ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ នំ​បញ្ចុក​រាប់ពាន់​តោន នឹងត្រូវ​បញ្ចេញ នៅ​ថ្ងៃ​៩​មិថុនា
07, Jun 2019 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា អ្នកលក់​នំ​បញ្ចុក​គ្រប់កន្លែង​នៅ​កម្ពុជា នឹង​លក់​ចេញ​ដល់​ទៅ​រាប់ពាន់​តោន នៅ​ថ្ងៃទី​៩ ខែមិថុនា ព្រោះ​ថ្ងៃនោះ គឺ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​ហូប​នំ​បញ្ចុក ដើម្បី​បង្ហាញ​ពី​​សាមគ្គី​ជាតិ​។


 
«​មិនមែន​រាប់រយ​តោន​ទេ ខ្ញុំ​គិតថា អាច​នឹង​ចូលដល់​រាប់ពាន់​តោន​ឯណោះ បើ​ហូប​នំ​បញ្ចុក​មួយ​ប្រទេស​នោះ​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ដូច្នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា​។ 
 
​យ៉ាងណា ស​ម្តេ​នាយករដ្ឋមន្ត្រី បាន​តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន ដោយ​ខ្លាច​ពុល​នំ​បញ្ចុក ព្រោះ​កន្លងមក ធ្លាប់​មានករណីនេះ​កើតឡើង​។ សម្តេចនាយក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ធ្វើ​នំ​បញ្ចុក​ដោយ​ខ្លួនឯង ជាជាង​ទិញ​ពី​គេ ដើម្បី​ធានា​អនាម័យ​។ 

អត្ថបទទាក់ទង
 
​លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ប្រាប់​មន្ត្រីរាជការ និង មន្ត្រី​គណបក្សកាន់អំណាច​រប​ស់​ខ្លួន កុំ​ឲ្យ​ប្រកាន់​ឬ​រើសអើង​អ្នកគាំទ្រ​គណបក្ស​អ្នក​ទៃ​។ ប្រមុខ​រដ្ឋាភិបាល និយាយ​បែបនេះ​ថា «​បើ​គេ ចង់​មក​ហូប​ជាមួយ​យើង យើង​ឲ្យ​គេ​មក​ហូប​ជាមួយ​ទៅ ហើយ​បើ​គេ ហៅ​យើង យើង​ទៅ​ហូប​ជាមួយ​គេ​ដែរ​ទៅ​»​។  
 
​ក្រៅពី​យល់ថា​ដើម្បី​សាមគ្គី​និង​ឯកភាព​ជាតិ មេដឹកនាំ​កម្ពុជា នៅ​គិតថា ការ​បំផុសបំផុល​ឲ្យ​ហូប​នំ​បញ្ចុក​ទូទាំងប្រទេស​នេះ គឺ​ដើម្បី​ជំរុញ​ការប្រើប្រាស់​និង​ទិញ​ផលិតផល​ក្នុងស្រុក​។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា ការហូប​នំ​បញ្ចុក​នេះ មិនអាច​ឈានទៅដល់​ការចរចា​នយោបាយ​ជាមួយ​អតីត​អ្នកប្រឆាំង​ឡើយ​៕ 
 

Tag:
 ហ៊ុន សែន​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com