ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ៖​ពលរដ្ឋ​មិនគួរ​សរសេរ​អក្សរ​ឡាតាំង​តាម​សំនៀង​ខ្មែរ ដែល​នាំ​ឲ្យ​បាត់​អត្តសញ្ញាណ​ជាតិ​ (ភាគ១)
30, Jun 2019 , 8:30 pm        
រូបភាព
ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា កំពុងដំណើរការ​រៀប​ចំ​«​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​សរសេរ និង​ការអាន​ឲ្យ​បាន​ត្រឹមត្រូវ​។​


​និយាយ​ដោយឡែក​ទាក់ទង​នឹង​«​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» លោក​បណ្ឌិត ហ៊ាន សុខុម បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការរៀបចំ​ឲ្យ​មានការ​សរសេរ​ជា​ឡាតាំង​តាម​សូរ​ភាសា​ខ្មែរ​នេះ​ឡើង ដោយសារតែ​ភាសា​ខ្មែរ មាន​«​ស្រះ​» ច្រើន ដែល​ពិបាក​ក្នុងការ​ប្រើប្រាស់​យកសរ​សេរ​ជា​ភាសាឡាតាំង ដូច្នេះហើយ​ទើប​ស្ថាប័ន​តម្រូវ​ឲ្យ​មានការ​ពិភាក្សា​កំណត់​យក​ការឯកភាព​រួមមួយ ។ ត្រង់ចំណុច​នេះ មាន​ឧទាហរណ៍​ដូចជា​ពាក្យ «​គង់​» តើ​គួរតែ​សរសេរ​ជា​ឡាតាំង​ថា «Kong » ឬ «Kung»​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា និង​លោក ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភា ដូចតទៅ​៖




​បើតាម​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​រូបនេះ «​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» គឺ​ប្រើប្រាស់​សម្រាប់​សម្គាល់​លើ​អសាធារណនាម ដូចជា​ឈ្មោះ ឬ​ទីកន្លែង​ប៉ុណ្ណោះ ពោលគឺ​មិនអាច​ឲ្យ​យកពាក្យ​ខ្មែរ​ប្រើប្រាស់​ទូទៅ​ប្រចាំថ្ងៃ​ទៅ​សរសេរ​ជា​ឡាតាំង​នោះទេ​។ ត្រង់ចំណុច​នេះ លោក ហ៊ាន សុខុម បាន​សង្កត់​ថា បើ​ពលរដ្ឋ​នាំគ្នា​យកពាក្យ​ខ្មែរ​ទៅ​សរសេរ​ឡាតាំង​នោះ វា​នឹងធ្វើ​ឲ្យ​វិស័យ​អក្សរ​ខ្មែរ​ធ្លាក់ចុះ​ទន់​ខ្យោ​យ ដែល​នាំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ជាតិ ដែល​បុព្វបុរស​ខ្មែរ​បន្សល់ទុក​។​
 
«​គាត់​(​ពលរដ្ឋ​)​មិនគួរ​យក​អក្សរ​ឡាតាំង សរសេរ​តាម​(​សូរ​)​ពាក្យ​ខ្មែរ​នោះទេ ។ គាត់​គួរតែ​យក​អក្សរ​ខ្មែរ​ខ្លួនឯង មក​សរសេរ​ទើប​វា​ប្រសើរ​។ ខ្ញុំ​មិន​លើកទឹកចិត្ត​ឲ្យ​គាត់​យក​តួអក្សរ​ឡាតាំង​មក​សរសេរ​(​តាម​សូរ​ខ្មែរ​)​ទេ ពីព្រោះ​បុព្វបុរស​យើង ខំ​ថែរក្សា ខំ​បង្កើត​តួអក្សរ​មក​ឲ្យ​យើង​ប្រើប្រាស់​សព្វថ្ងៃ​។ ចុះ​ហេតុដូចម្ដេច បានជា​យើង​យក​អក្សរ​គេ​ផ្សេង​មកប្រើប្រាស់​សរសេរ​ពាក្យ​របស់​យើង​វិញ នោះ​គឺ​វា​មិន​ត្រឹមត្រូវ​ទេ​។ យើង​មិន​លើកទឹកចិត្ត​ឲ្យ​យុវជន​យក​តួអក្សរ​ឡាតាំង​មក​សរសេរ​ពាក្យ​ខ្មែរ​ធម្មតា ដែល​យើង​ជជែក​គ្នា​ប្រចាំថ្ងៃ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​៕
 
 

Tag:
 ហ៊ាន សុខុម​
  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
  អក្សរ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com