ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖«ពេលដែលតុលាការចេញដីកាដាក់ទោសខ្ញុំច្រើន ខ្ញុំនឹងទទួលបានពានរង្វាន់ប្រជាធិបតេយ្យកាន់តែច្រើន»
× ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទទួលពានរង្វាន់ប្រជាធិបតេយ្យជាបន្តបន្ទាប់ ខណៈដែលរូបលោកកំពុងរស់នៅក្រៅប្រទេស ដោយសារបញ្ហាជាប់បណ្ដឹងនិងទោសរួមរឹត។ សម្រាប់លោក សម រង្ស៊ី ពានរង្វាន់ដែលខ្លួនទទួលបាននេះ គឺជាសមិទ្ធផលមួយ ដែលកើតចេញពីការប្ដឹងផ្ដល់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
«ពេលដែលលោក ហ៊ុន សែន ឲ្យតុលាការអាយ៉ងគាត់ ចេញដីកាដាក់ទោសខ្ញុំកាន់តែច្រើន ខ្ញុំទទួលបានពានរង្វាន់ប្រជាធិបតេយ្យកាន់តែច្រើន ពីទូទាំងពិភពលោក»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ដែលឆ្លើយតបនឹងការអត្ថាធិប្បាយ(Comment) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅលើហ្វេសប៊ុកផ្លូវការខ្លួន។
លោក សម រង្ស៊ី ដែលនិយាយបែបឌឺដងទៅសម្ដេច ហ៊ុន សែន នេះ ទើបតែទទួលបានពានរង្វាន់ប្រជាធិបតេយ្យមួយទៀតពីអង្គការពិភពលោកគ្មានអំពើប្រល័យពូជសាសន៍ (World Without Genocide) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ មិថុនា។ លោក សម រង្ស៊ី ដែលមិនបានទៅទទួលពានរង្វាន់នេះដោយផ្ទាល់នោះ បានពឹងឲ្យលោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ទៅទទួលជំនួសខ្លួន នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
មេដឹកនាំអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជារូបនេះ បានសរសេរមូលហេតុដែលខ្លួនអាចទទួលបានពានរង្វាន់យ៉ាងដូច្នេះថា៖«អង្គការ World Without Genocide ដែលប្រឆាំងអំពើប្រល័យពូជសាសន៍ក្នុងពិភពលោក http://worldwithoutgenocide.org/ បានប្រគល់ជូនលោក សម រង្ស៊ី នូវពានរង្វាន់ប្រជាធិបតេយ្យ មួយថ្មី សម្រាប់ឆ្នាំ ២០១៩ ដោយអង្គការនេះទទួលស្គាល់ថា លោក សម រង្ស៊ី បានពុះពារយ៉ាងមោះមុត ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនដល់ជនជាតិខ្មែរគ្រប់រូប»។
លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង ដោយសារបញ្ហាក្តីក្ដាំក្នុងរឿងនយោបាយនោះ ក៏ទើបទទួលបានពានរង្វាន់ ជាជើងឯកប្រជាធិបតេយ្យនៅកម្ពុជា ពីអង្គការសង្គមស៊ីវិលកូរ៉េ ឈ្មោះអង្គការវេទិកាសិទ្ធិមនុស្ស និងសន្តិភាពអាស៊ី (The Asia Human Rights and Peace Forum) កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូងផងដែរ។
គិតមកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង ដែលកំពុងនិរទេសក្រៅប្រទេស បានរងបណ្តឹងពីសម្ដេច ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល មិនតិចជាង១០នោះទេ ដោយក្នុងនោះ បណ្តឹង៨ ត្រូវបានជំនុំជម្រះរួចហើយ ខណៈបណ្តឹង២ទៀត កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ បណ្ដឹងទាំង៨ ដែលតុលាការកាត់ទោសរួចហើយនោះ តម្រូវឲ្យលោក សម រង្ស៊ី ជាប់គុកប្រមាណ១៣ឆ្នាំ និងបង់ប្រាក់ជាង១លានដុល្លារ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com