ភ្នំពេញ៖ កញ្ញា រ៉ុន សុភី គឺអតីតក្មេងរើសសំរាមដែលត្រូវបានគេស្គាល់ និងស្ងើចសរសើរ តាមរយៈរូបថតទទួលសញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលបង្ហោះក្នុងបណ្តាញសង្គម ដោយលោក Scott Neeson ប្រធានអង្គការមូលនិធិកុមារកម្ពុជា កាលពីពេលថ្មីៗនេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ យុវតីសុភី អះអាងថា Scott Neeson គឺជាមនុស្សដែលបានទាញនាងចេញពីជីវិតនៅលើគំនរសំរាម។ មានឱកាសទទួលបានការអប់រំ ជាពិសេសបានទៅសិក្សានៅប្រទេសអូស្ត្រាលី កញ្ញា រ៉ុន សុភី បានអរគុណ Scott ដែលបានចូលរួមកែប្រែជីវិតរបស់ខ្លួន។ ពីអតីតក្មេងរើសសំរាមដែលធ្លាប់សំឡឹងឃើញត្រឹមការងារនៅគំនរសំរាម ឬការងារនៅក្នុងរោងចក្រ ឥឡូវនេះ រ៉ុន សុភី មានក្តីស្រមៃថ្មី និងខ្ពស់ជាងមុន គឺនាងចង់ក្លាយជាអ្នកដឹកនាំក្នុងក្រុមហ៊ុនឯកជន ឬជាម្ចាស់អាជីវកម្មទៅថ្ងៃអនាគត។ យុវតីវ័យ២១ឆ្នាំរូបនេះ ក៏សង្ឃឹមដែរថា តាមរយៈការអប់រំដែលខ្លួនទទួលបាននេះ នឹងជួយឲ្យគ្រួសារខ្លួនរួចផុតពីភាពក្រីក្រ។
រស់នៅ និងបាយទឹកព្រឹកល្ងាច នៅលើគំនរសំរាម គឺជាអតីតកាលរបស់ កញ្ញា រ៉ុន សុភី ដែលបច្ចុប្បន្ន មានវ័យ២១ឆ្នាំ។ កើតនៅរាជធានីភ្នំពេញ នៅក្នុងគ្រួសារដែលមានជីវភាពលំបាកលំបិន ហើយជំពាក់បំណុលគេទៅទៀត សុភី មិនបានចូលរៀននៅអាយុ៦ឆ្នាំដូចកុមារដទៃឡើយ។ នាងត្រូវដើររើសអេតចាយ នៅគំនរសំរាមស្ទឹងមានជ័យ ឬលក់នំចំណីផ្សេងៗ ដើម្បីបានប្រាក់កាសខ្លះ មកឲ្យឪពុកម្តាយដោះស្រាយបន្ទុក។
សុភី ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់ ដែលភាគច្រើនមិនបានចូលសាលារៀន។ ដោយសារជីវភាពក្រលំបាកពេក កុមារី សុភី មិនដែលធ្លាប់គិតថា ខ្លួនមានឱកាសបានចូលរៀន ស្គាល់ប៊ិច សៀវភៅនោះឡើយ។ អ្វីដែលកុមារីរូបនេះ ដឹង ហើយត្រូវធ្វើជារៀងរាល់ថ្ងៃនោះ គឺធ្វើយ៉ាងណា ខំរើសអេតចាយ ឲ្យបានច្រើនដើម្បីលក់ និងយកប្រាក់ទៅឲ្យម្តាយ។
