កែ ប៊ិន​សូរ​ស្មី​៖ វត្តមាន ចៅ សួស្ដី នៅ​កម្ពុជា​អាច​ទទួលបាន​កីឡាករ​មាន​សមត្ថភាព​ពី​អូស្ត្រាលី​
ONE Championship
កីឡាជាតិ
ជាតិ
កែ ប៊ិន​សូរ​ស្មី​៖ វត្តមាន ចៅ សួស្ដី នៅ​កម្ពុជា​អាច​ទទួលបាន​កីឡាករ​មាន​សមត្ថភាព​ពី​អូស្ត្រាលី​
26, Jun 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ការចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) ក្នុង​តំណែង​ជា​គ្រូបង្វឹក​របស់​កូន​ខ្មែរ​នៅ​អូស្ត្រាលី​លោក ចៅ សួស្ដី បាន​ក្លាយជា​ផលចំណេញ​មួយ​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​សហព័ន្ធ​នៅ​កម្ពុជា​ទៅកាន់​ក្លិប និង​កីឡាករ​ខ្មែរ​នៅ​អូស្ត្រាលី​។ នេះ​ជាការ​លើកឡើង​របស់លោក កែ ប៊ិន​សូរ​ស្មី អុ​នុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​។


 
​ចៅ សួស្ដី ជា​អតីត​កីឡាករ​ដ៏​មាន​ពិសោធន៍​ម្នាក់​នៅក្នុង​គុន​ចម្រុះ និង ធ្លាប់​ប្រកួត​នៅ​សង្វៀន ONE Championship ម្ដង​កាល​ឆ្នាំ ២០១៤ ពេល​រៀបចំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​បុរស​វ័យ ៣៨ ឆ្នាំ​រូបនេះ​មាន​ក្លិប​ប្រដាល់​មួយ​ឈ្មោះ CHAU KAIZEN នៅ​ប្រទេស​អូស្ត្រាលី ដែល​បើក​បង្ហាត់​សម្រាប់​ជនបរទេស និង​កូន​ខ្មែរ​នៅ​អូស្ត្រាលី​។ 


 
​លោក កែ ប៊ិន​សូរ​ស្មី គូសបញ្ជាក់​បែបនេះ ៖«​យើង​ពិតជា​រីករាយ​ដែល សួស្ដី មក​ចូលរួម​ជាមួយ​ពួកយើង​។ គេ​ជា​អ្នក​ដែល​តាមដាន​ក្បាច់គុន​ចម្រុះ​នៅ​កម្ពុជា​តាំងពី​ដំបូង​ម្ល៉េះ ហើយ​គេ​ធ្លាប់​ប្រកួត​នៅ សង្វៀន ONE ម្ដង​កាល​ឆ្នាំ ២០១៤​។ ក្ដី​ស្រលាញ់​របស់គេ​មាន​ជាប់​រហូតដល់​បង្កើត​ក្លិប​មួយ​ឈ្មោះ CHAU KAIZEN នៅ​ក្រុង Adelaïde ប្រទេស​អូស្ត្រាលី​។ សួស្ដី មាន​ជំនាញ​ខាង​ក្បាច់គុន ចម្រុះ និង ជី​ជិត​ស៊ូ​»​។ 
 
​អនុប្រធាន​រូបនេះ​សង្កត់ធ្ងន់​ទៀតថា​៖«​អ្វីដែល​ខ្ញុំ​សោកស្ដាយ​បន្តិច​ត្រង់​ថា សួស្ដី ចុះឈ្មោះ​ជា​គ្រូបង្វឹក​មិនមែនជា​កីឡាករ​។ ប៉ុន្តែ​យ៉ាងណាក្ដី ក៏​វា​ល្អប្រសើរ​ដែរ​ដោយសារ សួស្ដី មាន​ទំនាក់ទំនង​ល្អ​ណាស់​នៅ​អូស្ត្រាលី​។ យើង​សង្ឃឹមថា​គាត់​ជួយ​ទាក់ទង​ឲ្យ​យើង​ទទួលបាន​កីឡាករ​កូន​ខ្មែរ​ល្អៗ​ពី អូស្ត្រាលី​។ ក្នុងនោះ​យើង​ឃើញថា David Meak ជា​កូន​ខ្មែរ​នៅ​អូស្ត្រាលី​ដែរ ហើយ David បាន​ប្រកួត​ទល់នឹង​ជើង​ខ្លាំង Christian Lee តារា​ប្រចាំ​សង្វៀន ONE កាល​ខែ កុម្ភៈ ឆ្នាំ ២០១៨»​។​
 
