ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​វៀតណាម នឹង​បង្កើន​ជើងហោះហើរ​ថ្មីៗ​បន្ថែមទៀត​
15, Jun 2019 , 1:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា និង​រៀ​ត​ណា​ម នឹង​បង្កើន​ជើងហោះហើរ​ថ្មីៗ​បន្ថែមទៀត​នាពេល​ខាងមុខនេះ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការ​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក្រោយពី​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម កាលពី​ថ្ងៃ​១១ ខែមិថុនា ឆ្នាំ​២០១៩​។​

 
​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានស្នើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម សិក្សា​លើ​ការបើកផ្លូវ​ហោះហើរ​ថ្មីៗ​ជាច្រើន​ទៀត​មកកាន់​កម្ពុជា សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។ 
 
​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​រូបនេះ បាន​និយាយថា ក្រៅពី​ផែនការ​ជំរុញ​ជើងហោះហើរ​ថ្មីៗ​បន្ថែមទៀត ភាគី​ទាំងពី​ក៏បាន​ឯកភាពគ្នា​លើក​ចំណុច​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ ក្នុងនោះ​ភាគី​រៀ​ត​ណា​ម​បាន​គាំទ្រ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា គឺ​កម្ពុជា អង្គរ អ៊ែរ បើកផ្លូវ​ហោះហើរ​ថ្មី​មួយទៀត រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ដា​ណាំង នៃ​ប្រទេស​វៀតណាម ហើយ​ត​ភ្ជាប់​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ នាពេល​ឆាប់ៗ​ខាងមុខ​។ លើសពីនេះ​ភាគី​ទាំងពីរ​នឹង​សហការ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​បន្ថែមទៀត ។​ជាពិសេស​ការបណ្តុះបណ្ដាល​ធនធានមនុស្ស​នៃ​មន្ត្រី​ជំនាញ​អាកាសចរ​ស៊ីវិល​ទៀតផង​។ 
 
​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៤ ដែល​កំពុង​មមាញឹក​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ទៅវិញទៅមក រួមមាន ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air), អាកាសចរណ៍​វៀតណាម​(Vietnam Airlines), អាកាសចរណ៍​កាតា​អ៊ែ​វ៉េ (Qatar Airways) និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀត​ជេ​ត (Viet Jet) ។ ជើងហោះហើរ​រវាង​ប្រទេស​ទាំងពីរ​នេះ អាច​ដឹក​អ្នកដំណើរ​ទៅវិញទៅមក ចំនួន ១១២​ជើង ក្នុង​មួយ​សប្តាហ៍​។ 
 
​គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៨ អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​រវាង​ប្រ​ទស​ទាំងពីរ​មាន​ចំនួន ១,៨ លាន​នាក់​៕
 

Tag:
 កម្ពុជា​
  វៀតណាម​
  ជើងហោះហើរ​
© រក្សាសិទ្ធិដោយ thmeythmey.com