ជាតិ
រថយន្ត
សង្គមជាតិ
ខែឧសភា ក្រសួងសាធារណការ ផាកបានជាង៥០០លានរៀល ពីរថយន្តដឹកលើសទម្ងន់ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ឃាត់បានរថយន្តដឹកទំនិញលើសទម្ងន់ចំនួន២២១គ្រឿង និងផាកពិន័យបានជាង៥០០លានរៀល (ជាង១,២សែនដុល្លារ) ក្នុងខែឧសភា ឆ្នាំ២០១៩។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៦ ខែមិថុនា។
ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមរថយន្តទាំង២២១គ្រឿង ភាគច្រើនជារថយន្តដែលផ្ទុកទំនិញលើសទម្ងន់ចាប់ពី៥តោន រហូតដល់៤៧តោន។ ប្រតិបតិ្តការចាប់រថយន្តទាំងនេះ គឺមានការដឹកនាំដោយលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ស្ថានីយដែលបានឃាត់រថយន្តច្រើនជាងគេគឺ ក្រុមការងារចល័តរបស់ក្រសួង ដោយឃាត់បាន៥៦គ្រឿង និងស្ថានីយ ថ្នល់កែង ខេត្តកំពង់ចាម ដែលចាប់បានរថយន្ត៣៦គ្រឿង បន្ទាប់ពីនេះស្ថានីយព្រៃពៅ្ន ខេត្តព្រៃវែង និងមានបណ្តាស្ថានីយតាមខេត្តមួយចំនួនទៀតផងដែរ។
គួររម្លឹកថា ក្នុងឆ្នាំ២០១៨ ក្រសួងសាធារណការបានចាប់រថយន្តដឹកលើសទម្ងន់បានជាង២៦០០គ្រឿង និងផាកពិន័យជាប្រាក់បានជាង១លាន៥សែនដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com