អន្តរជាតិ
ខួប​ទី​៣០​ការបង្ក្រាប​នៅ​ធាន​អាន​មិន តៃវ៉ាន់ ចង់ឃើញ​ប៉េកាំង​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ដូច​ខ្លួន​ដែរ​
03, Jun 2019 , 10:39 pm        
រូបភាព
ការធ្វើបាតុកម្មនៅទីលានធានអានមិននៅឆ្នាំ១៩៨៩ ។ រូបភាព AFP
ការធ្វើបាតុកម្មនៅទីលានធានអានមិននៅឆ្នាំ១៩៨៩ ។ រូបភាព AFP
​ថ្ងៃទី​៤ ខែមិថុនា​ស្អែក​នេះ ជា​ខួប​ទី​៣០​នៃ​ការបង្ក្រាប​បាតុកម្ម​សិស្ស​និស្សិត​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ធាន​អាន​មិន​ពី​សំណាក់​រដ្ឋាភិបាល​ចិន​។ ទីក្រុង​ប៉េកាំង បាន​ព្យាយាម​លុបចោល​ការបង្ក្រាប​ដ៏​ឃោរឃៅ​ពី​ទំព័រ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ កោះ​តៃវ៉ាន់​ឯណោះ​វិញ បែរជាយក​ខួប​ទី​៣០​នេះ​ទៅប្រាប់​ចិនដីគោក​ឲ្យ​ទទួលស្គាល់​កំហុស​របស់​ខ្លួន និង​ងាក​ទៅ​ជំរុញ​កំណែទម្រង់​តាមបែប​ប្រជាធិបតេយ្យ​តាម​ការចង់បាន​របស់​បាតុករ​កាលពី​៣០​ឆ្នាំមុន​។​

 
​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩ យោធា​ចិន​ក្រោម​បញ្ជា​ផ្ទាល់​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត បើក​ការបង្ក្រាប​ហិង្សា​លើ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ដឹកនាំ​សិស្ស​និស្សិត​។ ទិន្នន័យ​ពី​អង្គការសិទ្ធិមនុស្ស​បង្ហា​ញ​ថា មនុស្ស​ខ្ទង់ពាន់​នាក់​ឯណោះ បាន​ស្លាប់​ដោយសារ​សកម្មភាព​យោធា​ចិន ប៉ុន្តែ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​មិនដែល​បញ្ចេញ​ទិន្នន័យ​ពី​ជនរងគ្រោះ​អ្វី​ឡើយ​។ ព្រឹ​ត្ត​ការណ៍​ទាំងឡាយ​ពាក់ព័ន្ធ​ហេតុការណ៍​នេះ ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​បំផុត​។​
 
​ព្រឹ​ត្ត​ការណ៍ ជា​រឿង​រសើប​នៅ​ប៉េកាំង តែ​នៅ​ទឹកដី​តៃវ៉ាន់​ឯណោះ​វិញ វា​ជា​អាវុធ​ដែល​ទីក្រុង​តៃប៉ិ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​របៀប​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​។ ក្រុមប្រឹក្សា​កិច្ចការ​ដែន​គោក​របស់​តៃវ៉ាន់​ដែល​ទទួលបន្ទុក​ការងារ​ជាមួយ​ប៉េកាំង បាន​ទទូច​ឲ្យ​អាជ្ញាធរ​ចិន​ដឹង​កំហុស​របស់ខ្លួន​ទាក់ទិន​ព្រឹ​ត្ត​ការណ៍​ថ្ងៃទី​៤ មិថុនា ហើយ​ជំរុញ​ឲ្យ​បាន​សកម្មភាព​កំណែទម្រង់​ប្រជាធិបតេយ្យ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​យើង​ដាស់តឿន​អាជ្ញាធរ​ចិន​ឲ្យ​ប្រឈមមុខ​កំហុស​ប្រវត្តិសាស្ត្រ​របស់ខ្លួន ហើយ​សុំទោស​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​ដដែល​មុន​បន្តថា ទីក្រុង​ប៉េកាំង​បាន​និយាយ​កុហក​ដើម្បី​បិទបាំង​ព្រឹ​ត្ត​ការណ៍​ឆ្នាំ​១៩៨៩ រហូតមក ហើយ​និយាយ​ក្រឡាស់​ការពិត​ទៀតផង​។ 
 
​បន្ទាប់ពី​ការបង្ក្រាប​ការធ្វើ​បាតុកម្ម​កណ្ដាលរ​ដ្ឋ​ធានី​ប៉េកាំង​រួចមក បក្ស​កុម្មុយនីស្ត​ចិន​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​រាល់​ចលនា​ទាមទារ​ប្រជាធិបតេយ្យ ឬ​ការគោរព​សិទ្ធិមនុស្ស​អ្វី​នោះ​។ ស្របគ្នា​នឹង​ការទាមទារ​ឲ្យ​ចិន​សុំទោស តៃវ៉ាន់ ក៏​ស្នើ​ឲ្យ​ចិន​បើកចំហ​ប្រជាធិបតេយ្យ ហើយ​ថា ខ្លួន​ត្រៀម​ជួយ​ផងដែរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​បញ្ជាក់ថា តៃវ៉ាន់​នឹង​គាំទ្រ​ចិន​ក្នុង​ដំណើរ​ទៅកាន់​ប្រជាធិបតេយ្យ​តាម​គ្រប់​រូបភាព​។​
 
​រឿង​ការបង្ក្រាប​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ បាន​និយាយថា ជា​រឿង​ត្រឹមត្រូវ​។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​នេះ​ដែល​ធ្វើឡើង​នា​វេទិកា​កិច្ចសន្ទនា Shangri-La កាលពី​ថ្ងៃទី​២ ខែមិថុនា គឺជា​លើក​រឿង​កម្រ ដ្បិត​មន្ត្រី​ចិន​មិន​ថា​តូច​មិន​ថា​ធំ​ឡើយ តែង​ចៀសវាង​មិនសូវ​និយាយ​អ្វី​ពី​រឿងនេះ​ឡើយ​។ លោក វៃ ហ្វឹ​ង​ហឺ និយាយ​ការពារ​ចំណាត់ការ​ខ្លួន​ថា ក្រោយ​ការបង្ក្រាប​នៅ​ធាន​អាន​មិន ចិន​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​រហ័ស​៕    
 

Tag:
 ចិន​
  តៃវ៉ាន់​
  ធាន​អាន​មិន
© រក្សាសិទ្ធិដោយ thmeythmey.com