ជាតិ
អន្តរជាតិ
នយោបាយអន្តរជាតិ
លោក John Gunther Dean ទូតអាមេរិកចុងក្រោយសម័យលន់ នល់ ទទួលមរណភាព លោក John Gunther Dean ចាកចេញ និងជម្លៀសពលរដ្ឋខ្លួនពីកម្ពុជា៥ថ្ងៃមុនការគ្រប់គ្រងរបស់ខ្មែរក្រហម។ រូបថត AP
× លោក John Gunther Dean អតីតអគ្គរដ្ឋទូតអាមេរិកចុងក្រោយគេប្រចាំកម្ពុជាអំឡុងសម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាពនៅថ្ងៃទី៦ ខែមិថុនា ក្នុងវ័យ៩៣ឆ្នាំនៅទីក្រុងប៉ារីស។ នេះបើតាមការផ្សាយរបស់កាសែតអាមេរិក The New York Times នៅថ្ងៃទី១១ ខែមិថុនា។
ជាមន្ត្រីការទូតអាមេរិកម្នាក់ លោក John Gunther Dean ចាប់ផ្ដើមការងារជាអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាចាប់ពីថ្ងៃទីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ។ លោកចាកចេញពីកម្ពុជានៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ៥ថ្ងៃមុនការដួលរលំរបបសាធារណរដ្ឋខ្មែរថ្ងៃទី១៧ ខែមេសា ឆ្នាំដដែល។ តមក លោក ក៏បន្តធ្វើអគ្គរដ្ឋទូតអាមេរិកនៅដាណឺម៉ាក លីបង់ ថៃ និងឥណ្ឌា។
លោក Dean បានបង្ហាញការសោកស្ដាយ និងចាត់ទុកថ្ងៃទី១២ ខែមេសា ជាថ្ងៃដ៏សោកសង្រេងសម្រាប់លោក ហើយជាថ្ងៃដែលអាមេរិកបោះបង់កម្ពុជា ហើយប្រគល់ទៅឲ្យឃាតក។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP កាលពីឆ្នាំ២០១៥ អតីតអគ្គរដ្ឋទូតអាមេរិករូបនេះនិយាយថា៖ «យើងទទួលការទទួលខុសត្រូវលើជោគវាសនាកម្ពុជា ហើយយើងបានដើរចេញដោយមិនបានធ្វើតាមពាក្យសន្យាឡើយ»។
បើតាមកាសែតអាមេរិក New York Times កិច្ចការសំខាន់របស់លោក Dean ពេលបំពេញការងារនៅទីក្រុងភ្នំពេញ គឺស្វែងរកដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះកម្ពុជា។ បេសកកម្មរបស់លោក ជួបបញ្ហា ព្រោះអតីតរដ្ឋមន្ត្រីការបរទេស Henry Kissinger មិនមានជំហរចរចាឡើយ។ ខណៈជម្លោះឈានដល់ដំណាក់កាលចុងក្រោយ អាមេរិកក៏បិទស្ថានទូតនៅកម្ពុជា ហើយជម្លៀសបុគ្គលិកចេញទាំងអស់។
លោក Dean មិនយល់ស្របចំណាត់ការដែលជាការបោះបង់កម្ពុជាឡើយ។ ដោយសំដៅសោកនាដកម្មសម័យខ្មែរក្រហម លោកប្រាប់កាសែតដដែលក្នុងឆ្នាំ១៩៩១ ថា៖ «អ្នកមិនអាចដើរចេញ ហើយទុកឲ្យប្រជាជនកម្ពុជាប្រឈមមុខវាសនាបែបនោះឡើយ ពេលអ្នកដឹងថាវាសនានោះ ជាអ្វីទៅហើយនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com