ជាតិ
អតីត​ចៅសង្កាត់​បក្សប្រឆាំង កញ្ញា រ៉ូ​ហ្ស៊េ​ត អះអាងថា កម្មវិធី​បរិភោគ «​នំ​បញ្ចុក​» ជា​រឿង​ល្អ​
09, Jun 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៩ មិថុនា ប្រជាពលរដ្ឋ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន បាន​ជួបជុំគ្នា​បរិភោគ​នំ​បញ្ចុក តាម​ការ​អំពាវនាវ​របស់​សម្ដេចនាយក​មន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្សកាន់អំណាច​។ ដោយឡែក​អតីត​ចៅសង្កាត់​អូរ​ចារ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ក៏បាន​ចូលរួម​កម្មវិធី​បរិភោគ​នំ​បញ្ចុក ជាមួយ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ជាង ១០០​នាក់​ផងដែរ​។​

 
​នៅ​ថ្ងៃទី​៩​ខែមិថុនា​នេះ កញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត ដែលជា​អតីត​ចៅសង្កាត់​អូរ​ចារ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ដែលជា​អ្នកលក់​នំ​បញ្ចុក​ដែរនោះ បាន​បិទទ្វារ​ហាង​របស់ខ្លួន ដើម្បី​ចូលរួម​បរិភោគ​នំ​បញ្ចុក​ជាមួយ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ភូមិ​អូរ​តា​កាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ នេះ​បើតាម​ការបញ្ជាក់​របស់​កញ្ញា រ៉ូ​ហ្ស៊េ​ត  ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​៩​មិថុនា​នេះ​។​
 
​ថ្ងៃអាទិត្យ​ទី​៩​ខែមិថុនា​នេះហើយ គឺជា​ថ្ងៃ​ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​អតីត​សកម្មជន​របស់ខ្លួន និង​ពលរដ្ឋ​បរិភោគ​នំ​បញ្ចុក​ខ្មែរ​ទូទាំងប្រទេស​។​
 
​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បរិភោគ​នំ​បញ្ចុក​ដែល​រួមមាន​ទាំង​ការអនុវត្ត​ការអំពាវនាវ​របស់​ស​ម្តេច ហ៊ុន សែន ដែរនោះ កញ្ញា រ៉ូ​ហ្ស៊េ​ត បានបង្ហាញ​ចំណាប់អារម្មណ៍​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​ខ្ញុំ​គិតថា ជាការ​ល្អ ដែល​នំ​បញ្ចុក​ត្រូវបាន​ពេញនិយម​សម្រាប់​បងប្អូន​ខ្មែរ​យើង ដែល​ចាប់ផ្ដើម​ងាក​មក​ហូប​នំ​បញ្ចុក​។  សម្រាប់​ថ្ងៃនេះ នៅតាម​ភូមិ​ស្រុក​នានា ពលរដ្ឋ​ខ្មែរ​បាន​ហូប​នំ​បញ្ចុក ដែលជា​រឿង​ដ៏​ប្រសើរ និង​អាចជួយ​ដល់​អ្នកលក់​នំ​បញ្ចុក​ទៀតផង​»​។​
 
​ការជួបជុំ​បរិភោគ​នំ​បញ្ចុក​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ កើតចេញពី​ការ​រៃអង្គាសប្រាក់​ផ្ទាល់​របស់​អ្នកចូលរួម  ហើយ​អ្នកចូលរួម​មាន​ភាពសប្បាយ​រីករាយ​។  នេះ​ជាការ​អះអាង​របស់ កញ្ញា រ៉ូ​ហ្ស៊េ​ត ដែល​បន្ថែមថា ការជួបជុំ​នេះ ទឹកចិត្ត​របស់​អ្នកចូលរួម គឺ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់មកវិញ និង​ចង់​ឲ្យ​លោក កឹម សុខា ត្រូវបាន​ដោះលែង​។ អតីត​ចៅសង្កាត់​គណបក្សប្រឆាំង​រូបនេះ លើកឡើងថា​៖ «​ការហូប​នំ​បញ្ចុក​តែមួយ​ថ្ងៃ ហើយ​និយាយថា​សាមគ្គី​នោះ គឺ​មិនអាច​ទេ​។ ទាល់តែ​បង្ហាញ​រូបភាព​ពី​សាមគ្គីភាព ពេលនោះ​ខ្ញុំ ជឿជាក់ថា​ពលរដ្ឋ​ខ្មែរ​នឹង​អបអរសាទរ​»៕
 

Tag:
 នំ​បញ្ចុក​
© រក្សាសិទ្ធិដោយ thmeythmey.com