ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​ស្នើឱ្យ​លោក​គួច ចំរើន ដោះស្រាយ​បញ្ហា​សំណង់ ដីធ្លី សន្តិសុខ និង​ទប់ស្កាត់​ការលាង​លុយ​…
29, Jun 2019 , 3:28 pm        
រូបភាព
​សង្គម​ស៊ីវិល​ស​ង្ឈឹ​ម​ថា ខេត្ត​ព្រះសីហនុ​អាច​នឹង​ស្ដា​មុខមាត់​ឡើងវិញ ក្រោម​ការដឹកនាំ​របស់​លោក គួច ចំរើន អភិបាលខេត្ត​ថ្មី ដែល​ទើបតែ​ចូលកាន់​តំណែង នា​ព្រឹក​ថ្ងៃទី ២៩ មិថុនា នេះ​។ សង្គម​ស៊ីវិល​ក៏បាន​ស្នើ​ឲ្យ​លោក​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ខេត្ត​មាត់សមុទ្រ​មួយ​នេះ កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​។

 
​បញ្ហា​ដែល​ខាង​សង្គម​ស៊ីវិល​បាន​លើ​ឡើង​នោះ​រួមមាន សន្តិសុខ​, បរិស្ថាន​, អំពើពុករលួយ​, សំណង់​, ហេដ្ឋារចនាសម្ព័ន្ធ​, គ្រឿងញៀន​, ល្បែងស៊ីសង​, ចរាច​ណ៍​, គ្រឿងញៀន​, ជម្លោះដីធ្លី និង​ទប់​ស្កាត​ការលាង​លុយ​កង្វក់​ជាដើម​។ 
 
​លោក មឿ​ន តុលា នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បានស្នើ​ឲ្យ​អភិបាលខេត្ត​ថ្មី ត្រូវ​ចុះ​ត្រួតពិនិត្យ​លើ​គុណភាព និង​បទដ្ឋាន​ស្តង់ដារ លើ​សំណង់​ទាំងអស់ ដែលមាន​នៅក្នុង​ខេត្ត ខណៈ​បច្ចុប្បន្ន​លោក​សង្កេតឃើញថា​សំណង់​ភាគច្រើន​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្ត​នោះទេ​។ លោក​ក៏​សង្កេតឃើញ​ពី​ភាពអនាធិបតេយ្យ នៃ​ការបើកបរ​របស់​ជន​ជាតិចិន​ក្នុង​ខេត្ត​មួយ​នេះ ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទៀតផង​។ លោ​កប​ន្តែ​ម​ថា បញ្ហា​ប្រឈម​មួយទៀត គឺ​សន្តិសុខ សណ្ដាប់ធ្នាប់ ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន ក៏​ជា​ដើមចម​ដែល​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មួយចំនួន រ​អាល​មិន​ហ៊ាន​នៅ​លេង​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ 
 
​នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ​រូបនេះ ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវ​ផ្តល់​អំណាច​ដល់​មន្ត្រី​ថ្នាក់ក្រោម ក្នុងការ​អនុវត្ត​ច្បាប់ កុំ​នៅតែ​អនុវត្ត​វប្បធម៌​អន្តរាគមន៍​ពី​ថ្នាក់លើ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​បាន​និយាយថា​៖« កុំ​ឲ្យ​តែ​ដាវ តែ​មិន​ឲ្យ​គ្នា​ដក​ដាវ​។ បើ​ឲ្យ​ដាវ​គ្នា​ហើយ ត្រូវតែ​ឲ្យ​គ្នា​អាច​ប្រើប្រាស់​ដាវ​នោះបាន​ផង​»​។ 
 
​ជាមួយគ្នានេះ​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​សំណង់​អាគារ​ដែល​បាន​បាក់​រលំ​កាលពី​ថ្ងៃទី ២២ មិថុនា បណ្ដាល​ឲ្យ​កម្មករ ២៨​នាក់​ស្លាប និង​ជាច្រើន​នាក់​ទៀត​រងរបួស​។ លោក​បាន​ចោទ​ជា​សំនួ​រថា ហេតុអ្វី​សំណង់​គ្មាន​ច្បាប់ ប៉ុន្តែ​អាច​សាងសង់​រហូត​៧​ជាន់​? ចោទសួរ​បែបនេះហើយ​លោក បានស្នើ​ឲ្យ​អភិបាល​ថ្មី ត្រូវតែ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​។ 
 
​ក្រៅពីនេះ​បញ្ហា​គ្រឿងញៀន ជម្លោះដីធ្លី និង​ការបង្ក​បទល្មើស​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​នោះ សុទ្ធតែជា​វិញ្ញាសារ​ដែល​លោក គួច ចំរើន ត្រូវតែ​ដោះស្រាយ​។ នេះ​ជាការ​លើកឡើង​របស់លោក អំ សំអាត​។​
 
​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បានស្នើ​ឲ្យ​លោក គួច ចំរើន ស្នើ​ឲ្យ​អភិបាលខេត្ត​ថ្មី​លុបបំបាត់ និង​ទប់ស្កាត់​ការលាង​លុយ​កង្វក់ ដោយ​លោក​បាន​មើលឃើញថា ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ជា​គោលដៅ​របស់​វិនិយោគិន​ទុច្ចរិត​។ 
 
​លោក​បន្ថែមទៀតថា លោក គួច ចំរើន ត្រូវអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​មាត់​ចំពោះ​ជន​គ្រប់រូប ។ ត្រង់ចំណុច​នេះ លោក ព្រាប កុល សង្កត់ធ្ងន់ថា អភិបាលខេត្ត​ថ្មី ឈប់​ប្រើពាក្យ «​ស្នើសុំ​ឲ្យ​ជនបរទេស​គោរព​ច្បាប់​» ខណៈ​កម្ពុជា​មានច្បាប់​ដែល​ជន​ទាំងឡាយ​យ​ត្រូវតែ​គោរព​។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​លោក​លើកឡើងថា អភិបាលខេត្ត​ថ្មី ត្រូវតែមាន​តម្លាភាព​។ 
 
​មន្ត្រី​សង្គម​ស៊ី​ល​ខាងលើ ក៏​ស្នើ​ឲ្យ​លោក​អភិបាល​ព្រះសីហនុ​ថ្មី ធ្វើកំណែទម្រង់​រដ្ឋបាល​លើ​ការងារ​របស់​មន្ត្រី​ក្នុង​ខេត្ត​ទាំងអស់ និង​លុបបំបាត់​បក្សពួកនិយម រួមទាំង​អំពើពុករលួយ ទើប​អាច​ពង្រឹង​បាន​នូវ​ប្រសិទ្ធភាព និង​និរន្ត​ភាព​ការងារ ក្នុង​ខេត្ត​ទាំងមូល​៕ 
 
 

Tag:
 ព្រះសីហនុ​
  គួច ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com