កម្ពុជា និង​ហុង​គ្រី ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​
ជាតិ
កម្ពុជា និង​ហុង​គ្រី ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​
14, Jun 2019 , 10:42 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា និង​ហុង​គ្រី បាន​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​ចំនួន​៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ឯកសារ​ទាំងនោះ ត្រូវបាន​ព្រមព្រៀងគ្នា​នៅក្នុង​ជំនួប​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុង​គ្រី នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស កាលពី​ថ្ងៃទី​១៣ មិថុនា​។​

 
​ឯកសារ​ដែល​ភាគី​ទាំងពីរ ចុះហត្ថលេខា​រួមគ្នា​នោះ មាន កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា​កម្ពុជា និង​ក្រសួង​ធនធានមនុស្ស​ហុង​គ្រី រយៈពេល​៣​ឆ្នាំ គឺ​ឆ្នាំ​២០២០-២០២២ និង​ចុងក្រោយ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ទេសចរ​ណ៍ រវាង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ Milton Friedman University នៃ​ប្រទេស​ហុង​គ្រី​។​
 
​កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ក្រោយពី​ដួល​រំលំ​របប ប៉ុល ពត ។ កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​លើកដំបូង តាំងពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ ។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី ចាប់ពី​ថ្ងៃទី​១៣ ដល់​១៤ ខែមិថុនា ។ ក្រោយ​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ហុង​គ្រី​នា​ថ្ងៃទី​១៤ ខែមិថុនា​នោះ សម្តេច ហ៊ុន សែន នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​តាជី​គី​ស្ថាន ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៥ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ​។ នៅក្នុង​សន្ន​សីទ​កំពូល​នេះ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ថ្លែង​សុន្ទរកថា​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ ទាក់ទង​នឹង​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ជុំវិញ «​អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA»​។​
 
​គួរ​បញ្ជាក់ថា CICA គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន ក្នុង​វិស័យ​មួយចំនួន​ដូចជា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី និង​ពិភពលោក ទាំងមូល​។ បច្ចុប្បន្ន  សន្និសីទ​នេះ មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន ២៦ ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១ ៕

Tag:
 ហ៊ុន សែន​
  ហុង​គ្រី​
  CICA
© រក្សាសិទ្ធិដោយ thmeythmey.com