ប្រជាជនខ្មែរភាគច្រើនពេញចិត្ត និងបានជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ និន្នាការនេះកំពុងបន្តយ៉ាងរឹងមាំក្នុងទីផ្សារលំនៅដ្ឋានកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន ខុនដូ ដែលជាបរិបទថ្មីមួយទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកទិញក្នុងស្រុក ពិសេសមនុស្សវ័យក្មេង។
តាមពិតទៅ ប្រភេទលំនៅដ្ឋានទាំងពីរនេះ មានលក្ខណៈពិសេស និងផ្តល់នូវលក្ខណៈងាយស្រួលក្នុងការរស់នៅដូចគ្នា។ ប៉ុន្តែវាក៏មានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចមួយចំនួនដែរដូចជា៖ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម ការចំណាយបន្ថែមផ្សេងៗ ជាដើម។ ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹង មុននឹងទិញលំនៅដ្ឋានណាមួយ។
ខាងក្រោមនេះ ជាចំណុចពិសេសមួយចំនួន និងលក្ខខណ្ឌដោយឡែកពីគ្នា រវាងបុរី និងខុនដូ៖
ទីតាំង៖
សម្រាប់បុរីនៅពេលបច្ចុប្បន្ន ការសាងសង់បុរី(ផ្ទះល្វែង)ភាគច្រើន មានទីតាំងនៅជាយក្រុង ឬនៅក្រៅក្រុង។ បុរីនៅជាយក្រុងភាគច្រើនមានភាពស្ងប់ស្ងាត់ កន្លែងមិនសូវចង្អៀត មានលក្ខណៈធម្មជាតិ ជាមួយសួនច្បារ ឬតំបន់បៃតង។ ជាពិសេស អ្នកអាចគេចចេញពីការកកស្ទះចរចរណ៍នៅក្នុងក្រុង។ ប៉ុន្តែបញ្ហាមួយត្រង់ថា អ្នកទិញរស់នៅឆ្ងាយពីតំបន់កណ្តាលក្រុងបន្តិច ហើយអ្នកត្រូវធ្វើដំណើរយូរបន្តិច ប្រសិនបើអ្នកធ្វើការនៅក្នុងក្រុង សាលារៀននៅក្នុងក្រុង ឬត្រូវការការលំហែនៅក្នុងតំបន់កណ្តាលក្រុង។
រីឯខុនដូវិញ ស្ទើរតែគ្រប់គម្រោងខុនដូ គឺមានទីតាំងនៅតំបន់ក្រុង និងតំបន់កណ្តាលក្រុង ដែលនេះបានឆ្លើយតបទៅនឹងអ្វី ដែលអ្នកទិញភាគច្រើនចង់បាន។ ជាទូទៅ ទីតាំងខុនដូ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា យូនីតខុនដូរបស់អ្នក មិនមានទំហំធំដូចជាផ្ទះក្នុងបុរីទេ។
កម្មសិទ្ធិកាន់កាប់៖
បុរី ជាអចលនទ្រព្យតាំងជាប់ដីដោយផ្ទាល់ វាមានប្លង់រឹងដាច់ពីគ្នា រវាងអចលនទ្រព្យមួយទៅមួយទៀតផ្សេងទៀត។
ចំណែកខុនដូវិញ ជាប្រភេទអចលនទ្រព្យប្លង់រួម (អគារសហកម្មសិទ្ធិ) ដែលមានន័យថា អ្នកទិញ អាចកាន់កាន់លើអចលនទ្រព្យរបស់ខ្លួនរៀងខ្លួនបាន (ចំណែកឯកជន) តែមិនមានឈ្មោះដាច់តែឯង លើអគារទាំងមូលនោះទេ (ចំណែករួម)។ នេះបើតាមមាត្រា ៤ នៃច្បាប់គ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ។
តម្លៃ
បុរីតម្លៃសមរម្យ បានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន ហើយផ្ទះល្វែងក្នុងបុរី អាចមានចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ ដូចជាគម្រោង បុរី វីអាយភី បុរីប៊ុន ជេស្ឋ បុរីរតនៈភ្នំពេញជាដើម។ គេមើលឃើញថា ដោយសារការផែនការពង្រីកក្រុង កំពុងដំណើរការយ៉ាងល្អ ដូច្នេះការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបបុរី បានរីកលូតលាស់ខ្លាំង ដែលធ្វើឲ្យមានការកើនឡើងតម្លៃគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត យើងសង្កេតឃើញថាបុរីផ្ទះល្វែង ដែលសង់រួច មានអ្នករស់នៅ តែងតែជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជាផ្សារទំនិញ ឬសូម្បីតែផ្សារទំនើបផងដែរ។ ដូចនេះ វាអាចជាកត្តាមួយ អ្នកគួរទិញបុរី។
បើនិយាយពីខុនដូវិញ អាចមានតម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារ។ តួយ៉ាងដូចជាគម្រោង New Land mark និងគម្រោង 88 Residence ជាដើម។
សេវាកម្ម
ការរស់នៅក្នុងគម្រោងបុរី អ្នកអាចទទួលបានសេវាកម្មមួយចំនួន ដូចជាកន្លែងកម្សាន្ត សួនច្បារ … ប៉ុន្តែបុរីខ្នាតតូច ឬបុរីតម្លៃទាប គឺមិនផ្តល់ជូនសេវាកម្មទាំងនេះទេ។ ចំណុចនេះ ជាអ្វីដែលធ្វើឲ្យការរស់នៅក្នុងខុនដូ ហាក់មានភាពលេចធ្លោ និងភាពស៊ីវីល័យជាង។ ខុនមានសេវាកម្មដូចជា៖ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលំហែលើដំបូល ក្លិប និងសេវាគ្រប់គ្រងអចលនទ្រព្យ រួមជាមួយសេវាផ្សេងៗទៀត។
ការចំណាយបន្ថែម
បុរីមានភាពសាមញ្ញជាងខុនដូ។ ដូចនេះការចំណាយទូទៅប្រចាំខែលើវាកម្មនានារបស់បុរីក៏អស់តិចជាងខុនដូដែរ។ ការចំណាយក្នុងខុនដូ អាចមានដូចជា ថ្លៃសំអាត ថ្លៃភ្លើង ថ្លៃអ៊ីនធឺណិត ថ្លៃសន្តិសុខ ថ្លៃចំណតរថយន្ត ថ្លៃសំរាម និងរួមទាំងថ្លៃសេវាកម្មប្រចាំថ្ងៃ។ ប៉ុន្តែសូមចងចាំថា កញ្ចប់សេវាកម្មខ្លះ ត្រូវបានដាក់បញ្ចូលក្នុងសេវាកម្មជាកញ្ចប់រួចហើយ។
សរុបមកការទិញផ្ទះក្នុងបុរី ឬខុនដូ សុទ្ធតែជាការវិនិយោគដ៏ឆ្លាតវៃ។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកទិញខ្លួនឯង ត្រូវស្វែងយល់ពីតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដើម្បីជៀសវាងហានិភ័យ ហើយប្រសិនបើអ្នកមានភាពក្មេងខ្ចីក្នុងវិស័យនេះ អ្នកអាចស្វែងរកការប្រឹក្សាយោបល់ ពីអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញជាមុនសិន៕
(អត្ថបទពាណិជ្ជកម្ម)