ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
លោក ខៀវ កាញារីទ្ធ​៖«​អ្នកកាសែត​បរទេស នឹង​ឃើញ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​»
04, Jun 2019 , 9:21 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថ្ងៃទី ៤ មិថុនា ២០១៩
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថ្ងៃទី ៤ មិថុនា ២០១៩
ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​យល់ព្រម​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​អន​ឡាន​ថ្មីៗ ដើម្បី​ពន្យល់​អំពី​សារប្រយោជន៍​នៃ​ការរៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​សប្តាហ៍​ក្រោយនេះ​។ នៅក្នុង​បទ​សម្ភា លោក​រដ្ឋមន្ត្រី​ប្រាប់​ឲ្យ​ដឹងថា វេទិកា​អ្នកជំនាញ​សារព័ត៌​មាននៅ​សៀមរាប​នោះ នឹង​ក្លាយជា​សាលារៀន​ដ៏​ធំ​មួយ​សម្រាប់​អ្នកសារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​កម្ពុជា ព្រមទាំង​ជា​ឱកាស​ដែល​កម្ពុជា​នឹង​បង្ហាញ​អំពី​ប្រវត្តិ​នៃ​សង្គ្រាមស៊ីវិល ការប្រឹងប្រែង​រស់​ឡើងវិញ និង​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ផង​។

 
ខាងក្រោម​នេះ​គឺជា​បទ​សម្ភាស​លម្អិតរ​បស់រ​វាង​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​សារព័ត៌មាន​ថ្មីៗ និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖
 
លោក លាង ដឺ​លុច​៖ ពីថ្ងៃ​ទី​១០ ដល់ ថ្ងៃទី​១៤​ខែមិថុនា​នេះ កម្ពុជា តាមរយៈ​ក្រសួង​ព័ត៌មាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខេត្តសៀមរាប​។ នោះ​ជា​សន្និសីទ​ថ្នាក់​អន្តរជាតិ ដែល​នឹង​ប្រមូលផ្តុំ​អ្នកកាសែត​មាន​ពិសោធន៍ អ្នកដឹកនាំ​ក្រុមហ៊ុន​សារព័ត៌មាន អ្នកស្រាវជ្រាវ និង​អ្នកធ្វើ​គោលនយោបាយ​ផងដែរ​។ លោក​រដ្ឋមន្ត្រី តើ​អ្វី​ទៅជា​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​?
 
 លោក ខៀវ កាញារីទ្ធ​៖ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នេះ ត្រូវ​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី ប៉ាស៊ីហ្វិក​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Asia-Pacific Institute for Broadcasting Development)​។ ជា​សន្និសីទ​ក្នុង​វិស័យ​សារព័ត៌មាន​មែន តែ​មិនមែន​យើង​អញ្ជើញ​អ្នកកាសែត​ធម្មតា​ចូលរួម​នោះទេ​។ យើង​អញ្ជើញ​ចាងហ្វាង​កាសែត អ្នកធ្វើ​គោលនយោបាយ​សារព័ត៌មាន អ្នកទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​អ្នកស្រាវជ្រាវ ជាដើម​។ យើង​នឹង​ពិភាក្សា​លើ​បញ្ហា​ដែល​សារព័ត៌មាន​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន​ដូចជា ព័ត៌មាន​ក្លែងបន្លំ តួនាទី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បញ្ហា​ធំ​មួយទៀត គឺ​ការរកចំណូល​របស់​ស្ថាប័ន​ព័ត៌មាន ដោយ​ប្រជែង​ជាមួយ​បណ្តាញ​សង្គម​។​


 
​មិនមែន​តែ​កម្ពុជា​នោះទេ បញ្ហា​បាត់​ចំណូល​នេះ​របស់​ក្រុមហ៊ុន​សារព័ត៌​មានបាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​ក្រុមហ៊ុន​លក់​ផលិតផល​បាន​ត្រឡប់​ទៅ​ផ្សាយ​តាម​បណ្តាញ​សង្គម​។​
 
លោក លាង ដឺ​លុច​៖ ដូច្នេះ តើ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នឹង​ផ្តល់​គុណប្រយោជន៍​អ្វីខ្លះ​ដល់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​?
 
