើ​ឲ្យ​មានតែ​ការឆ្លើយតប​ទៅនឹង​ការមិន​គោរព​ពាក្យសម្ដី​បែបនេះ ប៉ុន្តែ​មិនមែនជា​ការឆ្លើយតប​បែប​យោធា​ឡើយ​។ លោក​ចង់ឃើញ​ការអនុវត្ត​ច្បាប់​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា ព្រោះ​បើ​មិនអាច​រក​ច្រកចេញ​តាមផ្លូវ​ច្បាប់​ទេនោះ វា​ប្រៀបដូចជា​ការបង្កើត​ស្តង់ដា​ថ្មី​មួយទៀត​។ ដូចនេះ ដំណោះស្រាយ គឺ​ការធ្វើសកម្មភាព​រួមគ្នា​ប្រឆាំង​អ្នក​បំពាន​ច្បាប់​អន្តរជាតិ ដើម្បី​ជាការ​កំញើញ​អ្នកផ្សេង​។​
 
​តាមពិតទៅ ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ពិតជា​ស្ថិតក្រោម​ស្រមោល​ឥទ្ធិពល​យោធា​ចិន​មែន​។ ចិន​ទាមទារ​ចំណែក​ស្ទើរ​ទាំងស្រុង​នៃ​ដែនទឹក​ដែលជា​ច្រក​ដឹកទំនិញ​មមាញឹក​បំផុត​លើ​ពិភពលោក ខណៈ​រដ្ឋ​ទាមទារ​ផ្សេងទៀត ហាក់​កោតក្រែង​ចិន​យ៉ាងខ្លាំង ដោយ​មិន​ហ៊ាន​ប្រឈមមុខ​ផ្ទាល់​ជាមួយ​ចិន​ប៉ុន្មាន​ឡើយ ពិសេស​ផ្នែក​យោធា​។ ចិន​បាន​ពង្រឹង​មូលដ្ឋាន​យ៉ាងរឹងមាំ​នៅតាម​បណ្ដា​កោះ​នានា​ដោយ​អះអាងថា ជា​ទឹកដី​របស់ខ្លួន​។​
 
​អាមេរិក​ឯណេះ​វិញ បាន​ត្រឹម​យក​សេរីភាព​នាវាចរណ៍​អន្តរជាតិ​ដើម្បី​បញ្ជូន​នាវា​របស់ខ្លួន​ទៅកាន់​ដែនសមុទ្រ​ចិន​ខាងត្បូង ដើម្បី​សង្កត់​ចិន​កុំ​ឲ្យ​អុង​អាត់​ពេក ប៉ុន្តែ​មិនអាច​រារាំង​ចិន​បានឡើយ​។ ជុំវិញ​ការធ្វើ​យោ​ធូប​នីយកម្ម​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ដាន់​ហ្វ​ត លើកឡើងថា សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហាក់​ថមថយ ដែល​នេះ​ទំនង​បណ្ដា​លពី​ការសាងសង់​ជំរំ​បន្ទាយ​នានា ឈានដល់​ដំណាក់កាល​ចុងក្រោយ​ដែល​អាច​ប្រើប្រាស់​តាម​គោលដៅ​របស់ខ្លួន​៕
 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
  ស៊ី ជិន​ភីង​
  ចូ​សេ​ហ្វ ដាន់​ហ្វ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com