ជាតិ
សង្គមជាតិ
ACU បង្ហាញភស្តុតាងដែលមន្ត្រី៥នាក់ និងឧកញ៉ា សុខ ប៊ុន បន្លំយកដីរដ្ឋជាង៥០០ហិកតានៅកោះរ៉ុង
28, Jun 2019 , 11:20 pm        
រូបភាព
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញភស្តុតាងជុំវិញការឃាត់ខ្លួនសមាជិកក្រុមប្រឹក្សា៥នាក់នៅកោះរ៉ុង ជាមួយឧកញ៉ា សុខ ប៊ុន ដែលបានក្លែងឯកសារ ដើម្បីបន្លំយកដីរដ្ឋជាង៥០០ហិកតា នៅកោះរ៉ុង ខេត្តព្រះសីហនុ។ ភស្តុតាងទាំងនេះ ត្រូវបានបង្ហាញទាំងស្រុងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែមិថុនា ២០១៩។



សំឡេងលោក ឱម យ៉ិនទៀង



ភស្តុតាងដែល ACU រកឃើញលើមន្រ្តីទាំង៥នាក់នេះ ជាមួយ លោក សុខ ប៊ុន ក្នុងការក្លែងបន្លំឯកសារ ដើម្បីយកដីរដ្ឋទំហំ៥២៥ហិកតា មាន ទី១ ការធ្វើឯកសារដែលមានស្នាមេដៃ និងហត្ថលេខាដែលចុះនៅឆ្នាំ១៩៩៧ លើក្រដាសលេខ២០០ (លេខ២០០នេះ គឺសម្រាប់បំពេញលេខកន្ទុយប៉ុន្មាន មានន័យថាជាទម្រង់ក្រដាសសម្រាប់ប្រើ២០០០ប៉ុន្មាន នៃការធ្វើលិខិត ឬឯកសារផ្សេងៗ)។ ទី២ ការប្រើប្រាស់ឈ្មោះ ចៅសង្កាត់បណ្តោះអាសន្ន ដែលគ្មានច្បាប់បានកំណត់ ដោយបានប្រើ ឈ្មោះ ញន រិន ជាចៅសង្កាត់កោះរ៉ុងបណ្តោះអាសន្ន។

ដោយឡែកភស្តុតាងទី៣ ដែលលោកឱម យ៉ិនទៀង បានបង្ហាញចំពោះមុខអ្នកកាសែត គឺការដាក់លិខិត និងឯកសារនៅដីធ្លីពាក់ព័ន្ធទាំងនេះ ទៅប្រធានការិយាល័យរៀបចំដែនដីខណ្ឌ នៅក្នុងឆ្នាំ១៩៩៧ ខណៈពេលដែលក្រសួងរៀបចំដែនដី មិនទាន់បានបង្កើតឡើង ពោលគឺក្រសួងរៀបចំដែនដី ត្រូវបានបង្កើតនៅថ្ងៃទី២៣ មិថុនា ឆ្នាំ១៩៩៩។

សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥នាក់ ដែល ACU ឃាត់ខ្លួន គឺ លោក អ៊ុង និត ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង លោក សេង ហួលាង ចៅសង្កាត់កោះរ៉ុង លោក ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង លោក កែ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង និង លោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី២៤មិថុនា ឆ្នាំ២០១៩ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លោក សុខ ប៊ុន ពីបទ «ក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែង ផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ មាត្រា ៦២៩, ៦៣០ និង២៨ (៦០១) នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯមន្ត្រីទាំង៥នាក់ ត្រូវបានព្រះរាជអាជ្ញាដដែលចោទពីបទ «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ»៕

Tag:
 កោះរ៉ុង
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com