ពីនេះ ពីនោះ
ពាក្យ«ប៉ូលិស»ដើមកំណើតដូចម្តេច?
× នៅក្នុងសម័យបច្ចុប្បន្ន ពាក្យថា«ប៉ូលិស»ជាទូទៅមានន័យជារួមថា ក្រុមកម្លាំងមនុស្សដែលមានតួរនាទីក្នុងការរក្សាសណ្តាប់ធ្នាប់ទៅតាមលក្ខខណ្ខនៃច្បាប់។ សម្រាប់កម្ពុជាពាក្យ«ប៉ូលិស»ជាពាក្យកម្ចីពីបារាំងថា «Police» ។
គេហទំព័រ greece.greekreporter.com បានពន្យល់ថា ពាក្យ Police មានដើមកំណើតមកពីពាក្យឡាតាំងដែលគេសរសេរថា «Politia» ។ តែពាក្យឡាតាំងមួយនេះមានដើមកំណើតមកពីពាក្យកាន់តែចំណាស់ទៅទៀត។ ពាក្យចំណាស់នោះត្រូវបានសរសេរថា «Politeia» មានដើមកំណើតមកពីប្រទេសក្រិកបុរាណ។
Politeia មានន័យថា ប្រជារាស្ត្រ រដ្ឋបាល រាជការ ឬ អង្គការ។ ពាក្យទាំងនេះមានឫសគល់ចំបងមកពីបុព្វបទ «Polis» ដែលមានន័យថា «ទីក្រុង»។ សម្រាប់ប្រទេសក្រិកបុរាណ ពាក្យ Politeia ប្រកបអត្ថន័យថា ជាក្រុមមនុស្សគ្រប់ផ្នែកទាំងអស់ដែលមាននាទីក្នុងការគ្រប់គ្រងដែនដីទីក្រុង។ សម្រាប់ក្រិកបុរាណ ពាក្យសម្រាប់សម្គាល់ក្រុមប៉ូលិសតែម្តងត្រូវបានគេសរសេរថា «Astynomia»។
ចាប់ពីសតវត្សទីប្រាំមុនគ្រិស្តសករាជ កម្លាំងប៉ូលីសនៃក្រិកបុរាណ បានចាប់ផ្តើមមាន និងពង្រឹងឥទ្ធិពលរបស់ខ្លួន ហើយតួរនាទីរបស់ពួកគេក៏មានភាពស្រដៀងគ្នាជាមួយនឹងក្រុមប៉ូលិសក្នុងពេលសព្វថ្ងៃដែរ។ ទីក្រុងអាតែន ដែលជាទីក្រុងចំណាស់មួយរបស់ក្រិក បានប្រគល់តួនាទីទៅកាន់ក្រុមប៉ូលិសក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ អនាម័យ រក្សាសីលធម៌ ពិនិត្យផ្សារលក់ដូរ ពិនិត្យការសាងសង់ ឬពិនិត្យជនបរទេសជាដើម៕
Tag:
ប៉ូលិស
ចំណេះដឹងទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com