ONE Championship
កីឡាជាតិ
ជាតិ
កូន​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បង្កើន​ការហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន ONE ចុងឆ្នាំ​នេះ
22, Jun 2019 , 12:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​ជើង​ខ្លាំង​គុន​ចម្រុះ​កូន​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ នៅ​ក្លិប Modern Martial Arts and Fitness ដែល​ស្ថិតនៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ដើម្បី​ឡើង​ប្រកួត​លើស​ង្វៀន ONE នា​ចុងឆ្នាំ ២០១៩​នេះ​។ សុ​វណ្ណា​រី ទទួលដំណឹង​ថា​អាច​នឹង​ប្រកួត​នៅ​ខែតុលា ប៉ុន្តែ​គូប្រជែង​នៅ​មិនទាន់​ដឹង​ច្បាស់​ឡើយ​។

 
​កីឡាការិនី​ដែល​ទើប​ចុះឈ្មោះ​ជា​សមាជិក​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុ​ជាថ្មីៗ​នេះ​បាន​បញ្ជាក់ថា ៖«​ខ្ញុំ​មិនទាន់​ដឹង​គូប្រជែង​ឡើយ តែ​ខ្ញុំ​ទទួលដំណឹង​ថា​ឡើង​ប្រកួត​នា​ខែ តុលា ខាងមុខ​។ យ៉ាងណាក្ដី រាល់ថ្ងៃ​ខ្ញុំ​ហាត់​ខ្លាំងណាស់​ជាមួយ​គ្រូ​របស់ខ្ញុំ Justen Hamilton ដែលជា​គ្រូបង្វឹក​បាន​បង្ហាត់​ខ្ញុំ​តាំងពី​បង្ហាញខ្លួន​លើកដំបូង​កាល​ចុងឆ្នាំ ២០១៨​។ ឥឡូវនេះ​ខ្ញុំ​រឹតតែ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន ទាំង ជី​ជិត​ស៊ូ និង ជំនាញ​ក្បាច់គុន MMA»​។​
 
​កូន​ខ្មែរ​នៅ​អាមេរិក​រូបនេះ​មិន​ខ្លាចរអា​នឹង​គូប្រជែង​ទោះ​អ្នកណា​ក៏ដោយ ឲ្យ​តែ​ត្រូវ​គីឡូ​គ្នា​។ កីឡាការិនី​ដែលមាន​ប្រវត្តិ​ប្រកួត​គុន​ចម្រុះ ៣ លើក​ដដែល​នេះ​មាន​ទំនុកចិត្ត​ដោយសារ​ការហ្វឹកហាត់​ខ្លាំង និង​ត្រៀមខ្លួន​ជានិច្ច​។ ក្រោម​ការ​បង្វឹក​របស់​លោក Justen សុ​វណ្ណា​រី ទទួលបាន​លទ្ធផល​ឈ្នះ​លើកដំបូង​កាល​ចុងឆ្នាំ ២០១៨ នៅ​សង្វៀន ONE ហើយ​លទ្ធផល​ល្អ​នេះ​នឹងត្រូវ​រំពឹងទុក​បន្ថែមទៀត​នៅ​ចុងឆ្នាំ ២០១៩​នេះ​ដើម្បី​បង្កើន​កំណត់ត្រា​ឈ្នះ​លើក​ទី​២​។​


 
​ជាមួយគ្នា​នោះ​កីឡាការិនី​វ័យ​២៦​ឆ្នាំ​បាន​សរសើរ​ដល់​ស្ថាប័ន ONE យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​សូម​សរសើរ ONE ដោយស្មោះ​ដែល​តែងតែ​អញ្ជើញ​កីឡាករ​-​កីឡាការិនី​ខ្មែរ​មក​ប្រកួត ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ទោះ​។ ការចាប់​គូ​មិន​ត្រឹមតែ​យក​កីឡាករ​ដ៏​អស្ចារ្យ​ទេ ប៉ុន្តែ​ក៏​នាំ​កីឡាករ​ដែលមាន​រឿង​ល្អៗ និង​ប្រវត្តិ​ល្អៗ​មក​ប្រកួត​ដែរ​។ ONE មិនមែន​គ្រាន់តែ​ការប្រកួត​លើស​ង្វៀន ប៉ុន្តែ គេ​មាន​ក្រុមការងារ​ជាច្រើន​ធ្វើការ​ដើម្បី​សហគមន៍ និង ក្បាច់គុន​។ នេះ​ជា​អ្វី​ខ្ញុំ​ពេញចិត្ត ស្ថាប័ន ONE»​។​
 
​កីឡាការិនី​សម្បុរ​ស្រអែម​បាន​ចូល​សង្វៀន​គុន​ចម្រុះ ឬ MMA តាំងពី​ឆ្នាំ ២០១៦ មក បន្ទាប់ពី​ចាប់​ហ្វឹកហាត់​ប្រដាល់សកល​តាំង​ឆ្នាំ ២០១២​។ ហើយ​ឆ្នាំ ២០១៤ គេ​ចូល​ហ្វឹកហាត់​ក្បាច់គុន ជី​ជិត​ស៊ូ ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ក្បាច់គុន​មួយ​ក្នុង​ជំនាញ​ក្បាច់​ទាំងឡាយ​សម្រាប់​ប្រើ​ក្នុងការ​ប្រកួត​គុន​ចម្រុះ​។ លើសពីនេះទៅទៀត រូបគេ​បាន​ចូល​ហ្វឹកហាត់​ចំបាប់ យូ​ដូ និង ប្រដាល់សេរី ដែល​អាច​នាំ​ឲ្យ​ខ្លួន​ក្លាយជា​កីឡាការិនី​លេចធ្លោ​ម្នាក់​តំណាង​ឲ្យ​កម្ពុជា​។​
 
​គូរ​រំលឹក​ដែរ​ថា កូន​ខ្មែរ​កើត​នៅ​អាមេរិក អែម សុ​វណ្ណា​រី បាន​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​ចំនួន ៣ លើក មិនដែល​ចាញ់​។  ដោយ ២ លើកដំបូង​ប្រកួត​ដាក់​ទ្រុង​នៅ​អាមេរិក សុ​វណ្ណា​រី ឈ្នះ​កីឡាការិនី​អាមេរិក Lanikqua Robins នា​ទឹក​ទី​១  កាល​ខែធ្នូ​ឆ្នាំ ២០១៦ និង ឈ្នះ​កីឡាការិនី​អាមេរិក Evelyn Nieves នៅ​ទឹក​ទី​១ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៧​។ កំណត់ត្រា​ប្រកួត​ចុងក្រោយ សុ​វណ្ណា​រី ឈ្នះ​កីឡា​កា​រិ​និ​អ៊ុយ​ក្រែ​ន Iryna Kyselova នៅ​សង្វៀន ONE កាល​ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី​។ អ្នកលេង​ចម្រុះ​កូន​ខ្មែរ​នៅ​អាមេរិក​រូបនេះ បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ហើយ​ការចុះឈ្មោះ​នេះ​ជា​ប្រយោជន៍​សំខាន់​ផ្ទាល់ខ្លួន​មួយ រួមទាំង​ការឡើង​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​៕ 
 

Tag:
 MMA
  អែម សុ​វណ្ណា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com