អន្តរជាតិ
វៀតណាម បង្ក្រាបទំនិញចិនពាក់ឈ្មោះវៀតណាមដើម្បីគេចពន្ធពេលនាំចូលអាមេរិក រូបភាព AFP
× សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន បានបង្ខំឲ្យរោងចក្រជាច្រើនរើសទីតាំងទៅរកស៊ីនៅទឹកដីវៀតណាមវិញ។ ប៉ុន្តែក្រុមហ៊ុនជាច្រើន បានលួចបន្លំផលិតផលចិនថា ជាទំនិញផលិតនៅវៀតណាមមុននឹងនាំចេញទៅទីផ្សារអាមេរិកដើម្បីគេចពីការយកពន្ធនាំចូល២៥ភាគរយរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈវៀតណាមមិនរងពន្ធខ្ពស់បែបនេះឡើយ។ វៀតណាម នឹងចាត់វិធានការបោសសម្អាតការបន្លំភ្នែកនេះដើម្បីរក្សាមុខមាត់របស់ខ្លួន។
ការលួចនាំចូលទំនិញផលិតនៅចិនទៅកាន់វៀតណាម ហើយវ៉ៃស្លាក «ផលិតនៅវៀតណាម Made in Vientnam» កំពុងក្លាយជានិន្នាការថ្មីមួយរបស់ក្រុមហ៊ុនជាច្រើនដែលបានរើរោងចក្ររបស់ខ្លួនពីចិនទៅវៀតណាម ដើម្បីគេចពីការយកពន្ធដ៏ខ្ពស់របស់អាមេរិក។ បច្ចុប្បន្ន ទំនិញផលិតនៅចិនជាច្រើនដែលត្រូវនាំចូលទីផ្សារអាមេរិក ត្រូវបង់ពន្ធនាំចូលដល់ទៅ២៥ភាគរយ ខណៈអាមេរិក និងចិនកំពុងទាស់គ្នាបែកផ្សែងលើរឿងពាណិជ្ជកម្មនេះ។
ក្នុងរបាយការណ៍ដែលផ្សាយនៅថ្ងៃទី១០ ខែមិថុនា រដ្ឋាភិបាលក្រុងហាណូយ រកឃើញថា ក្រុមហ៊ុនជាច្រើនបានបន្លំពីប្រភពដើមផលិតផលរបស់ខ្លួន ដោយនាំចូលផលិតផលដូចជាសម្លៀកបំពាក់ គ្រឿងសុទ្រ និងទំនិញកសិកម្មជាដើម តែថា ជាផលិតផលផលិតនៅវៀតណាមទៅវិញមុនដឹកជញ្ជូនទៅកាន់អាមេរិក ទោះផលិតផលទាំងនោះមានប្រភពនៅចិនក្ដី។ ឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ អះអាងថា ទង្វើបែបនេះ ធ្វើឲ្យខូចឈ្មោះប្រទេស និងទំនិញវៀតណាម។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ផាម ប៊ិញមិញ និយាយក្នុងរបាយការណ៍ខាងលើថា វៀតណាមនឹងដាក់ពិន័យធ្ងន់ធ្ងរលើការបោកប្រាស់ឈ្មោះទំនិញវៀតណាមបែបនេះ។ ក្នុងរបាយការណ៍ដដែល គយវៀតណាមចាប់បានទំនិញជាច្រើនដែលបោកបន្លំប្រភពបែបនេះ ហើយដែលមានទិសដៅនាំចេញទៅកាន់អាមេរិក អឺរ៉ុប និងជប៉ុន។
រដ្ឋាភិបាលវៀតណាម បានស្នើឲ្យមានត្រួតពិនិត្យការនាំចេញទៅកាន់ទីផ្សារសំខាន់ៗឲ្យម៉ត់ចត់ ព្រោះវៀតណាមអាចប្រឈមមុខការដាក់ពិន័យពីសំណាក់អាមេរិកមិនខាន បើមិនអាចទប់ស្កាត់ចរន្តបែបនេះ។ សព្វថ្ងៃ វៀតណាម ក៏កំពុងស្ថិតក្នុងបញ្ជីតាមដានរបស់អាមេរិកជុំវិញការបំប៉ោងតម្លៃរូបិយបណ្ណដើម្បីកេងចំណេញផ្នែកពាណិជ្ជកម្ម។ ប្រសិនក្រុងវ៉ាស៊ីនតោនរឹតបន្តឹងទីផ្សាររបស់ខ្លួននោះ ក្រុងហាណូយជួបបញ្ហាមិនខាន។
ក្នុងកាលៈទេសៈនៃជម្លោះពាណិជ្ជកម្មអាមេរិក និងចិន វៀតណាមទទួលបានផលប្រយោជន៍យ៉ាងច្រើន។ រោងចក្រជាច្រើនដែលធ្លាប់ផលិតទំនិញនៅចិន ក៏ផ្លាស់ប្ដូរទីតាំងទៅវៀតណាមវិញ បន្ថែមពីរោងចក្ររាប់ពាន់ដែលមានស្រាប់។ វៀតណាម ត្រូវបានទទួលស្គាល់ថា ជាមជ្ឈមណ្ឌលផលិតទំនិញតម្លៃថោកចាប់តាំងស្បែកជើង Adidas សម្លៀកបំពាក់របស់ H&M រហូតដល់ទូរសព្ទក្រុមហ៊ុន Samsung និងបន្ទះឈីបរបស់ Intel ជាដើម៕
Tag:
វៀតណាម
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com