ជាតិ
តុលាការខេត្តព្រះសីហនុចេញដីកាឃុំខ្លួនជនជាតិចិន៤នាក់ក្នុងករណីរលំអគារ
× សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិ៤នាក់ ជាបណ្តោះអាសន្ន ក្នុងករណីបាក់រលំអគា៧ជាន់នៅខេត្តព្រះសីហនុ។ ឧបទ្ទេវហេតុកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា កន្លងមក បានសម្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់។ នេះបើតាមរបាយការណ៍របស់ក្រុមសង្គ្រោះ ក្រោយបញ្ចប់ប្រតិបត្តិការកាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា។
តាមរយៈដីកាដាច់ដោយឡែកពីគ្នា លោក សុខ ហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តឃុំខ្លួន ពាណិជ្ជករជនជាតិចិនឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក ថៅកែម៉ៅការសំណង់ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជាងសំណង់ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នកមើលការងារការដ្ឋាន ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា អគារ៧ជាន់ដែលស្ថិតនៅចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបាក់រលំ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ អគារដែលកំពុងស្ថិតក្រោមការសាងសង់នេះ មានម្ចាស់ជនជាតិចិនឈ្មោះ Chen Kun ដែលបានជួលដីពីឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ។ អគារនេះ ត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមានថៅកែ ឈ្មោះ Deng Xing Gui និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ Gao Yu ។ ក្រោយឧបទ្ទវហេតុ អ្នកទាំងនោះត្រូវបានចាប់ខ្លួន។
ឧបទ្ទេវហេតុនេះ បានបង្ខំឲ្យលោក យន្ត មីន លាលែងតំណែងពីអភិបាលខេត្តព្រះសីហនុ នារយៈពេល២ថ្ងៃបន្ទាប់ ដោយមានការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តំណែងនេះ ត្រូវជំនួសដោយលោក គួច ចំរើន ដែលផ្ទេរខេត្តកំពង់ចាម។
សម្តេច ហ៊ុន សែន ដែលបានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ក៏បានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតួនាទីអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ដោយសម្តេចលើកឡើងថា មន្ត្រីរូបនេះ រាយការណ៍កុហក ហើយស្របពេលជាមួយគ្នា លោក គន់ គីម ត្រូវបានតែងតាំងជំនួសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com