កីឡាជាតិ
ជាតិ
ស្វាយរៀង​ប៉ះ​ណាហ្គា រីឯ​វិសាខា​ទទួល​ប៉ូលិស ក្រោយ​បឹងកេត​និង​ក្រោ​ន​ប្រកួត​ក្រៅ​ដី​
30, Jun 2019 , 11:57 am        
រូបភាព
ដោយ:
 
​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ត្រូវ​ប្រកួត​បញ្ចប់​ជើង​ទី​១​នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា​នេះ ដោយមាន​ការប្រកួត​ចំនួន​៤​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ វា​ជាការ​ប្រកួត​ដ៏​ទាក់ទាញ ដោយ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ដែល​កំពុង​ស្ថិតនៅ​លេខ​២ ខណៈ​ក្រុម​វិសាខា​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​។ ចំណែក​ក្រុម​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​ត្រូវ​តទល់​ជាមួយ​គូប្រកួត​នៅក្រៅ​ទឹកដី​។

 
​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ ណាហ្គា​វើ​ល វេលា​ម៉ោង​៦​ល្ងាន​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
 
​នេះ​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត​និង​ទាក់ទាញ​បំផុត ដ្បិត​ក្រុម​ជើង​ខ្លាំង​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​បំពេញ​មហិច្ឆតា​រៀងៗ​ខ្លួន ក្នុងនោះ​ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​ក្នុងការ​រក្សា​គ​ន្លាត​ឲ្យ​កាន់តែ​ជិត​ជាមួយ​ក្រុម​កំពូល​តារាង​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​ដើម្បី​បន្ត​គ្រង​កំពូល​តារាង​ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ ទោះបី​ព្រះខ័ន​ស្វាយរៀង​ចាញ់​ក្នុងការ​ប្រកួត​នេះ ក៏​ពួកគេ​នៅតែ​បន្ត​គ្រង​កំពូល​តារាង​ក្នុង​សប្តាហ៍​នេះដែរ​។ ដ្បិត​បច្ចុប្បន្ន​ក្រុម​មិនទាន់​ស្គាល់​ចាញ់​មួយ​នេះ ស្ថិតនៅ​កំពូល​តារាង​ដោយមាន​៣២​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​២៧​ពិន្ទុ​។ 
 
៣​ប្រកួត​ចុងក្រោយ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង គឺ​យកឈ្នះ​វិសាខា ៥-៣ ក្រសួងការពារជាតិ ២-១ និង​អាស៊ី​អឺរ៉ុប ២-០ ខណៈ​ណាហ្គា​វើ​ល​ក្រោយ​ចាញ់​បឹងកេត ២-០ បន្ត​ចាញ់​វិសាខា ៣-២ តែ​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៣-០​។ សម្រាប់​ការ​ប៉ះគ្នា​នៅថ្ងៃនេះ ស្វាយរៀង​ទំនងជា​អាចមាន​ប្រៀប​ជាង​ដោយសារ​ការប្រកួត​ធ្វើឡើង​នៅលើ​ទឹកដី​របស់​ពួកគេ ដែលមាន​អ្នកគាំទ្រ​យ៉ាងច្រើន​នៅ​ទីនោះ​។ 
 
​វិសាខា ប៉ះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​វិសាខា​
 
​ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ៣-២ វិសាខា​រំពឹង​បន្ត​ឈ្នះ​ប៉ូលិស​នៅថ្ងៃនេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​ក្នុង​ការបន្ត​ក្តីសង្ឃឹម​សម្រាប់​ប្រជែង​ដណ្តើម​ជើងឯក ដ្បិត​បច្ចុប្បន្ន​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៦​មួយ​នេះ មាន​គម្លាត​១០​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង​។ វិសាខា ក៏​ត្រូវការ​ជ័យជម្នះ ដើម្បី​ស្តារ​មុខមាត់​ដែល​ពួកគេ​បាន​ចាញ់​៣​ប្រកួត​ជាប់​គ្នា​កន្លងមក​ផងដែរ ក្នុងនោះ​វិសាខា​ចាញ់​ក្រសួងការពារជាតិ ១-០ ព្រះខ័ន​រាជ​ស្វាយរៀង ៥-៣ និង​អាស៊ី​អឺរ៉ុប ៣-១​។ 
 
