ជាតិ
កម្មករ និង​ពលរដ្ឋ​ជិត ២​ពាន់នាក់ ចូលរួម​ហូប​«​នំ​បញ្ចុក​» នៅ​វត្ត​ជម្ពូ​វ័ន​
09, Jun 2019 , 11:49 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ៩ មិថុនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានរៀបចំ​ពិធី​ទទួលទាន​នំ​បញ្ចុក​ជាមួយ​កម្មករ កម្ម​ការី​នី និង​ប្រជាពលរដ្ឋ​ជិត ២​ពាន់ ក្នុង​បរិវេណ​វត្ត​ជម្ពូ​វ័ន​។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការរៀប​ចំនេះ តប​តាម​ការអំពាវនាវ​រប​ស់ស​ម្ដេច ហ៊ុន សែន​។​


 
​បើតាម​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជួប​សំណេះសំណាល និង​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​ដល់ក​ម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ទទួល​ជិត ២​ពាន់​នាក់​។ ជាមួយគ្នានេះ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ឃួ​ង ស្រេង ក៏បាន​រៀបចំ​នំ​បញ្ចុក​ដល់​អ្នកធាក់ស៊ីក្លូ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ប្រមាណ ៣០០​នាក់ នៅ​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​។ 


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​ការជួបជុំ​ទទួលទាន​នំ​បញ្ចុក​ជា​មហា​គ្រួសារ​ខ្មែរ​នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព មិត្តភាព ការលើកស្ទួយ​ផលិតផល​ខ្មែរ ដែល​នំ​បញ្ចុក​នេះ គឺជា​អាហារ​របស់​ខ្មែរ​មួយ​ប្រភេទ​ដ៏​ពេញនិយម​នៅ​គ្រប់​តំបន់​ដោយ​ប្រជាពលរដ្ឋ ចូលចិត្ត​ទទួលទាន​បំផុត​មិន​ថា ទទួលទាន​ជាប្រចាំ​ថ្ងៃ ឬ​ពេល​មានបុណ្យ​ទាន ម្តងៗ​នោះទេ គេ​តែង​រៀបចំ​នំ​បញ្ចុក​មក​ទទួលភ្ញៀវ​ជាធម្មតា​និង​ដោយ​ក្តី​រីករាយ​»​។​


 
​ក្រៅពី​សាលា​រាជធានី​ភ្នំពេញ វិមាន​ឈ្នះ​ឈ្នះ​, ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​, តាម​ខណ្ឌ​សង្កាត់ និង​ទីតាំង​មួយចំនួនទៀត ក៏បាន​រៀបចំ​ពិធី​ទទួលទាន​នំ​បញ្ចុក​នៅ​ថ្ងៃទី ៩ មិថុនា​ផងដែរ​។ សូមបញ្ជាក់ថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ កាលពី​ថ្ងៃទី ៣ មិថុនា​កន្លងទៅ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​សមាជិក សមាជិកា និង​មន្ត្រី​គណបក្ស​ខ្លួន​ទាំងអស់ រៀបចំ​កម្មវិធី​បរិភោគ​និង​ចែក​នំ​បញ្ចុក ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន នៅ​ថ្ងៃទី​៩ មិថុនា​៕


រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
 

Tag:
 នំ​បញ្ចុក​
  កម្មករ​
  ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com