 លោក ខៀវ កាញារីទ្ធ​៖ ទីមួយ វា​នឹងធ្វើ​ឲ្យ​អ្នកសារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​របស់​យើង​កាន់តែ​យល់បាន​អំពី​ទំនោរ​ដែលមាន​ជាទូទៅ​នៅលើ​ពិភពលោក និង​ទី​ពីរ គឺ​ការដកស្រង់​ពិសោធន៍​ជាច្រើន​នៅក្នុង​ការងារ​រៀបចំ​សន្និសីទ​នេះ​។ 
 
​លោក លាង ដឺ​លុច​៖ វេទិកា​សារព័ត៌មាន​អាស៊ី​នេះ នឹងត្រូវ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ ការធ្វើ​សារព័ត៌មាន​ឱ្យទៅជា​ឌីជីថល និង​ការ​ផ្តោតទៅលើ​ការវិវឌ្ឍ​ផ្នែក​ទីផ្សារ​សារព័ត៌មាន តើ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ឬ​នៅ​នៅក្នុង​វិស័យ​ទាំងពីរ​?
 លោក ខៀវ កាញារីទ្ធ​៖ សារព័ត៌មាន​របស់​យើង​កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​។ ខ្ញុំ​ឃើញ​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​បាន​រស់​ដែរ តែរ​ស់ទាំង​ត្រដរ​។ យើង​មិន​ចង់រ​ស់ទាំង​ត្រដរ​អ៊ីចឹង​ទេ យើង​ចង់​រស់​ដោយ​ត្រឹមត្រូវ​។ ដូច្នេះ​ការដែល​យើង​ដក​ពិសោធន៍​ពី​គេ គឺជា​ការសំខាន់​។ 
 
​លោក លាង ដឺ​លុច​៖ មាន​កិច្ចពិភាក្សា​ចំនួន​៨ ដែល​ត្រូវបាន​គ្រោងទុក​ដោយមាន​ប្រធានបទ​ផ្សេងៗ​គ្នា ដែល​ទាក់ទង​នឹង​ការ ធ្វើ​សមាហរណកម្ម​វិស័យ​សារព័ត៌មាន​ទៅក្នុង​វិស័យ​ឌីជីថល ការស្វែងរក​ចំណូល​នៅ​ក្នុងសម័យ​ឧស្សាហកម្ម​សារព័ត៌មាន​បែប​ថ្មី​ជាដើម​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ដើម្បី​ធ្វើ​ការងារ​ខាងលើនេះ វា​ទាក់ទង​ថា តើ​យើង​អាច​សម្រប​ខ្លួន​បាន​ប៉ុណ្ណា​ទៅនឹង​បដិវត្ត​ឌីជីថល​? នេះ​ជា​ប្រធានបទ​ដែលមាន​លោក​ជា​វាគ្មិន​តែម្តង​។ តើ​លោក​បាន​ត្រៀម​គំនិត​អ្វីខ្លះ​សម្រាប់​ការចែករំលែក​?
 
 លោក ខៀវ កាញារីទ្ធ​៖ ខ្ញុំ​បាន​ត្រៀម​ចំណុច​នេះហើយ​។ សព្វថ្ងៃ យើង​រត់តាម​ទីផ្សារ តែ​យើង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ទីផ្សារ​នោះ​បង្កើត​តម្រូវការ​នៅក្នុង​ទីផ្សារ​នេះ​ថែមទៀត​។ ទើប​យើង​អាចរ​ស់បាន​។ ឧទាហរណ៍ បើ​គេ​ទៅខាង​ឆ្វេង​ហើយ យើង​ទាញ​មក​ស្តាំ​មិនបាន​មែន ដូច្នេះ​តើ​យើង​ត្រូវដាក់​ផលប្រយោជន៍​មួយ​នៅ​ខាងឆ្វេង​នៅខាងមុខ​នោះបានទេ​?
 
