ជាតិ
ក្រសួងមហាផ្ទៃ ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា កម្ពុជា​នាំ​គ្រឿងញៀន​ចូល​ប្រទេស​ហ្វីលីពីន​
30, May 2019 , 8:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ
​ភ្នំពេញ​៖ កម្ពុជា មិនមែនជា​ប្រទេស​ចែកចាយ​គ្រឿងញៀន​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដែល​បាន​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន Benar News ពី​រឿង​ករណី​ចាប់បាន​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​សង្ស័យ​នាំចេញ​ពី​កម្ពុជា​។​

 
​សារព័ត៌មាន Benar News នេះ បាន​ចុះផ្សាយ​កាលពី​សប្ដាហ៍​មុន​ថា អាជ្ញាធរ​ហ្វីលីពីន បាន​ចាប់​គ្រឿងញៀន​១៤៦​គីឡូក្រាម ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​១៩,១​លាន​ដុល្លារ​អាមេរិក​។ សារព័ត៌មាន​ដដែល​នេះ បាន​ស្រង់​សម្តី​សមត្ថកិច្ច​ហ្វីលីពីន​ថា គ្រឿងញៀន​ដែល​អាជ្ញាធរ​ចាប់បាន​នេះ គឺមាន​ប្រភព​នាំ​ចេញពី​កម្ពុជា ដោយ​អាជ្ញាធរ​ហ្វីលីពីន បាន​ប្រតិបត្តិ​ការតាមដាន​អស់​រយៈពេល​៣​ខែ​មកហើយ​។​
 
​តែ​យ៉ាងណា​ក្រសួងមហាផ្ទៃ​កម្ពុជា ច្រានចោល​ព័ត៌មាន​ខាងលើនេះ​។ លោក ខៀវ សុភ័គ បាន​សង្កត់ធ្ងន់ថា កម្ពុជា មិនមែនជា​ប្រទេស​ចែកចាយ​គ្រឿងញៀន​នោះទេ ហើយ​កម្ពុជា​គឺ​ប្រទេស​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ដែរ ។ ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បញ្ជាក់ថា កម្ពុជា​រងចាំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ហ្វីលីពីន​ជានិច្ច ដើម្បី​ស៊ើបអង្កេត​លើ​ករណី​គ្រឿងញៀន​ខុសច្បាប់ នាំចូល​ប្រទេស​ហ្វីលីពីន​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​រីករាយ​នឹង​ផ្ដល់​កិច្ចសហប្រតិបត្តិការ ហើយ​(​ប្រភព​គ្រឿ​ញៀន​)​ចេញពី​ណា​មក សូម​(​ហ្វីលីពីន​) ផ្ដល់ព័ត៌មាន​មក ។ ធម្មតា​យើង​គ្រាន់តែ​ដឹងថា ប្រទេស​របស់​យើង​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ដូច​តែ​គ្នា​អ៊ីចឹង គឺជា​ប្រទេស​ដែល​គេ​នាំ​គ្រឿងញៀន​ឆ្លងកាត់​ផង ជា​ប្រទេស​ប្រើប្រាស់​ផង និង​ជា​ប្រទេស​ដែល​ត្រូវបាន​គេ​ចែក​ចាញ​ផង ហើយ​យើង​គឺ​មិនមែនជា​អ្នក​ផលិត​ទេ​»​។​
 
​បន្ថែម​ពីនេះ​លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា គ្រឿងញៀន​ភាគច្រើន​អាច​ចេញពី​តំបន់ត្រីកោណ ដែល​ឆ្លងកាត់​ពី​ប្រទេស​ឡាវ ហើយ​នាំ​ចូលមក​កម្ពុជា មុននឹង​នាំចេញ​ទៅកាន់​ប្រទេស​ទី​៣ ដូចជា​វៀតណាម ថៃ ឬ​ហ្វីលីពីន​នេះ​។ «​បញ្ហា​គ្រឿងញៀន​នេះ មិនមែនជា​បញ្ហា​របស់​ហ្វីលីពីន ឬ​កម្ពុជា​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​សកល ហើយ​យើង​រីករាយ​បើ​(​ហ្វីលីពីន​)​មាន​ព័ត៌មាន​ដើម្បី​សហការគ្នា ស្វែងរក​ឬ​សគល់​យ៉ាងណា »​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សុភ័គ​។​
 
​កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ប្រឹង​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន ជាពិសេស​តំបន់​ដែល​ចែក​គ្រឿងញៀន​ខ្លាំង​នោះ គឺ​ចេញពី​តំបន់ត្រីកោណមាស នៃ​ច្រក​ប្រទេស​ឡាវ មក​កម្ពុជា​តែម្ដង​។ 
 
​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បង្ក្រាប​គ្រឿងញៀន​នៅ​ទូទាំងប្រទេស បាន​ជាង​៨​ពាន់​ករណី​(៨.០១៨​ករណី​) រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម និង​កញ្ចប់​កញ្ឆា​ក្រៀម​៣៧០ ដែល​ស្មើ​៧៤​គីឡូក្រាម និង​កម្ទេច​កញ្ឆា​១៦៤,៩២៥​ដើម​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​១៦.២៣២​នាក់​(​ស្រី​១.៣៤៣​នាក់​)​ក្នុងនោះ​មាន​ជនបរទេស​៣១០​នាក់ ត្រូវ​នឹង​២៤​សញ្ជាតិ​៕

Tag:
 ខៀវ សុភ័គ​
  មហាផ្ទៃ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com