ជាតិ
សង្គមជាតិ
អង្គការសារព័ត៌មានអន្តរជាតិ ទាមទារឲ្យតុលាការដោះលែងលោក រ៉ាត់ រត្នមុនី
× អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានសេចក្តីថ្លែងការណ៍ទាមទារឲ្យតុលាការរាជធានីភ្នំពេញ ទម្លាក់បទចោទចេញពីលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាសាឲ្យសារព័ត៌មាន RT របស់រុស្ស៊ី។ អង្គការនេះ ចាត់ទុកការចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី ថាមានភាពលម្អៀង។
អង្គការអ្នកកាសែតគ្មានព្រំដែន បានអះអាងថា លោក រ៉ាត់ រត្នមុនី មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការរាធានីភ្នំពេញនោះទេ ដោយលោកគ្រាន់តែបានចូលរួមបង្ហាញផ្លូវពីបទល្មើសនៃការជួញដូរផ្លូវភេទក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
លោក Daniel Bastard ប្រធានអង្គការអ្នកកាសែតគ្មានព្រំដែនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកឡើងក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ថា បទចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
លោក ថ្លែង៖«ការគាបសង្កត់របស់សមត្ថកិច្ចទៅលើសាក្សី ការមិនយកចិត្តទុកដាក់លើភស្ដុតាង និងការអះអាងទាំងឡាយរបស់ក្រុមមេធាវីការពារ និងភាពលម្អៀងទៅរកអយ្យការ គឺដល់ពេលដែលត្រូវបញ្ចប់ភាពអយុត្តិធម៌ ហើយដោះលែងលោក រ៉ាត់ រត្នមុនី ឲ្យមានសេរីភាពវិញ។ អ្វីដែលលោកបានធ្វើគឺគ្រាន់តែចូលរួមបង្ហាញផ្លូវនៃការជួញដូរផ្លូវភេទដល់សាធារណជនប៉ុណ្ណោះ»។
ក្នុងសវនាការកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក រ៉ាត់ រត្នមុនី បានការពារខ្លួនថា លោកមានតួនាទីជាអ្នកបកប្រែ មិនមែនជាអ្នកផលិតខ្សែភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ» នោះទេ។ នាយកទូរទស្សន៍ RT លោក Ekaterina Yakovlev ក៏បានចេញលិខិតបញ្ជាក់ផងដែរថាលោក រ៉ាត់ រត្នមុនី ត្រឹមតែជាអ្នកបកប្រែ និងសម្របសម្រួលក្នុងភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ»។
រដ្ឋាភិបាលកម្ពុជាបានចោទថា ភាពយន្តឯកសារនោះគឺជាការប្រឌិតក្នុងគោលបំណងធ្វើឲ្យខូចកិត្តិយសស្ត្រីកម្ពុជា ក្រោយចេញផ្សព្វផ្សាយដោយ RT កាលពីខែកញ្ញា ឆ្នាំ២០១៨។ លោក រ៉ាត់ រត្នមុនី ត្រូវតុលាការចោទពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
គិតមកដល់ពេលនេះលោកបានជាប់ពន្ធនាគារអស់រយៈពេលជាង៦ខែហើយ ខណៈសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមនៅថ្ងៃទី២៦ មិថុនា ខាងមុខនេះ៕ © រក្សាសិទ្ធិដោយ thmeythmey.com