កញ្ញា រ៉ុន សុភី ដែលមានមាឌស្តើង ល្អិត និងសម្បុរសណ្តែកបាយ បានរំឭក ជីវិតកុមារភាពរបស់ខ្លួននៅលើគំនរសំរាមដូច្នេះ៖«ខ្ញុំរស់នៅលើគំនរសំរាមហ្នឹង គឺវាពិបាកខ្លាំងណាស់។ ពិបាកគ្រប់សព្វទាំងអស់ ទាំងការហូប ការគេងការអី គឺពិបាកទាំងអស់។ អត់មានផ្ទះជាក់លាក់។ យើងសង់ផ្ទះនៅលើដីគេ នៅពេលដែលគេត្រូវការ គេដេញយើងចេញ។ យើងរើពីមួយកន្លែង ទៅមួយកន្លែង។ ផ្ទះធ្វើពីតង់ ពេលភ្លៀងមក ដេកទាំងសើម។ ហើយបាយព្រឹក បានថ្ងៃរបស់ខ្ញុំ គឺនៅលើគំនរសំរាមហ្នឹងឯង។ ដល់ពេលល្ងាច យើងលក់អេតចាយបានលុយយកទៅឲ្យម៉ែ ម៉ែគាត់ទិញម្ហូបធ្វើទៅបានញ៉ាំបាយល្ងាចជុំគ្នាទៅ។ តែតាមធម្មតា គឺគំនរសំរាម ជាកន្លែងញ៉ាំបាយ ញ៉ាំអីរបស់ខ្ញុំ ហើយពេលហ្នុង ខ្ញុំអត់ខ្ពើមអីទេ ដោយសារវាជាកន្លែងដែលខ្ញុំរស់នៅ ជាកន្លែងដែលផ្តល់លុយឲ្យខ្ញុំ ហើយខ្ញុំនៅហ្នឹងស្និទ្ធស្នាលដូចមិត្តភក្តិ»។
សុភី នឹងប្រើចំណេះដឹង ទាញគ្រួសារឲ្យចេញផុតពីភាពក្រីក្រ
ដូចដែល អតីតក្មេងរើសសំរាម រ៉ុន សុភី បានរំឭកអ៊ីចឹង នាងរស់នៅ និងហូបចុក យ៉ាងស្និទ្ធស្នាល ហើយសកម្មភាពទាំងនេះ ត្រូវបានប្រតិបត្តិជារៀងរាល់ថ្ងៃ រហូតថ្ងៃមួយដែលនាង បានជួបលោក Scott Neeson ដែលប្រធានអង្គការមូលនិធិកុមារកម្ពុជា។ ថ្ងៃនោះ សុភី ស្ថិតក្នុងសម្លៀកបំពាក់ប្រឡាក់ស្រមកដូចសព្វដង ពាក់មួកចាក់ពណ៌ស្លាទុំ និងមានស្ពាយការ៉ុងអេតចាយពណ៌សនៅលើស្មាផង។ ឯមុខប្រឡាក់ដីដោយកន្លែង។ សុភី រៀបរាប់ថា នៅពេលជួប ស្កុត គាត់បានហៅនាង ឲ្យទៅរៀនភាសាអង់គ្លេស។ ស្របពេលដែល សុភី ចង់ស្គាល់ភាសាអង់គ្លេសនេះខ្លាំង គួបផ្សំនឹងការយល់ថា មានការរៀនសូត្រប៉ុណ្ណោះ ដែលអាចជួយគ្រួសារនាងមានជីវភាពប្រសើរនោះ ទើបកុមារីរូបនេះ មិនស្ទាក់ស្ទើរនឹងសុំម្តាយទៅរៀននោះឡើយ។
សុភី បញ្ជាក់៖«ដោយសារគ្រួសារខ្ញុំក្រ ហើយខ្ញុំអត់ចង់ក្រទៅមុខទៀត។ ខ្ញុំគិតថា បើខ្ញុំចេះអ៊ីចឹងទៅ អាចជួយគ្រួសារនៅពេលទៅមុខទៀត។ ហើយពេលនោះ នៅកន្លែងខ្ញុំរស់នៅ មានអ្នកដែលគេគ្រាន់បើជាងផ្ទះខ្ញុំ (ក្រដូចគ្នា តែគេគ្រាន់បើជាង) ហើយខ្ញុំចង់មានដូចគេ។ ខ្ញុំឃើញគ្រួសារខ្ញុំមានអត់ៗ ហើយកូនគេបានរៀន ហើយមើលទៅគេដូចប្រសើរ។ អ៊ីចឹងខ្ញុំគិតថា ខ្ញុំចង់ចូលរៀនដែរ ព្រោះខ្ញុំចង់ជួយគ្រួសារឲ្យចេញផុតពីភាពក្រីក្រ»។
