កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ត្រូវលើកពេលប្រកួត ដើម្បីទុកពេលឲ្យក្លិបដោះដូរកីឡាករ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែលគ្រោងប្រកួតនៅថ្ងៃពុធ ស្អែកនេះ ត្រូវលើកពេលទៅប្រកួតសប្តាហ៍ក្រោយ។ ការលើកពេលប្រកួតនេះ គឺដើម្បីទុកពេលឲ្យក្លិបទាំង១៦រៀបចំបញ្ជីឈ្មោះកីឡាករក្នុងរដូវកាលដោះដូរកីឡាករឲ្យបានរួចរាល់ ព្រោះអាចមានក្លិបមួយចំនួនមានការផ្លាស់ប្តូរកីឡាករ។
ពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិវគ្គ១៦ក្រុមចុងក្រោយ ដែលគ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃពុធ ទី១៩ មិថុនា ត្រូវលើកពេលទៅប្រកួតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ នេះបើការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានចុះហត្ថលេខាដោយលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិ CNCC បានបញ្ជាក់ពីហេតុផលនៃការលើកពេលប្រកួតនេះថា គឺដើម្បីទុកពេលឲ្យក្លិបទាំង១៦រៀបចំការចុះបញ្ជីឈ្មោះកីឡាករឲ្យបានរួចរាល់ ក្នុងអំឡុងពេលដោះដូកីឡាករជើងទី២សម្រាប់ការប្រកួតក្របខណ្ឌខេមបូឌានលីគ។ ការដោះដូរកីឡាករសម្រាប់ជើងទី២ នឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២០ មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមទាំង១៦ខាងលើរួមមាន ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គរថាយហ្គឺរ ណាហ្គាវើល សូលទីឡូអង្គរ អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា គីរីវង់សុខសែនជ័យ កំពង់ចាម និងក្រុមឡើងមកពីថ្នាក់ខេត្តដូចជាត្បូងឃ្មុំ សៀមរាប និងរតនគីរី៕
Tag:
Hun Sen Cup 2019
CNCC
© រក្សាសិទ្ធិដោយ thmeythmey.com