អន្តរជាតិ
លោក ពូ​ទីន ថា អត់​បញ្ហា ទោះ​មិនត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​រំឭក​ខួប​ប្រតិបត្តិការ Normandy
07, Jun 2019 , 11:25 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
​កម្មវិធី​រំឭក​ខួប​ទី​៧៥ នៃប្រតិបត្តិ​ការឡើង​គោក​នៅ Normandy មិនមាន​វត្តមាន​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ឡើយ ទោះជា​អតីត​សហភាពសូវៀត​ជា​ផ្នែក​មួយ​នៃ​ជ័យជម្នះ​លើ​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទីពីរ​ក្ដី​។ យ៉ាងណាមិញ លោក ពូ​ទីន ហាក់​មិន​ខ្វល់ខ្វាយ​ពី​រឿងនេះ​ឡើយ ដ្បិត​ម្យ៉ាង​លោក​ក៏​រវល់​ផងដែរ​។

 
​បណ្ដា​មេដឹកនាំ​ពិភពលោក​ដែលជា​សមាជិក​ក្រុម​សម្ព័ន្ធមិត្ត​សម័យ​សង្គ្រាមលោកលើកទី​ពីរ បាន​ជួបជុំគ្នា​នៅ​ទឹកដី​បារាំង​ដើម្បី​អបអរ​ខួប​ទី​៧៥ នៃប្រតិបត្តិ​ការឡើង​គោក​នៅ Normandy ។ ប្រតិបត្តិការ​នេះហើយ​ដែល​យោធា​សម្ព័ន្ធមិត្ត​មាន​អាមេរិក អង់គ្លេស កាណាដា និង​អូស្ត្រាលី​ជាដើម​ជួយ​រំដោះទឹកដី​បារាំង រួច​កម្ចាត់​ពួក​ណា​ស៊ី​ចេញពី​អឺរ៉ុប​ប៉ែក​ខាងលិច ខណៈ​កម្លាំង​ទ័ព​ក្រហម​របស់​សូ​វៀត​វាយ​រុញច្រាន​ពី​សមរភូមិ​ខាងកើត​។​
 
​មិន​មានមុខ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ទឹកដី​បារាំង​នឹង​គេ​ឡើយ ទោះ​សូ​វៀត​មាន​ចំណែក​ក្នុង​ការបញ្ចប់​សង្គ្រាមលោក​លើក​ទី​ពីរ​ក្ដី​។ ជុំវិញ​បញ្ហា​នេះ លោក ពូ​ទីន និយាយ​ពី​ទីក្រុង St Petersburg ថា វា​មិនមែនជា​បញ្ហា​ឡើយ​នៅពេល​លោក​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ខួប​ទី​៧៥ នៃប្រតិបត្តិ​ការ​នៅ Normandy នោះ​។ ខណៈ​បារាំង​រៀបចំ​ពិធី​អបអរ លោក ពូ​ទីន កំពុង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ដែលមាន​វត្តមាន​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ផង​។​
 
 
​និយាយ​រឿង​ពិធី​អបអរ​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចូលរួម​ដែរនោះ លោក ពូ​ទីន លើកឡើងថា រុស្ស៊ី​ក៏​មិនដែល​អញ្ជើញ​នរណា​ឲ្យ​ចូលរួម​គ្រប់​កម្មវិធីរ​បស់​ខ្លួន​ឡើយ ដូចនេះ​លោក​ក៏​នឹងមិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​រាល់​កម្មវិធី​វិញ​ដូចគ្នា​ដែរ​។ «​ខ្ញុំ​មានការ​ងារ​គ្រប់គ្រាន់​ហើយ​នៅទីនេះ​»​។ នេះ​ជាការ​បញ្ជាក់​បែប​មិន​ខ្ចី​ខ្វល់​របស់លោក ពូ​ទីន នៅ​ថ្ងៃទី​៦ ខែមិថុនា ពី​ទីក្រុង St Petersburg ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​តាមពិតទៅ លោក ពូ​ទីន ក៏​ធ្លាប់​បង្ហាញមុខ​ក្នុង​ពិធី​ខួប​ទី​៧០ នៃប្រតិបត្តិ​ការឡើង​គោក​នៅ Normandy ដែរ​។ ប៉ុន្តែ​ទីក្រុង​មូ​ស្គូ ហាក់​មិន​ពេញ​ចិត្តនឹង​ការចាត់ទុក​ប្រតិបត្តិការ​នេះ​ជា​កត្តា​សំខាន់​ក្នុង​ការបញ្ចប់​សង្គ្រាមលោក​លើក​ទី​ពីរ ហើយ​ការលះបង់​របស់​កងទ័ព​ក្រហម​មិនបាន​ឲ្យ​តម្លៃ​ខ្ពង់ខ្ពស់​ទៅវិញ​។ បើតាម​រុស្ស៊ី កម្លាំង​ទ័ព​សម្ព័ន្ធមិត្ត​បានរួម​ចំណែក​ច្រើន​ក្នុង​ជ័យជម្នះ​លើ​ណា​ស៊ី តែបើ​គ្មាន​ការលះបង់​ដ៏​ធំធេង​របស់​សហភាពសូវៀត​ទេនោះ ជ័យជម្នះ​ក៏​មិនអាច​កើតមាន​ដែរ​។​
 
​រុស្ស៊ី​តែង​ចោទ​លោកខាងលិច​ថា មិនសូវ​ឲ្យ​តម្លៃ ឬ​យល់​ពី​ការលះបង់​របស់ខ្លួន​ក្នុង​ការបញ្ចប់​សង្គ្រាមលោក​លើក​ទី​ពីរ ខណៈ​រុស្ស៊ី​បាន​បាត់បង់​ជីវិត​មនុស្ស​ប្រមាណ​២៧​លាន​នាក់​ឯណោះ​។ ជា​រៀងរាល់ឆ្នាំ រុស្ស៊ី​ផ្ទាល់ តែង​រៀបចំ​យ៉ាង​អធិកអធម​បំផុត​លើ​ជ័យជម្នះ​ក្នុង​សង្គ្រាមលោកលើកទីពីរ​នៅ​ទីលាន Red Square មិនដែល​អាក់ខាន​ឡើយ​៕ 

Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Normandy
© រក្សាសិទ្ធិដោយ thmeythmey.com