ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹង​អំពី​ភាពគ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​
24, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​លឿន​មិន​ពិបាក​រញ៉េរញ៉ៃ ថោក ឆ្ងាញ់ និង​ស្រួល​រក​ទិញ​។ ហេតុ​ដូច្នេះហើយ ទើប​មនុស្ស​យើង​ច្រើនតែ​ជ្រើសរើស​វា​ចៀសវាង​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ជាពិសេស​ក្នុងពេល​រស់នៅក្នុង​ជីវិត​ដែលមាន​ភាព​មរ​មា​ញឹក​ច្រើន​។ ចាប់តាំងពី​វា​ងាយស្រួល​ក្នុងការ​វិច​ខ្ចប់ និង​ផ្តល់នូវ​តម្រូវការ​បាន​ច្រើន ជាពិសេស​គ្រប់​ពេលដែល​ស្ត្រេ​ស ថប់​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ប្រ​ញ៉ាប់ តែ​វា​អាចជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកទទួល​ទាន​ងាយ​នឹង​ញ៉ាំ​វា​ច្រើន​ជ្រុល​ណាស់​។


 
​ទោះបីជា​យ៉ាងណាក៏ដោយ មាន​គ្រោះថ្នាក់​ច្រើនណាស់​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល​។ 
 
​ឡើង​ទម្ងន់​ខ្លាំង​
 
​ពិតណាស់ វា​គឺ​ងាយ​នឹងធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ខ្លាំងណាស់​បើសិនជា​អ្នក​ញ៉ាំ​ច្រើនជាង​តម្រូវការ​ចាំបាច់​។ នេះ​គឺជា​រឿង​ដែល​អាច​នឹង​កើតឡើង​នៅពេល​អ្នកផ្តល់​កាឡូរី​ដល់​រាងកាយ​ជាង​អ្វីដែល​គេ​ត្រូវការ​។ កាន់តែខ្លាំង​ទៀត​នោះ​គឺថា បើសិនជា​អ្នក​មិនបាន​ហាត់ប្រាណ​ទៀងទាត់​ទេ ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​គឺជា​រឿង​ដែល​ងាយ​នឹង​ឡើង​ទម្ងន់​ខ្លាំងណាស់ ដោយសារតែ​កាឡូរី​ដែល​ញ៉ាំ​លើស​នឹង​បំ​លែង​ទៅជា​កោសិកា​ខ្លាញ់​។ 
 
​លើស​សម្ពាធ​ឈាម​
 
​តើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​ច្រើន ជាពិសេស​អាហារ​កែឆ្នៃ និង​អាហារ​លឿន​? បើសិនជា​ចឹ​ង​មែន វា​ពិតជា​គ្មានអ្វី​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​បើសិនជា​សម្ពាធ​ឈាម​អ្នក​ឡើង​លើសពី​ធម្មតា​ជាប់​រហូត​នោះ ព្រោះ​អាហារ​ដែល​អ្នក​ញ៉ាំ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ដែល​អាចធ្វើ​ឲ្យ​មាន​ជំងឺ​ដោយ​មិន​ផ្តល់​ជា​រោគសញ្ញា​ដឹង​មុន​ឡើយ​។ បើសិនជា​សម្ពាធ​ឈាម​ចេះតែ​លើស អ្នកនឹង​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម​ថែមទៀត​។ 
 
​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ជាធម្មតា ការដែល​ចូលចិត្ត​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ពេក អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លើស​កម្រិត​បាន​។ ដោយសារតែ​អាហារ​ដែល​អ្នក​ញ៉ាំ​ច្រើនៗ​នោះ​មិនមាន​ជាតិ​ផ្អែម មិនមែន​មានន័យថា វា​នឹងមិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឡើយ ព្រោះ​អាហារ​នោះ​អាច​សម្បូរ​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ឬ​អាមីដុង ដែល​អាចធ្វើ​ឲ្យ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ដូច្នេះ​កាលណា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​បែបនេះ អ្នក​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ជាមិនខាន​។ 
 
​ច្រាល​អាស៊ីត​ក្រពះ​
 
​ធម្មតា​ទេ កាលណា​អ្នក​បង្ខំ​ញ៉ាំ​អាហារ​ច្រើនៗ​រហូតដល់​ជ្រុល​ចូលទៅក្នុង​ក្រពះ​បែបនេះ​មិនមែនជា​រឿង​ល្អ​ឡើយ​។ នៅពេល​ក្រពះ​មិនអាច​ទទួលយក​បានទេ វា​នឹង​បង្ក​ជា​អាកា​រៈ​ច្រាល​អាស៊ីត​ឡើងទៅ​ខាងលើ​បំពង់ក​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com