កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​ទ័ព​និង​ស្វាយរៀង​ប្រកួត​ក្រៅ​ទឹកដី​
22, Jun 2019 , 9:19 am        
រូបភាព
កីឡាករ អ៊ន ចាន់ប៉ូលីន (អាវក្រហម) កីឡាករ ឈង់ ប៊ុនណាត (អាវសក្រោមជើងទីកក្រូច), រូបភាពពី CNCC
កីឡាករ អ៊ន ចាន់ប៉ូលីន (អាវក្រហម) កីឡាករ ឈង់ ប៊ុនណាត (អាវសក្រោមជើងទីកក្រូច), រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​១២ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២២ មិថុនា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន R.S.N ស្វាគមន៍​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​ក្រសួងការពារជាតិ​(​ទ័ព​)​និង​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​គូប្រជែង​នៅក្រៅ​ទឹកដី​។

 
​ភ្នំពេញ​ក្រោ​ន​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ វេ​ល​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន R.S.N
 
​នេះ​ជា​ជំនួប​ដ៏​ជក់ចិត្ត​និង​តានតឹង​ប្រចាំ​ថ្ងៃនេះ ខណៈ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវ​ឈ្នះ ដើម្បីរ​ក្សាគ​ន្លាត​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​។ ក្រោយ​ចាញ់​សូល​ទី​ឡូ​អង្គរ ១-០ នៅ​សប្តាហ៍​ទី​៨ ភ្នំពេញ​ក្រោ​ន​បាន​ស្តារ​មុខមាត់ តាមរយៈ​ការយក​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ក្នុងនោះ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១ ក្រសួងការពារជាតិ ៣-១ និង​អគ្គិសនី​កម្ពុជា ៥-០​។ ជ័យជម្នះ​ជា​បន្តបន្ទាប់​នេះ​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​មួយ​នេះ ឡើងទៅ​ឈរ​លេខ​រៀង​ទី​៦​មាន​១៨​ពិន្ទុ​។ 
 
​ងាក​មក​មើល​អង្គ​រថា​យ​ហ្គឺ​រ ១១​ប្រកួត​កន្លងមក ពួកគេ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ គឺ​ក្រោម​ថ្វី​ជើង​ណាហ្គា​វើ​ល​ដោយ​លទ្ធផល ៤-០​។ បច្ចុប្បន្ន​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​២៤​ពិន្ទុ ក្រោយ​ឈ្នះ​៧ ស្មើ​៣ និង​ចាញ់​១​។ សម្រាប់​៣​ប្រកួត​ចុងក្រោយ ពួកគេ​ឈ្នះ​ទាំង​៣​ប្រកួត ដោយ​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤-២ សូល​ទី​ឡូ​អង្គរ ៣-០ និង​គីរីវង់​សុខ​សែន​ជ័យ ២-០​។ 
 
​អាស៊ី​អឺរ៉ុប​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន A.E.U Park
 
​ជ័យជម្នះ ៣-១ លើ​ក្រុម​វិសាខា​កាលពី​សប្តាហ៍​មុន វា​ជា​កាដូ​លើកទឹកចិត្ត​សម្រាប់​កីឡាករ​អាស៊ី​អឺរ៉ុប ដើម្បី​បន្ត​ស្វែងរក​ជ័យជម្នះ​ពី​ជើង​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង​នៅថ្ងៃនេះ​។ គេ​សង្កេតឃើញ​មួយរយៈ​ចុងក្រោយ​អាស៊ី​អឺរ៉ុប​ឡើង​ជើង​គួរ​ឲ្យ​កត់សម្គាល់ ដោយបាន​យកឈ្នះ​ក្រុម​បាត​តារាង​កំពង់ចាម ៥-0 យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៦-១ និង​ឈ្នះ​វិសាខា ៣-១ កាលពី​សប្តាហ៍​មុខ​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ​យកឈ្នះ​សម្រាប់​អាស៊ី​អឺរ៉ុប​ឡើយ ព្រោះ​១១​ប្រកួត​កន្លងមក​ព្រះខ័ន​រាជ​ស្វាយរៀង​មិនទាន់​ស្គាល់​បរាជ័យ​នោះឡើយ ដោយ​ឈ្នះ​៩ និង​ស្មើ ២​។ ជ័យជម្នះ​វា​ជា​អ្វីដែល​ស្វាយរៀង​ត្រូវការ​នៅថ្ងៃនេះ ដើម្បី​បន្ត​គ្រង​កំពូល​តារាង​។ បច្ចុប្បន្ន​ស្វាយរៀង​ស្ថិតនៅ​កំពូល​តារាង​មាន​២៩​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​៨​មាន​១៦​ពិន្ទុ​។ 
 
​អគ្គិសនី​កម្ពុជា​ប៉ះ​ក្រសួងការពារជាតិ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​
 
​ក្រោយ​ស្មើ ២-២ ជាមួយ​អាស៊ី​អឺរ៉ុប​នៅ​សប្តាហ៍​ទី​៦​ក្រុម​អគ្គិសនី​កម្ពុជា​ស្គាល់​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​៥​ប្រកួត​របស់គេ ដោយ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១​។ ប៉ុន្តែ​ចាញ់​ណាហ្គា​វើ​ល ៣-០ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១-០ សូល​ទី​ឡូ​អង្គរ ៤-២ និង​ចាញ់​ភ្នំពេញ​ក្រោ​ន ៥-០​។ ការប្រកួត​១១​លើក​កន្លងមក​របស់​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​១១​មួយ​នេះ គឺ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​៧​។ 
 
​ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើងភ្នំ​ពេញ​ក្រោ​ន ៣-១ និង​ព្រះខ័ន​រាជ​ស្វាយរៀង ២-១ ក្រសួងការពារជាតិ​ត្រូវការ​ឈ្នះ​អាស៊ី​អឺរ៉ុប​នៅថ្ងៃនេះ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​។ បច្ចុប្បន្ន​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ទេព ឡុង​រចនា ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​១៧​ពិន្ទុ ដោយ​ចាញ់​ក្រុម​កំពូល​តារាង​រហូត​១២​ពិន្ទុ​៕     
 

Tag:
 Cambodian League 2019
  ភ្នំពេញ​ក្រោ​ន​
  អង្គ​រថា​យ​ហ្គឺ​រ​
  ទ័ព​
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com