​ក្រុម​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ប្រាក់ សុវណ្ណារ៉ា ប៉ូលិស ក៏ត្រូវ​ការ​ឈ្នះ​នៅថ្ងៃនេះ​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​ហាក់​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​មួយរយៈ​កន្លងមកនេះ​។ បច្ចុប្បន្ន​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​១៣​ពិន្ទុ​មួយ​នេះ​ស្គាល់​ជ័យជម្នះ​៤ ស្មើ​១ និង​ចាញ់​៧​។ 
 
​គីរីវង់​សុខ​សែន​ជ័យ ប៉ះ បឹងកេត វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​គរុកោសល្យ​ខេត្តតាកែវ​
 
​ក្រោយ​ចាញ់​សូល​ទី​អង្គរ ៥-៤ បឹងកេត​ត្រូវការ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ក៏ដូចជា​រក្សា​គម្លាត​កុំ​ឆ្ងាយ​ពី​តំបន់​កំពូល​តារាង​។ ដ្បិត​បច្ចុប្បន្ន​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​២៣​ពិន្ទុ​មួយ​នេះ មាន​គម្លាត​៩​ពិន្ទុ​ជា​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​។ ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្រោយ​ចាញ់​៣​ប្រកួត​ជាប់​គ្នា ពួកគេ​បាន​យកឈ្នះ​ក្រុម​កំពង់ចាម​ក្នុង​លទ្ធផល ១២-០ កាលពី​សប្តាហ៍​។ ជ័យជម្នះ​សម្រាប់​គីរីវង់​សុខ​សែន​ជ័យ​ទំនងជា​លំបាក​កើតឡើង​នៅថ្ងៃនេះ ដ្បិត​បឹងកេត​ជា​ក្រុម​ខ្លាំង​។ ដូច្នេះ​ពួកគេ​រំពឹង​ត្រឹម​អាចធ្វើ​បានល្អ កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ពី​ភ្ញៀ​ង​បឹងកេត​តែប៉ុណ្ណោះ​។ 
 
​កំពង់ចាម ប៉ះ ភ្នំពេញ​ក្រោ​ន វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា ១-០ នា​ជំនួប​បើកឆាក​សប្តាហ៍​ទី​១ កំពង់ចាម​មិនទាន់​អាច​ស្វែងរក​ជ័យជម្នះ​លើក​ទី​២​របស់ខ្លួន​បាន​នៅឡើយ​ទេ ផ្ទុយទៅវិញ​ពួកគេ​បាន​រង​បរាជ័យ​១១​ប្រកួត​ជាប់​គ្នា​។ សម្រាប់​ការ​ប៉ះ​ភ្នំពេញ​ក្រោ​ន​លើក​នេះ កំពង់ចាម​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​រហូត​ឈ្នះ​នោះឡើយ តែ​ពួកគេ​សង្ឃឹម​អាច​រារាំង​កុំ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ពី​ភ្ញៀវ​។ 
 
​គេ​សង្កេតឃើញ​ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​របស់លោក ស៊ុំ វណ្ណា មួយរយៈ​កន្លងមកនេះ​ហាក់​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​ជាង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino​។ ភ្នំពេញ​ក្រោ​ន​ទទួលបាន​ជ័យជម្នះ​ជាប់​គ្នា​សម្រាប់​៤​ប្រកួត​កន្លងមកនេះ ក្នុងនោះ​ពួកគេ​បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១ ក្រសួងការពារជាតិ ៣-១ អគ្គិសនី​កម្ពុជា ៥-០ និង​អង្គ​រថា​យ​ហ្គឺ​រ ១-0​។ ជ័យជម្នះ​ជា​បន្តបន្ទាប់​នេះ ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៨​មាន​២១​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ២-១ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-១ មុន​ក្រសួងការពារជាតិ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-១៕   
 
  
 

Tag:
 Cambodian League 2019
  ព្រះខ័ន​ស្វាយរៀង​
  វិសាខា​
  ណាហ្គា​វើ​ល​
  បឹងកេត​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com