ពីពេលនោះហើយ ដែលបានបើកឱកាសឲ្យកុមារី វ័យ១១ឆ្នាំ រ៉ុន សុភី បានស្គាល់ការរៀនសូត្រ រហូតក្លាយជាសិស្សដំបូងបង្អស់ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលទទួលបានអាហារូបករណ៍ពេញ ពីសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី។ មកទល់ពេលនេះ សុភី មិនអាចមិនរំឭកគុណ ប្រធានអង្គការមូលនិធិកុមារកម្ពុជានោះឡើយ។ សុភី រៀបរាប់ថា៖«បើខ្ញុំអត់បានជួបស្កុតទេ ឥឡូវហ្នឹងខ្ញុំប្រហែលជារៀបការបាត់ទៅហើយ។ ខ្ញុំក៏មិនដឹងថា ជីវិតនឹងទៅជាយ៉ាងណា? បន្តរើសសំរាមផងក៏មិនដឹង ឬក៏ធ្វើការរោងចក្រ? ពេលនោះ មានតែរើសសំរាម និងរោងចក្រទេ ដែលល្បីសម្រាប់ខ្ញុំ»។
សុភី ធ្លាប់ស្រមៃត្រឹមធ្វើកម្មកររោងចក្រ តែឥឡូវនាងចង់ក្លាយជាដឹកនាំ
ស្គាល់តែគំនរសំរាមតាំងតែពីតូច សុភី គ្មានក្តីស្រមៃអ្វីក្រៅពីការងារនៅគំនរសំរាម ឬធ្វើការងាររោងចក្រ នៅពេលខ្លួនធំឡើយនោះឡើយ។ ប៉ុន្តែពីបានចូលរៀន រហូតបានអាហារូបករណ៍ពេញ ពីសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៨នោះ សុភី បានបង្ហើបពីក្តីស្រមៃថ្មីរបស់ខ្លួន ដែលចង់ក្លាយជាដឹកនាំនៅក្នុងក្រុមហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួនទៅថ្ងៃអនាគត។
ទោះបីពេលនេះ សុភី មិនទាន់អាចរកប្រាក់ចំណូលមកជួយគ្រួសារបាន ស្របពេលដែល គ្រួសារនៅតែត្រដាបត្រដួសក៏ដោយ ប៉ុន្តែសុភី នៅតែមិនបោះចោលការសិក្សាឡើយ ព្រោះនាងចង់ជួយគ្រួសារក្នុងរយៈពេលវែង។ សុភី ពន្យល់ទាំងទឹកភ្នែក៖«ពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្ញុំអត់ប្រយោជន៍ ហើយខ្ញុំចង់បញ្ឈប់ ប៉ុន្តែខ្ញុំគិតមួយទៀតថា វាគ្រាន់តែជាគោលដៅរយៈពេលខ្លីរបស់ខ្ញុំ។ បើខ្ញុំចេញធ្វើការ ខ្ញុំឈប់រៀនទៅ មិនប្រាកដថា ខ្ញុំអាចជួយគាត់បាន ដូចដែលខ្ញុំបន្តការសិក្សា យើងបានរៀនជ្រៅជ្រះ។ ទោះបីជាយ៉ាងម៉េច ក៏យើងអាចបានលុយច្រើនជាងយើងឈប់ឥឡូវហ្នឹងដែរ។ ខ្ញុំចង់ជួយគ្រួសារខ្ញុំរយៈពេលវែង មិនត្រឹមរយៈខ្លី ហើយជួយបានខ្លាំងជាងអ្វីដែលខ្ញុំចង់បានទៀត។ អ៊ីចឹងខ្ញុំនៅតែបន្តការសិក្សាទៀត។ ម្យ៉ាងម៉ាក់ប៉ា ខ្ញុំគាត់ក្រ គាត់និយាយថា គាត់អត់មានអីចែកឲ្យកូន ប៉ុន្តែគាត់ថា គាត់មានតែអាហ្នឹង(ចំណេះ)ជំរុញឲ្យកូនទៅរៀន»។
លើសពីនេះទៅទៀត សុភី សង្ឃឹមថា នាងនឹងអាចជួយជ្រោមជ្រែងជីវភាពគ្រួសារឲ្យល្អប្រសើរជាងពេលបច្ចុប្បន្ន តាមរយៈការខំប្រឹងរៀន ឲ្យមានការងារធ្វើ និងឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួន ដែលចង់ក្លាយជាអ្នកដឹកនាំនោះ៕