ជាតិ
សង្គមជាតិ
តុលាការ ឃុំបុរសជនជាតិអាហ្រ្វិកម្នាក់ ក្រោយបោកលុយគេតាមហ្វេសប៊ុក
18, Jun 2019 , 12:30 pm        
រូបភាព
ជនល្មើស ពេលដែលត្រូវបានចាប់ខ្លួននៅកន្លែងវីង កាលថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៩
ជនល្មើស ពេលដែលត្រូវបានចាប់ខ្លួននៅកន្លែងវីង កាលថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៩
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានៅថ្ងៃទី១៧មិថុនា បង្គាប់ឲ្យឃុំជនត្រូវចោទឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជាជនជាតិអាហ្រ្វិកខាងត្បូង និង ស្រី្តខ្មែរម្នាក់ឈ្មោះ កាន ឡានីន អាយុ៣៥ឆ្នាំ ពីបទឆបោកតាមមាត្រា៣៧៧និងមាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ។



ជនត្រូវចោទទាំងពីរ បានរួមគ្នាបង្កើតហ្វេសប៊ុកក្លែងក្លាយ ហើយផ្ញើសារទៅកាន់ជនរងគ្រោះ ដោយសន្យាថានឹងផ្ញើលុយឲ្យ។ ប៉ុន្តែ ជនល្មើស តម្រូវឲ្យជនរងគ្រោះ បង់លុយថ្លៃសេវាផ្សេងៗឲ្យខ្លួនជាមុនសិន ​ហើយបន្ទាប់មក ទើបខ្លួន​ ផ្ញើលុយទៅឲ្យវិញតាមក្រោយ។



កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនល្មើសទាំងពីរ បានប្រើល្បិចឲ្យជនរងគ្រោះ ផ្ញើលុយឲ្យខ្លួនតាមវីង៣លើក ដោយលើកទី១ ចំនួន៥៥០ដុល្លារ លើកទី២ ចំនួន៥៣០០ដុល្លារ និងលើកទី៣ ចំនួន៤៧០០ដុល្លារ។ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងកងរាជអាវុធ ក៏ចុះទៅស្រាវជ្រាវ និងបានចាប់ជនល្មើសទាំងពីរ នៅថ្ងៃទី១១មិថុនា។

បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនល្មើសទាំងពីរ ធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើននាក់មកហើយ៕

Tag:
 បរទេស
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com