អន្តរជាតិ
មន្ត្រី​អាមេរិក​ថា ជំនួប​កំពូល G-20 នឹងមិន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ទេ​
13, Jun 2019 , 7:59 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
សន្និសីទ​កំពូល​របស់​ក្រុម​ប្រទេស ២០ ហៅ​កាត់​ថា G-20 នៅ​ចុងខែ​នេះ អាច​នាំ​ឲ្យ​មានការ​ជឿនលឿន​ឆ្ពោះទៅកាន់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​មិនមែនជា​យុត្តាធិការ​សម្រាប់ «​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​មួយ​» ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Wilbur Ross រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​។​

 
​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​គំរាមកំហែង​យកពន្ធ​គយ​ថ្មី​ភ្លាមៗ​លើ​ប្រទេស​ចិន ប្រសិនបើ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង មិន​ព្រម​ជួប​ជាមួយ​លោក​ក្នុង​ទីក្រុង​តូ​ក្យូ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Ross បានការ​ពារ​យុទ្ធសាស្ត្រ​ពន្ធគយ​ដ៏​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​
 
​ការចរចា​រវាង​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បរាជ័យ​កាលពី​ខែ​មុន បន្ទាប់ពី​ប្រធានាធិបតី ត្រាំ បាន​ចោទប្រកាន់​ចិន​ថា មិនបាន​រក្សា​ពាក្យសន្យា ហើយ​បន្ទាប់មក សហរដ្ឋអាមេរិក​បាន​ប្រឆាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei របស់​ចិន​។​
 
​ប្រទេស​ទាំង​ពីរបាន​យកពន្ធ​គយ​រវាង​គ្នា​និង​គ្នា​យ៉ាងខ្លាំង​ក្នុង​ទឹកប្រាក់​ជាង ៣៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បានធ្វើ​ឲ្យ​រង្គើ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ទំនុកចិត្ត​របស់​ពាណិជ្ជករ​។​
 
​ស្ថានភាព​រក​ផ្លូវ​ចេញ​គ្មាន​នេះ បាន​បង្កើន​សេចក្តី​រំពឹងថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ការចរចា​នៅក្នុង​ទីក្រុង​អូ​សា​កា នៅ​ខាងក្រៅ​ជំនួប​កំពូល​របស់​មេដឹកនាំ G-20​។​
 
​ទោះជា​យ៉ាងនោះ​ក៏ដោយ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Wilbur Ross បាន​កាត់បន្ថយ​ការរំពឹងទុក​សម្រាប់​កិច្ចព្រមព្រៀង​ចុងក្រោយ​ដែល​នឹងមាន​រាប់ពាន់​ទំព័រ​។​
 
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន បានចាប់ផ្តើម​ដំណើរ​ការយក​ពន្ធគយ​ចំនួន ២៥​ភាគរយ លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ ៣​រយ​ពាន់​លាន​ដុល្លារ ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ បាន​គំរាមកំហែង​យក​ពន្ធគយ​ភ្លាមៗ ប្រសិនបើ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង មិន​ព្រម​បង្ហាញខ្លួន​ដើម្បី​ជួប​លោក​ក្នុង​ទីក្រុង​អូ​សា​កា​ទេនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com