អន្តរជាតិ
បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ទាំង​២០ ដែល​អាច​តទល់​នឹង​លោក ត្រាំ នៅ​ឆ្នាំ​២០២០
14, Jun 2019 , 9:19 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
​នៅ​សហរដ្ឋអាមេរិក គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​បេក្ខភាព​ចំនួន​២០​នាក់ សម្រាប់​ការជជែក​ដេញដោល​ដើម្បី​ជ្រើសរើស​បេក្ខជន​ចុងក្រោយ​ទៅ​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ ។ បេក្ខភាព​ទាំង​២០​នាក់​នេះ មាន​សមាស​ភាពជា​សមា​ជិ​ក និង​អតីត​សមាជិកសភា​ទាំងពីរ អតីត​អនុ​ប្រធានាធិបតី និង​អភិបាលរដ្ឋ​-​ក្រុង​ជាច្រើន​។ ដោយសារ​បេក្ខជន​មាន​ច្រើន បក្ស​ប្រជាធិបតេយ្យ​បាន​បង្កើន​លក្ខខណ្ឌ​កំណត់​របស់ខ្លួន សំដៅ​កាត់បន្ថយ​បេក្ខជន​ខ្លះ​។​

 
​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០ លោក ដូ​ណា​ល់ ត្រាំ នឹង​ឈរឈ្មោះ​ប្រជែង​សម្រាប់​អាណត្តិ​ទី​ពី​របស់ខ្លួន​។ កន្លងមក លោក ត្រាំ ដែល​តំណាង​ឲ្យ​បក្ស​សាធារណរដ្ឋ ហាក់​មាន​ទំនុកចិត្ត​ក្នុង​ការបន្ត​ស្នាក់នៅ​សេត​វិមាន​បួន​ឆ្នាំ​ទៀត​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ កៅអី​ប្រធានាធិបតី​របស់លោក ត្រាំ មាន​អ្នក​ចង់​អង្គុយ​ជំនួស​ជាច្រើន ពិសេស​ក្នុងចំណោម​សមាជិក​បក្ស​ប្រជាធិបតេយ្យ​។ 
 
​គណៈកម្មាធិការ​ជាតិ​នៃ​បក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១៣ ខែមិថុនា បានបង្ហាញ​បញ្ជី​ឈ្មោះ​បេក្ខភាព​ប្រធានាធិបតី​២០​នាក់​ចុងក្រោយ​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ចូលរួម​ការជជែក​ដេញដោល​ដើម្បី​ស្វែងរក​បេក្ខភាព​សក្តិសម​តំណាង​បក្ស​ប្រជែង​ជាមួយ​លោក ត្រាំ ។ ការជជែក​ដេញដោល​ផ្ទៃ​ក្នុងនេះ នឹងធ្វើ​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែមិថុនា​ខាងមុខ ដែល​នោះ​ជា​ឱកាស​សម្រាប់​បេក្ខជន​ទាំងអស់​បញ្ចេញ​សមត្ថភាព​រៀងៗ​ក្នុង​ការប្រមូល​សំឡេងគាំទ្រ​ពី​ប្រជាជន​។​
 
​បេក្ខភាព​ដែលមាន​សិទ្ធិ​ចូលរួម​ចូល​ការជជែក​ដេញដោល​នេះ ត្រូវការ​ការគាំទ្រ​យ៉ាងតិចណាស់​មួយ​ភាគរយ​ពី​ការ​ស្ទង់​ចំនួន​បី ឬ​ទទួល​ការឧបត្ថម្ភ​ពី​អ្នកគាំទ្រ​ចំនួន​៦៥០០០​នាក់​ដែល​ក្នុងនោះ​ត្រូវមាន​អ្នក​ឧបត្ថម្ភ​យ៉ាងហោចណាស់​២០០​នាក់​ក្នុង​រដ្ឋ​ចំនួន​២០​។ សម្រាប់​ឆ្នាំ​២០២០ បេក្ខជន​ប្រធានាធិបតី​មាន​ដល់​ទៅ​២៤​រូប ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​កាត់​បួន​នាក់​ចេញ ហើយ​នៅសល់​២០​នាក់​ប៉ុណ្ណោះ​។ 
 
​ក្នុងចំណោម​បេក្ខជន​ទាំង​២០ បុគ្គល​ដែល​ទាក់​អារម្មណ៍ និង​ភាគរយ​ខ្ពស់​ក្នុងការ​តំណាង​បក្ស​ប្រជាធិបតេយ្យ គឺ​អតីត​អនុ​ប្រធានាធិបតី Joe Biden ។ លោក Biden ជា​អនុ​ប្រធានាធិបតី​ក្នុង​អាណត្តិ​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។ 
 
​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​៦​នាក់ ក៏​ដាក់ឈ្មោះ​ប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ។ រួមមាន លោក Michael Bennet នៃ​រដ្ឋ Colorado, លោក Cory Booker នៃ​រដ្ឋ New Jersey, លោកស្រី Kirsten Gillibrand នៃ​រដ្ឋ New York, លោកស្រី Kamala Harris នៃ​រដ្ឋ California, លោកស្រី Amy Klobuchar នៃ​រដ្ឋ Minnesota លោក Bernie Sanders នៃ​រដ្ឋ Vermont និង​លោកស្រី Elizabeth Warren នៃ​រដ្ឋ Massachusetts ។​
 
​ចំណែក​សមាជិកសភា​តំណាង​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ចុងក្រោយ​មាន លោកស្រី Tulsi Gabbard មកពី​រដ្ឋ Hawaii, លោក Tim Ryan មកពី​រដ្ឋ Ohio លោក Eric Swalwell មកពី​រដ្ឋ California ។ អតីត​សមាជិកសភា​តំណាង John Delaney និង​លោក Beto O’Rourke ក៏បាន​ចូលរួម​ផងដែរ​ដូចគ្នា​នឹង​អភិបាលរដ្ឋ Washington លោក Jay Inslee និង​អភិបាលក្រុង New York លោក Bill de Blasio ៕ បេក្ខជន​សេសសល់​ផ្សេងទៀត​មាន ពាណិជ្ជករ អ្នកនិពន្ធ និង​អតីត​អភិបាលរដ្ឋ​ផង​៕  

Tag:
 អាមេរិក​
  គណបក្ស​ប្រជាធិបតេយ្យ​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com