ONE Championship
កីឡាជាតិ
ជាតិ
CTT សហការជាមួយអង្គការ Tiny Toones ដើម្បីអង្គាសប្រាក់ជួយសិស្សក្រីក្រ និងផ្សារភ្ជាប់ MMA
×
អត្ថបទ៖ ស៊ីធី
ក្លិបប្រដាល់ Cambodian Top Team ឬ CTT បានចូលរួមសហការជាមួយនឹងអង្គការ Tiny Toones ដើម្បីបង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីរៃអង្គាសថវិកាជួយដល់កុមារក្រីក្រដែលមានជីវភាពខ្វះខាតក្នុងការសិក្សាឲ្យទទួលបានឱកាសសិក្សាដូចកុមារផ្សេងៗទៀត និង ជាការផ្សព្វផ្សាយក្បាច់គុនចម្រុះ MMA ដល់ក្មេងៗជំនាន់ក្រោយ។ កម្មវិធីនេះបានរៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនៅក្លិប CTT។
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានថ្លែងបែបនេះ៖«នេះជាការរួមចំណែកមួយសម្រាប់ក្មេងៗក្រីក្រនៅអង្គការ Tiny Toones ហើយ មួយវិញទៀតវាជាការផ្សព្វផ្សាយមួយអំពីក្បាច់គុន MMA ផងដែរ ព្រោះក្មេងៗទាំងបានមកហ្វឹកហាត់ក្បាច់គុនចម្រុះជាមួយពួកយើងច្រើនដងនាពេលកន្លងមក។ ការរៀបចំកម្មវិធីរៃអង្គាសនេះមិនមែនត្រឹមម្ដងនេះ យើងបានធ្វើច្រើនដងកន្លងមកហើយ និងបន្តធ្វើវាទៀតក្នុងបុព្វហេតុជួយកុមារក្រខ្សត្រ»។
កម្មវិធីរៃអង្គាសថវិកាដែលចាប់ផ្ដើមពី ម៉ោង ៣ រសៀលដល់ម៉ោង ១០ យប់ថ្ងៃកាលថ្ងៃទី ១២ មិថុនា នោះមានកម្មវិធីជាច្រើនដូចជាការសម្ដែងសិល្បៈពីប្អូនកុមារ ការប្រលងចម្រៀងរ៉េបបែប Free Style (រ៉េបភ្លាមៗមិនរៀបចំទុក) ការច្រើនពីតារាចម្រៀងកិត្តិយស ការលក់អាវអនុស្សាវរីយ៍ពីអង្គការ និង ជាពិសេសមានការបង្ហាញក្បាច់រាំ Break Dance របស់កុមារតូចៗមកពីអង្គការ Tiny Toones ទៀតផង។ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារូបនេះសង្កត់ធ្ងន់ថា ៖«ថវិកាដែលបាននេះយើងអត់បានរាប់ទេបង ប៉ុន្តែមើលក្រែលដែរ ព្រោះគេរៃដាក់ធុងហើយក៏យកទៅអង្គការតែម្ដង។ ក្រុមការងាររបស់ខ្ញុំ និង ខ្ញុំផ្ទាល់ក៏បានទាក់ទងសប្បុរសជននានាឲ្យជួយច្រើនដែរ ហើយ គេប្រគល់ឲ្យអង្គការ Tiny Toones នៅច្បារអំពៅផ្ទាល់ៗតែម្ដងៗមិនឆ្លងកាត់ខ្ញុំនោះទេ។ កុមារតូចៗអាយុចន្លោះពី ៤ ទៅ ១៦ ឆ្នាំ មកចូលរួមយ៉ាងច្រើនកុះករ»។
ក្មេងតូចៗ របស់អង្គការខាងលើតែងតែទទួលបានការហ្វឹកហាត់ និង ស្វែងយល់អំពីគុនចម្រុះពីក្រុមគ្រូបង្វឹកនៅ CTT និង លោក ហ៊ុន ច័ន្ទរាជ្យ ដោយឥតគិតថ្លៃជារឿយៗ អាស្រ័យលើការរៀបចំកម្មវិធីហ្វឹកហាត់របស់ក្លិប។ នេះជាសកម្មភាពសប្បុរសធម៌ ប៉ុន្តែ វាជាឱកាសផ្សព្វផ្សាយដល់ក្មេងឲ្យយល់ក្បាច់គុនចម្រុះ និងបណ្ដុះស្មារតីឲ្យស្រលាញ់ក្បាច់គុនដើម្បីសុខភាពដែរ។
ក្លិប CTT តែងតែផ្សារភ្ជាប់ទៅនឹងការងារសប្បុរសធម៌ជាច្រើននាពេលកន្លងមក មិនត្រឹមតែអង្គការជួយកុមារកំព្រា ឬ កុមារក្រីក្រប៉ុន្តែ ក៏ជួយដល់អង្គស្ត្រីមួយចំនួនដែលរងអំពើហិង្សា និង រងការបំពានផ្លូវភេទផងដែរ ហើយ ក្លិបក៏បានបង្ហាត់ក្បាច់ MMA ដល់ស្ត្រីទាំងនោះផងដើម្បីការពារខ្លួន។
គ្រូបង្វឹកដែលតែងតែនាំកីឡាករទៅប្រកួតនៅសង្វៀនអន្តរជាតិ ONE រូបនេះនឹងបង្កើតកម្មវិធីថ្មីមួយដើម្បីរៃអង្គាសថវិកាពីសប្បុរសជន ឬ អ្នកដែលស្រលាញ់កីឡាប្រដាល់ក្នុងបំណងយកថវិកាទាំងនេះទៅជូនកីឡាករចាស់ៗវ៉ៃលែងកើត ឬ ពួកគេមានរបួសដោយសារប្រកួតជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com