អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូ​ទើ​តេ​៖ ខ្ញុំ​ស្រលាញ់​ចិន ក៏ប៉ុន្តែ​ការទាមទារ​មហាសមុទ្រ​មួយ​តែឯង​ជា​រឿង​មិន​សម​ហេតុផល​ឡើយ​
02, Jun 2019 , 8:39 pm        
រូបភាព
ដោយ:
 ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​សម្តែង​ការមិន​ពេញចិត្ត​ជាមួយនឹង​រដ្ឋាភិបាល​ចិន​ដែល​នៅតែ​មិនទាន់​អាច​ធានាបាន​ពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។  លោក បាន​អះអាងថា បើ​បញ្ហា​នៅតែ​ទុក​មិន​ព​ន្លឿ​ន​ដោះស្រាយ នោះ​វា​អាច​ក្លាយជា​ចំណុច​កាន់តែ​ក្តៅ និង​រសើប​។ យ៉ាងណាមិញ​លោក​បន្ត​ចាត់ទុក ចិន​ជា​ដៃគូ​ល្អ ប៉ុន្តែ​ខ្លួន​ក៏​មិនអាច​ទទួលយក​បានឡើយ​លើ​ជំហ​ចង់​គ្រប់គ្រង​សមុទ្រ​មួយ​តែម្នាក់ឯង​នោះ​។

 
​ពី​ក្រុង​តូ​ក្យូ​ក្នុង​សន្និសីទ​អនាគត​អាស៊ី​ប្រចាំ​២០១៩ នៅ​ថ្ងៃ​៣១ ឧសភា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ហាក់​បង្ហាញ​អារម្មណ៍​ខកចិត្ត​ជាមួយនឹង​ចិន ជុំវិញ​ដំណើរ​ការចរចា​ធ្វើ​ក្រម​សមុទ្រ​ចិន​ខាងត្បូង ដែល​ភាគី​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ជា​សមាជិក​របស់​អាស៊ាន​ផងដែរ​នោះ ចង់បាន​ដើម្បី​ជា​យន្តការ​សម្រាប់​ដោះស្រាយ​វិវាទ និង​កំណត់ព្រំដែន​សម្រាប់​គ្រប់គ្រង​។ 
​តាម​ការចុះផ្សាយ​កាសែត Asia Nikkei Review លោក ឌូ​ទើ​តេ បាន​ថ្លែងថា លោក​ពិតជា​ស្រលាញ់​ចិន ដ្បិត​ចិន ពិតជា​បាន​ជួយ​ដល់​ហ្វីលីពីន ក៏ប៉ុន្តែ លោក​បាន​ចោទ​ជា​សំណួរ​ដោយ​ប្រយោល​យ៉ាង​ដូច្នេះ​ថា​៖«​តើ​វា គឺជា​រឿង​ត្រឹមត្រូវ​ឬទេ ដែល​ប្រទេសមួយ​ទាមទារ​មហាសមុទ្រ​មួយ​ទាំងមូល​តែម្នាក់ឯង​បែបនេះ​នោះ​?»
 
​ប្រមុខ​ដឹកនាំ​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះហើយ ក៏​បន្តទៀតថា លោក ពិតជា​មិន​សប្បាយ ក៏ប៉ុន្តែ ក៏​មិន​ខឹង​ដែរ ដ្បិត លោក អះអាងថា លោក ក៏​មិន​អាចធ្វើ​អ្វី​បាន​លើសពី​នេះឡើយ​។ លោក រំពឹងថា ភាគី​ចិន នឹង​អាច​សម្រេចបាន​ក្រម​ប្រតិបត្តិ​មួយ​នាពេលខាងមុខ ហើយ​ក្រម​ប្រតិបត្តិ​នោះ ក៏​នឹង​ទទួល​ដឹងលឺ​ពី​អាមេរិក​ផង ដើម្បី​បញ្ជៀ​ស​ការបន្ត​ប្រឈមមុខគ្នា​នៅក្នុង​តំបន់​មាន​វិវាទ​។ 
​ក្នុង​ទឹក​ជប៉ុន ដែលជា​ប្រទេស​មាន​ជម្លោះ​ជាមួយនឹង​ចិន​លើ​បញ្ហា​អធិបតេយ្យ​គ្រប់គ្រង​ដែនសមុទ្រ​ផងដែរ​នោះ ប្រមុខ​ដឹកនាំ​កំពូល​ហ្វីលីពីន​រូបនេះ នៅតែ​ចង់​ប្រើប្រាស់​យន្តការ​ជជែក និង​ចរចា​ជាមួយនឹង​ចិន​។ លោក សង្កត់ធ្ងន់ថា​៖« យើង គឺជា​មិត្ត​របស់​ចិន ហើយ ខ្ញុំ ក៏​មិន​ចង់​ប្រើប្រាស់​ពាក្យពេជន៍​ចុងក្រោយ​ណាមួយ​ទៅកាន់​ចិន​ដែរ​។ ប៉ុន្តែ​បើ​ខ្ញុំ មានឱកាស​ទស្សនកិច្ច​ប៉េកាំង​ម្តងទៀត ខ្ញុំ នឹង​ព្យាយាម​ជជែក​ជាមួយនឹង​ប្រធានាធិបតី ស៊ី ជិន​ភីង​»​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​មាន​វិវាទ ដែល​រដ្ឋ​ពាក់ព័ន្ធ​ដូច ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន​បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​ជម្លោះ ដោយយោង​តាម​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយ​ច្បាប់​អន្តរជាតិ​មក​សំអាង​។​
 
​ភាគី​អាស៊ាន និង​ចិន បាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើត​ក្រប​ប្រតិបត្តិ​មួយ​ដើម្បី​ជា​យន្តការ​ផ្នែក​ច្បាប់ ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ដល់​ភាគី​ពាក់ព័ន្ធ​សម្រាប់​អនុវត្ត និង​សម្រាប់​គ្រប់គ្រង​សកម្មភាព​នានា​នៅក្នុង​តំបន់​ជម្លោះ​។ ក៏ប៉ុន្តែ​មកទល់ពេលនេះ ភាគី​ពាក់ព័ន្ធ​អាស៊ាន​មួយចំនួន នៅតែ​បន្ត​ត្អូញត្អែរ​ពី​ការ​មិនសូវ​ទៅមុខ​នៃ​ក្រម​នេះ និង​រំពឹង​ឲ្យ​ក្រម​មួយ​នេះ អាច​សម្រេច​បានជា​ផ្លូវការ​ទៀតផង​៕  

Tag:
 ចិន​
  ជប៉ុន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com