​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​គឺ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​គ្រូ​ម្នាក់​និង​ក្លិប​មួយ​យ៉ាងតិច​នៅក្រៅ​ប្រទេស​ដែល​មានកូន​ខ្មែរ​រស់នៅ​និង​ហាត់​ក្បាច់គុន ហើយ គ្រូបង្វឹក​ដើរតួ​ជួយ​បង្ហាត់ និង ជ្រើសរើស​កីឡាករ​នៅ​ទីនោះ​។ ចៅ សួស្ដី ជា​គ្រូបង្វឹក​ម្នាក់ ដែល​សក្ដិសម​ទៅនឹង​ការជ្រើសរើស របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ហើយ​ថ្ងៃ​ណាមួយ​គ្រូបង្វឹក​រូបនេះ​នឹងចូលរួម​ដកស្រង់​បទពិសោធន៍​មក​បង្វឹក​នៅ​កម្ពុជា​។ 
 
​វត្តមាន ចៅ សួស្ដី​, Albert Chey, អែម សុ​វណ្ណា​រី​, សំ ថា​រ័ត្ន , នៅ ស្រី​ពៅ​, រិ​ន សា​រ័ត្ន និង កីឡាករ​ជាច្រើន​ទៀត​ជា​បណ្ដុំ​នៃ​កម្លាំង​សំខាន់​ជំនាន់​ក្រោយ ដើម្បី​រួម​ដំណើរ​ទៅ​ប្រកួត​តំណាង​ឲ្យ​ទង់ជាតិ​កម្ពុជា​។ ការប្រកួត​តែងតែមាន​ចាញ់ ឬ ឈ្នះ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ សហព័ន្ធ​មាន​ចក្ខុវិស័យ​ដើម្បី​ប្រមូលផ្ដុំ​កីឡាករ​កូន​ខ្មែរ​ទាំង​ក្នុង និង ក្រៅប្រទេស​ឲ្យ​រួមគ្នា​ធ្វើ​ក្នុងន័យ​បង្កើត​មោទនភាព​ជាតិ​។ 
 
​ក្រៅពី ចៅ សួស្ដី សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ទទួលបាន​សមាជិក​ជា​ផ្លូវការ​ពី​កូន​ខ្មែរ​នៅ​បារាំង Albert Veera CHEY វ័យ ៣៦ ឆ្នាំ ដែល​អតីត​កីឡាករ​ប្រដាល់​ធ្លាប់​គ្រង​ខ្សែក្រវាត់​កម្រិត​ពិភពលោក និង ឈ្នះ​ខ្សែក្រវាត់​ជាច្រើន​ពេល​មក​ប្រកួត​នៅ​ប្រទេស​ថៃ​។ ជាមួយគ្នា​នោះ ក៏មាន​ការចុះឈ្មោះ​ជា​ផ្លូវការ​ពី​សំណាក់​កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី ដែល​ឡើង​ប្រកួត​ក្នុង​ពិភព​គុន​ចម្រុះ​ចំនួន ៣ លើក​មិនដែល​ចាញ់​។ អែម សុ​វណ្ណា​រី បង្ហើប​ឲ្យ​ដឹងថា គេ​នឹង​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship នា​ខែ តុលា ខាងមុខ នេះ ដែលជា​ការប្រកួត​លើក​ទី​២​របស់ខ្លួន​នៅ​សង្វៀន​កម្រិត​ពិភពលោក​នេះ ប៉ុន្តែ​មិនដឹងថា​ជួប​កីឡាការិនី​រូបនេះ​នោះទេ​។ 
 
​ក្រៅពី​ដុតដៃដុតជើង​ទាញយក​គ្រូបង្វឹក​និង​កីឡាករ​កូន​ខ្មែរ​នៅក្រៅ​ប្រទេស សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) នៅតែ​សស្រាក់សស្រាំ​ក្នុងការ​ជ្រោមជ្រែង​កីឡាករ​-​កីឡាការិនី​ក្នុងស្រុក ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​គោលដៅ​ជ្រោង​ទង់ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕ 

Tag:
 MMA
  CMMAF
© រក្សាសិទ្ធិដោយ thmeythmey.com