​លោក លាង ដឺ​លុច​៖ តើ​លោក​អាច​ផ្តល់​ឧទាហរណ៍​ច្បាស់​ជាង​នេះ​បានទេ​?
 
​លោក ខៀវ កាញារីទ្ធ​៖ នៅ​បរទេស គេ​ចំណាយ​ថវិកា​រាប់រយ​លាន​ដុល្លារ ដើម្បី​ធ្វើដំណើរ​ទៅរក​វិស័យ​ឌីជីថល​។ គេ​បង្កើត​ភាពយន្ត គេ​រៀបចំ​ការប្រគំ​តន្ត្រី​ធំ​។ យើង​មិន​អាចធ្វើ​ដូច្នោះ​បានទេ​។ តែ​យើង​អា​ចរក​ព័ត៌មាន​ក្តៅ ប្រចាំថ្ងៃ​នៅក្នុង​សហគមន៍  យើង​យក​ព័ត៌មាន​ផ្ទាល់​។ គេ​ត្រូវការ​អ្វី​នៅក្នុង​សហគមន៍ យើង​ជួយ​រក​ឱ្យគេ​។ យើង​យក​សាធារណជន ធ្វើជា​តួអង្គ​នៅក្នុង​សាច់រឿង​យើង​។ 

​លោក លាង ដឺ​លុច​៖ លោក​រដ្ឋមន្ត្រី បើតាម​ការសង្កេត​រប​ស់លោក តើ​អ្នកកាសែត​កម្ពុជា​ដើរ​ទាន់​កម្រិត​បច្ចេកវិទ្យា​ថ្មី ឬ​ឌីជីថល​នេះដែរ​ឬទេ​?
 
​លោក ខៀវ កាញារីទ្ធ​៖ និយាយ​រួម កម្ពុជា​យើង​រត់​ទាន់​បច្ចេកវិទ្យា​ឌីជីថល ផ្នែក​ខួរក្បាល តើ​យើង​មិនអាច​រត់​ទាន់​ផ្នែក​សម្ភារៈ​ឡើយ​។ ទាក់ទង​នឹង​ទូរទស្សន៍ ឥឡូវ​គេ​នៅ​ប្រើ 4K​។ បើសិនជា​បច្ចេកវិទ្យា​ឡើងទៅ​លើ​ទៀត ទូរទស្សន៍​យើង​មួយចំនួន​មិនអាច​ទិញ​សម្ភារ​បាន​គ្រប់គ្រាន់​ឡើយ​។​
 
