អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​បីនាក់​និង​អ៊ុយ​ក្រែ​ន​ម្នាក់ ត្រូវ​ចោទប្រកាន់​ករណី​បាញ់​ទម្លាក់​យន្តហោះ MH17
20, Jun 2019 , 1:34 pm        
រូបភាព
ជនដែលត្រូវចោទទាំងបួននាក់។ រូបភាព AFP
ជនដែលត្រូវចោទទាំងបួននាក់។ រូបភាព AFP
ជាង​បួន​ឆ្នាំក្រោយ​សោកនាដកម្ម ទើប​រកមុខ​ជន​ត្រូវ​ចោទ​ឃើញ​។ ក្រុម​ស៊ើបអង្កេត​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែមិថុនា បាន​ចោទប្រកាន់​មនុស្ស​បួន​នាក់​ថា នៅ​ពីក្រោយ​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​នៃ​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ជើងហោះហើរ MH17 ក្នុង​ដែនអាកាស​អ៊ុយ​ក្រែ​ន​។ មនុស្ស​២៩៨ នៅលើ​យន្តហោះ​សុទ្ធតែ​បាត់បង់​ជីវិត​ទាំងអស់​។ រុស្ស៊ី បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការចោទប្រកាន់​នេះ ខណៈ​គ្រួសារ​អ្នករងគ្រោះ​រីករាយ​ដែល​ការរក​យុត្តិធម៌​ទៅមុខ​។​



​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​ចម្រុះ​ដឹកនាំ​ដោយ​ហូ​ឡង់ បាន​បញ្ចេញ​មុខ​ជនជាប់ចោទ​បួននាក់​ដែល​ត្រូវ​ទទួលខុសត្រូវ​ករណី​បាញ់​ទម្លាក់​យន្តហោះ Malaysia Airlines ជើងហោះហើរ MH17 កាលពី​ឆ្នាំ​២០១៤ ។ ក្នុងចំណោម​ជនសង្ស័យ​នេះ មាន​ជនជាតិ​រុស្ស៊ី​បីនាក់ និង​ជនជាតិ​អ៊ិ​យ​ក្រែ​ន​ម្នាក់​ផង​។ ពួកគេ ជា​ជនសង្ស័យ​ដំបូង​ដែល​ត្រូវ​ប្រឈមមុខ​ដំណើរ​ការរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ទាំង​២៩៨​នាក់ ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​។​

​ការកាត់ក្ដី​ជន​ទាំងពីរ​មាន​ប្រវត្តិ​ជា​យោធា និង​ចារកម្ម​ផង​នោះ នឹងធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០២០ ក្នុង​តុលាការ​ហូ​ឡង់​ដែលមាន​ជនជាតិ​របស់ខ្លួន​ស្លាប់​ច្រើនជាងគេ​។ មាន​ភាគរយ​ច្រើន​ដែល​ការកាត់ក្ដី ធ្វើឡើង​ដោយ​កំបាំងមុខ ដ្បិត​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទំនងជា​មិន​បញ្ជូន​ជនជាតិ​ខ្លួន​ឲ្យ​ទៅ​តវ៉ា​ក្ដី​ចំពោះមុខ​តុលាការ​បរទេស​ឡើយ​។ ជន​ទាំង​បួន​មានឈ្មោះ​ដូចជា Igor Girkin, Sergei Dubinsky and Oleg Pulatov និង Leonid Kharchenko ។​

​ក្នុង​សន្និសីទ​ថ្ងៃទី​១៩ ខែមិថុនា អគ្គរាជអាជ្ញា​ហូ​ឡង់ Fred Westerbeke និយាយថា ជន​ទាំង​បួន​ទទួលខុសត្រូវ​លើ​ការ​នាំចូល​ប្រព័ន្ធ​មី​ស៊ី​ល BUK ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ទោះជា​មិនបាន​ចុច​ប៊ូ​តុង​បាញ់​ក៏ដោយចុះ​។ មន្ត្រី​ច្បាប់​ហូ​ឡង់​រូបនេះ​បន្តថា ក្រុម​លោក​មិន​ទាមទារ​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ជន​ទាំង​នេះឡើយ តែ​សូម​ឲ្យ​រុស្ស៊ី​ជួយផ្ដល់​កិច្ចសហការ​ពេលនេះ​ផង ដ្បិត​នៅមាន​សំណួរ​ច្រើន​ទៀត​ដែល​មិនទាន់មាន​ចម្លើយ​នៅឡើយ​។


អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke ក្នុងសន្និសីទព័ត៌មាន។ រូបភាព AFP

​រុស្ស៊ី​ឯណោះ​វិញ បាន​ទាត់ចោល​ការទម្លាក់​កំហុស​លើ​ខ្លួន​ម្ដងទៀត​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្រសួងការបរទេស​រុស្ស៊ី ចាត់ទុក​ការចោទប្រកាន់​របស់​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​នេះ ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ធ្វើឡើង​ដើម្បី​បង្ខូច​មុខមាត់​រុស្ស៊ី​លើ​ឆាក​អន្តរជាតិ​។ ក្រសួង​ដដែល​អះអាងថា តាំងពី​ថ្ងៃ​ដំបូង​នៃ​សោកនាដកម្ម​នេះ រុស្ស៊ី​តែង​ចង់រក​ការពិត និង​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស៊ើបអង្កេត​នេះ​។ 

​សូមបញ្ជាក់ថា ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​នេះ មាន​សមាសភាព​មកពី​ប្រទេស​ដែលមាន​ជនរងគ្រោះ​ច្រើន​ដូចជា​ហូ​ឡង់ អូស្ត្រាលី បែលហ្ស៊ិក ម៉ាឡេស៊ី និង​អ៊ុយ​ក្រែ​ន​ជាដើម​។ ជនជាតិ​ហូ​ឡង់​ចំនួន​១៩៦ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ខណៈ​អូស្ត្រាលី​មាន​៣៨​នាក់​ផងដែរ​។ កាលពី​ខែឧសភា ឆ្នាំ​២០១៨ អូស្ត្រាលី និង​ហូ​ឡង់​ចោទ​រុស្ស៊ី​ជា​ផ្លូវការ​ថា ថា​នៅ​ពីក្រោយ​សោកនាដកម្ម​នេះ ហើយ​ភស្តុតាង​សំខាន់​ជាងគេ​មួយ គឺ​មី​ស៊ី​ល BUK របស់​រុស្ស៊ី​តែម្ដង​៕



Tag:
 រុស្ស៊ី​
  អ៊ុយ​ក្រែ​ន​
  ហូ​ឡង់​
  MH17
© រក្សាសិទ្ធិដោយ thmeythmey.com