អន្តរជាតិ
តើនីវ៉ូទឹកសមុទ្រជាអ្វី ហើយគេវាស់វាដូចម្តេច?
× តាមរយៈអត្ថបទមួយចំនួន ដែលអ្នកធ្លាប់អានអំពីប្រែប្រួលអាកាសធាតុ អ្នកប្រហែលជាបានឃើញពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ឬនីវ៉ូទឹកសមុទ្រ។ ពេលខ្លះអ្នកអាចមិនយល់ថា អ្វីទៅជានីវ៉ូទឹកសមុទ្រ។ តែមិនមែនជារឿងចម្លែកទេ ដ្បិតនីវ៉ូទឹកសមុទ្រ គឺជាការវាស់ស្ទង់បែបបច្ចេកទេសមួយដែលមានលក្ខណៈស្មុគស្មាញខ្លាំង។
តាមពិតទៅ កម្ពស់ទឹកសមុទ្រនៅតាមតំបន់នីមួយៗនៃភពផែនដី មិនមានលក្ខណៈដូចគ្នាទាំងអស់នោះឡើយ។ កម្ពស់ទឹកសមុទ្រនៅតាមតំបន់នីមួយៗទាំងអស់នេះ ប្រែប្រួលទៅតាមសម្ពាធបរិយាកាស សីតុណ្ហភាព សណ្ឋានដីក្រោមទឹក ឬទំនាញផែនដីជាដើម។ ចុះបើវាប្រែប្រួលយ៉ាងនេះ តើគេវាស់នីវ៉ូទឹកសមុទ្រដោយវិធីសាស្ត្រណា?
ដោយប្រើប្រាស់បច្ចេកវិទ្យាវិទ្យាសាស្ត្រដូចជាប្រព័ន្ធ GPS ជាមួយនឹងការគណនាជាច្រើនទៀត អ្នកធរណីវិទូ បានបង្កើតតារាងដែលសិក្សាអំពីនីវ៉ូទឹកសមុទ្រស្តង់ដារមួយដែលមានឈ្មោះថា Earth Gravitational Model ឬ EGM ។ ទិន្នន័យដែលប្រមូលបានគឺជាការសិក្សាអស់រយៈពេល១៩ឆ្នាំ ជាមួយនឹងការកត់ត្រាជារៀងរាល់ម៉ោង ជាមួយនឹងឧបករណ៍ស្វ័យប្រវត្តិនានា។ នីវ៉ូទឹកសមុទ្រដែលអ្នកបានលឺក្នុងការលើកឡើងរបស់សារព័ត៌មាននោះគឺ នីវ៉ូទឹកសមុទ្រមធ្យមនៃពិភពលោក ឬហៅថា Mean Sea Level ។
មានលក្ខណៈចម្បងបីយ៉ាង ដែលមានឥទ្ធិពលទៅកាន់កម្ពស់ទឹកសមុទ្រ។ ទី១៖ ចលនារបស់សណ្ឋានដីក្រោមសមុទ្រ ឬផ្លាកតិចតូនិច។ សណ្ឋានដីធំៗទាំងនេះអាចប្តូររូបរាង កម្ពស់ និងទំហំ ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់កម្ពស់នីវ៉ូទឹកសមុទ្រ។ ទី២៖ បរិមាណទឹកក្នុងសមុទ្រ កើតមកពីការកក ឬរលាយនៃសណ្ឋានទឹកកកក្នុងតំបន់ប៉ូល។ និងទី៣៖ សីតុណ្ហភាពដែលអាចធ្វើឲ្យទឹកសមុទ្ររីកឬរួមបាន៕
Tag:
នីវ៉ូទឹកសមុទ្រ
ប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com