 លោក លាង ដឺ​លុច​៖ ដោយសារតែ​បច្ចេកវិទ្យា​ដើរ​លឿន​ពេក អ្នកទទួល​ព័ត៌មាន​បាន​ផ្លាស់ប្តូរ​របៀប​ទទួល​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​អ្នកកាសែត​ត្រូវ​សរសរ​ខ្លី ហើយ​មាន​អ្នកខ្លះ​ត្រូវបាន​បំប៉ោង​ព័ត៌មាន​តាមរយៈ​ចំណងជើង និង​រូបថត​ទៀតផង​។ លោក​រដ្ឋមន្ត្រី លោក​ជា​អ្នកជំនាញ​ក្នុង​វិស័យ សារព័ត៌មាន​មួយរូប តើ​លោក​បារម្ភ​ពី​គុណភាព​ព័ត៌មាន​ដែល​អាច​ធ្លាក់ចុះ​ដែរឬទេ​?
 លោក ខៀវ កាញារីទ្ធ​៖ ខ្ញុំ​បារម្ភ​។ ខ្ញុំ​តែង​និយាយ​ហើយ​ថា យុវជន​បាត់​គំនិត​គិត​។ យើង​មានចំណេះដឹង ចំណេះធ្វើ និង​ចំណេះ​គិត​។ ដោយសារ​ពេលវេលា​កាន់​រត់លឿន ហើយ​មនុស្ស​រត់តាម​ពេលវេលា ធ្វើឱ្យ​ម្នាក់ៗ​ស្វែងរក​ចំណេះវិជ្ជា​តាមផ្លូវ​កាត់​។ ពួកគេ​គិតថា ពួកគេ​ចេះតែ​ពាក្យ​ប៉ុន្មាន​ម៉ា​ត់ទៅ ពួកគេ​គិតថា គ្រប់គ្រាន់​។ ពួកគេ​គិតថា គ្រាន់តែ​មើល​ចំណងជើង​អត្ថបទ គឺ​គ្រប់គ្រាន់​។ ទោះ​យ៉ាងនេះ​ក្តី ខ្ញុំ​គិតថា អ្នកកាសែត​ត្រូវតែ​បង្កើន​គុណភាព​ដដែល​។ បានន័យថា អត្ថបទ​វិភាគ​គ្រប់​ជ្រុងជ្រោយ ត្រូវតែ​បន្ត​មាន សម្រាប់​អតិថិជន​មួយក្រុម​ណា​នោះ​។



អ្នកអាន​ធម្មតា អាច​ត្រូវការ​តែ​ចំណងជើង ឬ​អត្ថបទ​ខ្លី ប៉ុន្តែ​ទូរទស្សន៍ ឬ​វិទ្យុ ខ្លះ​នៅតែមាន​ឥទ្ធិពល ពីព្រោះ​មាន​អត្ថបទ​វិភាគ មាន​អ្នកវិភាគ​ច្បាស់លាស់ និង​ស៊ីជម្រៅ​។ បានន័យថា អ្នកសារព័ត៌មាន​ត្រូវមាន multitasking ដើម្បី​ទាក់ទាញ​អ្នកអាន​ផ្សេងៗ​គ្នា​ដែរ ទាំង​នៅក្នុង​កាសែត វិទ្យុ និង​ទូរទស្សន៍​។ ចង់​រស់ គឺ Multitasking​។​
 
លោក លាង ដឺ​លុច​៖ លោក​រដ្ឋមន្ត្រី ប្រហែល​វា​មិនមែន​ជាការ​ចៃដន្យ​ទេ ដែល​ក្រសួង​ព័ត៌មាន​បានជ្រើសរើស​ខេត្តសៀមរាប​ដើម្បី​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ដែលមាន​អ្នកកាសែត និង​អ្នកពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​៥០០​នាក់​មកពី​ប្រទេស​ជាង​៤០​ប្រទេស​។ តើ​លោកចង់បង្ហាញអ្វីខ្លះ​ទៅ​អ្នកកាសែត​បរទេស?​
 
