កីឡាជាតិ
ជាតិ
ថា​យ​ហ្គឺ​រ ទ័ព ទទួលភ្ញៀវ​រៀងៗ​ខ្លួន រីឯ​យុវជន​បាទី​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ​
29, Jun 2019 , 10:12 am        
រូបភាព
ដោយ:
ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​ប្រកួត​បញ្ចប់​ជើង​ទី​១ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ទទួលភ្ញៀវ​អាស៊ី​អឺរ៉ុប ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ​ប៉ះ​អគ្គិសនី​កម្ពុជា និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ទទួល​សូល​ទី​ឡូ​អង្គរ​។

 
​ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា​កាលពី​សប្តាហ៍​មុន ក្រសួងការពារជាតិ​រំពឹង​បន្ត​យកឈ្នះ​អាស៊ី​អឺរ៉ុប នា​ជំនួប​បញ្ចប់​ជើង​ទី​១​នៅថ្ងៃនេះ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​នៃ​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​។ ខណៈ​បច្ចុប្បន្ន​ក្រុម​នេះ​មាន​គម្លាត​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយ​រៀងរហូត​១២​ពិន្ទុ​។ ចំណែក​អាស៊ី​អឺរ៉ុប ក៏​ទាមទារ​ឈ្នះ​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​កាលពី​សប្តាហ៍​មុន ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង ២-០​។ 
 
​បើ​មើល​៣​ប្រកួត​ចុងក្រោយ​ក្រុម​អាស៊ី​អឺរ៉ុប​ហាក់​ទទួលបាន​លទ្ធផល​ល្អ​ជាង​ក្រសួងការពារជាតិ ក្នុងនោះ​ក្រុម​សាកលវិទ្យាល័យ​មួយ​នេះ​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៦-១ ហើយ​បាន​បន្ត​យកឈ្នះ​ជើង​ខ្លាំង​វិសាខា ៣-១ តែ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ២-០ កាលពី​សប្តាហ៍​មុន​។ ចំណែក​ក្រសួងការពារជាតិ​ក្រោយ​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-១ ពួកគេ​បាន​បន្ត​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ២-១ មុន​យកឈ្នះ ៣-០ លើ​អគ្គិសនី​កម្ពុជា​សប្តាហ៍​មុន​។ 
 
​ងាក​ទៅ​មើល​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​រង​បរាជ័យ​យ៉ាង​ប្រផិតប្រផើយ ១-០ ក្រោម​ថ្វី​ជើងភ្នំ​ពេញ​ក្រោ​ន​សប្តាហ៍​មុន រំពឹង​អាច​យកឈ្នះ​អគ្គិសនី​កម្ពុជា នា​ជំនួប​បញ្ចប់​ជើង​ទី​១​នៅ​ម៉ោង​៣​និង​៣០​រសៀល ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ក៏ដូចជា​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​២៤​ពិន្ទុ ជាមួយ​ជម្នះ​៧ ស្មើ​៣ និង​ចាញ់​២ ខណៈ​អគ្គិសនី​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​១០​ពិន្ទុ​។ 
 
​បើ​មើល​៣​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទាំងពីរ អង្គ​រថា​យ​ហ្គឺ​រ​ក្រោយ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៣-០ បាន​បន្ត​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-០ តែ​ចាញ់​ភ្នំពេញ​ក្រោ​ន ១-០ កាលពី​សប្តាហ៍​មុន​។ ចំណែក​អគ្គិសនី​កម្ពុជា ក្រោយ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១ ពួកគេ​ចាញ់​ភ្នំពេញ​ក្រោ​ន ៥-០ និង​ចាញ់​ក្រសួងការពារជាតិ ៣-០​។ 
 
​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​បាទី​ម៉ោង​៣​និង​៣០​នាទី​រសៀល​នេះដែរ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ត្រូវ​តទល់​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​។ ១២​ប្រកួត​កន្លងមក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ U18 បាទី​ស្គាល់​ជ័យជម្នះ​តែ​១​លើក​ប៉ុណ្ណោះ​ដោយ​យកឈ្នះ​កំពង់ចាម ៣-០​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​១៣​មាន​៣​ពិន្ទុ ខណៈ​សូល​ទី​ឡូ​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​១៨​ពិន្ទុ​។​
 
៣​ប្រកួត​ចុងក្រោយ​របស់​សូល​ទី​ឡូ​អង្គរ គឺ​ឈ្នះ​ទាំង​៣​ប្រកួត​ក្នុងនោះ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០ ភ្នំពេញ​ក្រោ​ន ១-០ និង​អគ្គិសនី​កម្ពុជា ៤-២ ខណៈ U18 បាទី​ចាញ់​ក្រសួងការពារជាតិ ៤-៣ វិសាខា ៥-១ និង​ព្រះខ័ន​រាជ​ស្វាយរៀង ៣-០៕  
 
  

Tag:
 Cambodian League 2019
  អង្គ​រថា​យ​ហ្គឺ​រ​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com