អន្តរជាតិ
អាមេរិក​ប្រកាស​បន្ត​ស្វាគមន៍​និស្សិត​ចិន ក្រោយ​ប៉េកាំង​ចេញ​សារ​ព្រមាន​
04, Jun 2019 , 10:56 am        
រូបភាព
និស្សិតចិនសិក្សានៅអាមេរិក។ រូបភាព AFP
និស្សិតចិនសិក្សានៅអាមេរិក។ រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៣ ខែមិថុនា បានប្រកាស​ស្វាគមន៍​និស្សិត​ចិន​ដែល​ចង់​បន្ត​ការសិក្សា​ដោយ​ស្របច្បាប់​នៅ​ទឹកដី​អាមេរិក​។ ការប្រកាស​របស់​អាមេរិក ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​ចេញ​សារ​ព្រមាន​ជនជាតិ​ខ្លួន​ពី​ហានិភ័យ​ក្នុង​ការសុំ​ទិដ្ឋាការ​ទៅកាន់​ទឹកដី​អាមេរិក ស្របពេល​ដែល​មហា​យក្ស​ទាំងពីរ​កំពុង​ប្រឈមមុខគ្នា​ក្នុង​សមរភូមិ​ពាណិជ្ជកម្ម​។ ការចំណាយ​ថ្លៃ​សិក្សា​របស់​សិស្ស​និស្សិត​ចិន ជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​អាមេរិក​។​

 
​ជម្លោះ​ពាណិជ្ជកម្ម និង​ការបារម្ភ​ពី​ការ​លួច​យក​ព័ត៌មាន បាន​ក្លាយជា​បញ្ហា​រាំងស្ទះ​សម្រាប់​ជនជាតិ​ចិន​ក្នុងការ​ទទួលបាន​ទិដ្ឋាការ​ចូល​ទឹកដី​អាមេរិក​ដើម្បី​បន្ត​ការសិក្សា​របស់ខ្លួន​។ ក្រសួង​អប់រំ​ចិន​នៅ​ថ្ងៃទី​៣ ខែមិថុនា បានចេញ​សារ​ព្រមាន​សិស្ស​និស្សិត​របស់ខ្លួន​ដែល​ចង់ទៅ​រៀនសូត្រ​នៅ​អាមេរិក​ឲ្យ​ប្រុងប្រយ័ត្ន និង​ត្រូវ​គិតគូរ​ពី​ហានិភ័យ​ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​អាច​នឹងមិន​ទទួលបាន​ទិដ្ឋាការ ឬក៏​ត្រូវ​ពន្យារពេល​ទទួល​ជាដើម​។ 
 
​ទូរទស្សន៍​រដ្ឋ​ចិន CCTV ផ្សាយ​ថា និស្សិត​ចិន​ដែល​អាចធ្វើ​ដំណើរ​ទៅកាន់​អាមេរិក​ហើយ​នោះ ប្រឈមមុខ​បញ្ហា​ដូចជា​សុពលភាព​ទិដ្ឋាការ​មានកំណត់ ហើយ​អ្នកខ្លះ​បែរជា​មិនអាច​ទទួលបាន​ទិដ្ឋាការ​ផង​។ ការណ៍​នេះ បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​និស្សិត​ចិន​ដែល​ចង់ទៅ​ការសិក្សា​នៅ​អាមេរិក ឬ​បញ្ចប់​ការសិក្សា​របស់ខ្លួន​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​វិញ អះអាងថា អាមេរិក​បាន​បង្កើត​ឧបសគ្គ​ដែល​មិនចាំបាច់​រាំងស្ទះ​ដល់​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​។​
 
​ជុំវិញ​បញ្ហា​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក​ពន្យល់ថា ខ្លួន​បាន​បង្កើន​ការត្រួតពិនិត្យ​សំណើសុំ​ទិដ្ឋាការ បន្ទាប់ពី​រកឃើញ​ពី​ការកើនឡើង​ករណី​ក្រុម​ចារកម្ម​សម្ងាត់​បរទេស​ប្រើប្រាស់​សិស្ស​និស្សិត​ជនជាតិ​ខ្លួន​ឲ្យ​ប្រមូល​ព័ត៌មាន​ពេល​កំពុង​សិក្សា​នៅ​ទឹកដី​អាមេរិក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយថា ទោះជា​យ៉ាងណា អាមេរិក​នៅតែ​បន្ត​ផ្ដល់​សេវាកម្ម​ខ្ពស់បំផុត​ទៅកាន់​អ្នកធ្វើដំណើរ​ដែល​ស្របច្បាប់ ដូចនេះ​ពួកគេ​អាច​ដឹង​ពី​ដំណើរ​ការសុំ​ទិដ្ឋាការ​របស់ខ្លួន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ដដែល​ក៏​ប្រកាស​ស្វាគមន៍​សិស្ស​និស្សិត និង​បញ្ញវន្ត​ចិន​ដែល​ធ្វើ​សកម្មភាព​ស្របច្បាប់​នៅ​ទឹកដី​អាមេរិក ខណៈ​ពួកគេ​ក៏​ទទួលបាន​ទិដ្ឋាការ​៥​ឆ្នាំ​សឹង​គ្រប់គ្នា​ទៅហើយ​ដែរ​។ 
 
​តាមពិតទៅ ការ​រឹតត្បិត​ការផ្ដល់​ទិដ្ឋាការ​ឲ្យ​ជនជាតិ​ចិន គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទប់ស្កាត់​ការ​លួច​យក​ព័ត៌មាន​។ នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក Christopher Wray ធ្លាប់​និយាយ​កាលពី​ខែមេសា ថា ទីក្រុង​ប៉េកាំង​បាន​ប្រើប្រាស់​និស្សិត​ដែល​បញ្ចប់​ការសិក្សា និង​អ្នកស្រាវជ្រាវ​របស់ខ្លួន​ឲ្យ​ធ្វើ​សកម្មភាព​ស៊ើបការណ៍​ពី​អាមេរិក ហើយ​ពេលខ្លះ​ក៏​លួច​យ​កប​ច្ចក​វិទ្យា​របស់​អាមេរិក​ទៅប្រើ​នៅ​ចិន​ទៀតផង​។ 

យ៉ាងណាមិញ ចំណាត់ការ​លើ​និស្សិត​ចិន​ក៏​អាចធ្វើ​ឲ្យ​អាមេរិក​ផ្ទាល់​រង​ការខូចខាត​ដែរ​។ សព្វថ្ងៃ សិស្ស​និស្សិត​ចិន គឺជា​ប្រភព​និស្សិត​បរទេស​ធំជាងគេ​របស់​អាមេរិក​។ កាលពី​ឆ្នាំ​២០១៨ និស្សិត​ចិន​ប្រមាណ​៣០​ម៉ឺន​នាក់​រៀន​នៅ​សាលា​នានា​របស់​អាមេរិក ហើយ​ភាគច្រើន​បាន​សិក្សា​ដោយ​បង់​ពេញ​ថ្លៃ​តែម្ដង​។ កាលពី​ឆ្នាំ​២០១៧ ការចំណាយ​ថ្លៃ​សិក្សា​របស់​និស្សិត​ចិន​បាន​ចាក់​បញ្ចូល​លុយ​ចំនួន​១៤​ពាន់​លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ច​អាមេរិក ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ​៕   

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com