 លោក ខៀវ កាញារីទ្ធ​៖ យើង​មាន​ចំណុច​ពីរ​ដែល​យើង​ចង់បង្ហាញ​។ នៅ​សៀមរាប យើង​ចង់បង្ហាញ​អារ្យធម៌​អាស៊ី​។ នៅលើ​ពិភពលោក​សព្វថ្ងៃ គេ​គិតតែ​ពី​ទស្សនវិជ្ជា​អឺរ៉ុប ដែលថា បុគ្គល​ត្រូវតែ​ធំ​ជា​សមូហភាព​។ ចំណែកឯ​នៅ​អាស៊ី​វិញ ភាគច្រើន​គឺ សមូហភាព​ធំ​ជាង​បុគ្គល​។ យើង​អាច​សាងសង់​អង្គរវត្ត​មួយ​បាន គឺ​ដោយសារ​តែមាន​សាមគ្គីភាព និង​អំណាចកណ្តាល​មួយ​ដ៏​រឹងមាំ​។ ទី​ពីរ យើង​ចង់បង្ហាញ​អំពី​មីន និង​គ្រាប់បែក​នៅ​កម្ពុជា​។ បើ​យើង​គិតពី​សង្គ្រាមលោកលើកទីពី​រ​នៅ​អឺរ៉ុប​ដែល​ពាក់ព័ន្ធ​ជិត​៣០​ប្រទេស ចំនួន​គ្រាប់បែក​ដែល​ត្រូវបាន​ទម្លាក់​នៅ​អឺរ៉ុប​នោះ ពី​ឆ្នាំ​១៩៤០ ដល់ ១៩៤៥ នៅ​តិចជាង​ចំនួន​គ្រាប់បែក​ដែល​ត្រូវបាន​ទម្លាក់​រយៈពេល​៥​ឆ្នាំ​ដូចគ្នា​មកលើ​កម្ពុជា​ដ៏​តូច​មួយ​។ គេ​មិនបាន​ដឹងថា តើ​ទំហំ​នៃ​ការខូចខាត​ធំ​សម្បើម​យ៉ាងណាទេ​! គេ​គ្រាន់តែ​ឃើញ​យើង​រស់​ឡើងវិញ ហើយ​មកដល់ពេលនេះ យើង​នៅមាន​មនុស្ស​បន្ត​ស្តាប់​ដោយសារ​គ្រាប់មីន និង​គ្រាប់បែក​។ ដូច្នេះ យើង​ចង់​បង្ហាញថា​ប្រជាជន​យើង​ប្រឹងប្រែង​រស់​ឡើងវិញ​យ៉ាង​វេទនា​យ៉ាងណា​?
 
​លោក លាង ដឺ​លុច​៖ ជាការ​ពិត សន្និសីទ​អន្តរជាតិ​នៅ​សៀមរាប​នោះ គឺ​ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន​។ ប៉ុន្តែ​ក្នុង​រូបភាព​នៃ​កម្ពុជា​ទាំងមូល តើ​លោក​រដ្ឋមន្ត្រី​រំពឹង​ទទួលបាន​អ្វី​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នោះ​?
 
លោក ខៀវ កាញារីទ្ធ​៖ គេ​តែង​និយាយថា កម្ពុជា​ជា​ប្រទេស​វេទនា រហេមរហាម​។ ទីមួយ យើង​ចង់​បង្ហាញថា វា​មិន​ដូច​គេ​និយាយ​ទេ​។ ទី​ពីរ យើង​ចង់បង្ហាញ​ពី​សេរីភាព​របស់​ប្រជាជន​កម្ពុជា​។ គេ​និយាយថា រដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ ដូច្នេះ​នោ​ពេល​គេ​មកដល់ គេ​នឹង​ឃើញថា គេ​អាច​ដើរ​ទៅណា​ក៏បាន គេ​អាច​ដើរ​សម្ភាស​អ្នកណា​ក៏បាន​។ គេ​នឹង​យល់​។ ទី​បី យើង​ចង់ឱ្យ​មន្ត្រី​របស់​យើង អ្នកកាសែត​របស់​យើង​អាច​ដក​ពិសោធន៍​ពី​វេទិកា​ដ៏​ធំ​នេះ ហើយ​ឃើញថា​តើ​របៀប​គិត​របស់​អ្នកកាសែត​បរទេស​យ៉ាងណា​? អ្នកកាសែត​យើង​នឹង​អាច​យល់ដឹង​អំពី​ការវិវត្ត​របស់​សារព័ត៌មាន​នៅក្នុង​ពិភពលោក​។ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នៅ​សៀមរាប គឺជា​ថ្នាក់រៀន​មួយ​៕
 

Tag:
 ខៀវ កាញារីទ្ធ​
 AIBD
 AMS
 Asian Media Summit
 មីន​
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com