ភ្នំពេញ៖ នំបញ្ចុក ដែលមានឈ្មោះដើមថា នំប៉េនចុក គឺជាប្រភេទនំដែលធ្វើពីអង្គរដែលបានកិនរូច ហើយសូនជាសាច់ម្សៅដុំៗរួចស្ងោរឲ្យឆ្អិនហើយសង្កត់ជាមួយឈើ ដើម្បីរោយជាសរសៃ ហើយដាក់ចូលក្នុងទឹកពុះ ទើបស្រង់ចាប់ជាចង្វាយៗដាក់ចូលកញ្ច្រែង។ នំបញ្ចុក បានក្លាយជាអាហារម្យ៉ាងសម្រាប់ឲ្យពលរដ្ឋខ្មែរពិសាជាមួយអន្លក់ខ្ចីៗ។ ជាទូទៅនំបញ្ចុក មានពីរប្រភេទ គឺនំបញ្ចុកសម្លខ្មែរ និងនំបញ្ចុកសម្លគិរី។
នំបញ្ចុក មាននៅក្នុងដំណាលរឿងព្រេងខ្មែរ «ធនញ្ជ័យ»។ កាលពីព្រេងនាយមានបុរសម្នាក់ជាអ្នកប្រាជ្ញឈ្មោះថា ធនញ្ជ័យ បាននិរទេសខ្លួនទៅកាន់ប្រទេសចិន ហើយបុរសនោះក៏បានធ្វើនំបញ្ចុកលក់ ដែលធ្វើឲ្យប្រជាជនចិនចូលចិត្តពិសា។ បន្ទាប់មកក៏បានល្បីដល់ព្រះរាជាចិនហៅឲ្យចូលគាល់ ដើម្បីសាកនំបញ្ចុករបស់ធនញ្ជ័យ ទ្រង់ក៏ពេញចិត្ត ហើយធនញ្ជ័យក៏ត្រឡប់មកស្រុកខ្មែរវិញដើម្បីលក់នំបញ្ចុក។
ម្យ៉ាងទៀត គេដំណាលថា កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់ជាអ្នកធ្វើស្រែចម្ការរស់នៅក្នុងតំបន់ទឹកសាប ដែលជាតំបន់ទឹកលិច។ ដោយសារតែតំបន់នោះមិនសូវជាអំណោយផលក្នុងការធ្វើស្រែចម្ការ ដូច្នេះប្តីប្រពន្ធពីរនាក់នោះបានតែដាំស្រូវវារតែប៉ុណ្ណោះ។ ស្រូវវារ ជាស្រូវដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូក ទើបប្តីប្រពន្ធពីរនាក់នោះបែកជាគំនិតធ្វើជានំបញ្ចុក ដែលមានលក្ខណៈទន់បន្តិច ងាយស្រួលទំពា។ មួយវិញទៀត តំបន់ដែលពួកគេរស់នៅក៏សម្បូរត្រី ពួកគេតែងតែបង់ត្រីមកធ្វើជាប្រហុក ធ្វើជាត្រីឆ្អើរ សម្រាប់បរិភោគ។
ពួកគេទាំងពីរបានដាក់ឈ្មោះឲ្យនំនោះថា «នំសរសៃស្រូវវារ» នៅពេលដែល អ្នកស្រែធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយពួកគាត់តែងតែយកម្រាមដៃ ស្រវាចាប់នំបរិភោគ ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិផងដែរ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លពីគាត់ ដើម្បីយកទៅផ្សំច្នៃធ្វើទឹកសម្ល សម្រាប់បរិភោគតាមភូមិ តាមចំណូលចិត្តរៀងៗខ្លួន ជាបន្តៗរៀងមក។ ដល់ថ្ងៃមួយ មានរាជកុមារវ័យប្រមាណ៧វស្សា នាំពលសេនាជិះសេះដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេហូបនំសរសៃស្រូវវារនេះដោយប្រើម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។
គ្រានោះ រាជកុមារក៏មានសេចក្ដីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់ទាំងពីរនាក់ប្ដីប្រពន្ធនោះ។ នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតា តាមរកទិញ «នំដែលស្នំបញ្ចុក» នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែនោះជារៀងរាល់ព្រឹក ព្រះរាជមាតា បានបញ្ជាឲ្យសេនាទៅគាស់ហៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះមកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំង។
«នំសរសៃស្រូវវារ» ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជំនួសវិញ។ តែយូរៗទៅ ក៏ត្រូវគេហៅកាត់ៗខ្លីៗថា «នំបញ្ចុក» បន្តរហូតមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ថា នំបញ្ចុក ជាអាហារដែលអាចជំនួសបាយបាន ហើយគេអាចរកទិញបាននៅទីកន្លែងផ្សេងៗ ដូចជា នៅតាមផ្សារ និងតាមតូបលក់ដូរ ជាពិសេសមានពលរដ្ឋខ្លះរែកលក់នៅតាមផ្លូវផងដែរ។ ជាទូទៅ នំបញ្ចុក ត្រូវបានផលិតឡើងដោយគ្រួសារតូចៗ។ នំបញ្ចុក» ភាគច្រើនគេបរិភោគក្នុងពេលមានបុណ្យទានជួបជុំក្រុមគ្រួសារ ឬក្នុងពេលមានពិធីជប់លៀងអ្វីមួយជាដើម។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យពលរដ្ឋពិសារនំបញ្ចុកជុំគ្នានៅថ្ងៃទី៩ ខែមិថុនា ដើម្បីបង្ហាញពីសាមគ្គីជាតិ និងជំរុញការទិញផលិតផលក្នុងស្រុក។
ការបកស្រាយខាងលើនេះ គឺផ្អែកតាមឯកសាររបស់លោកស្រី កែវ ច័ន្ទបូរណ៍៕