ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
គ្រប់គ្រង​ចំណី​ខូចគុណភាព​និង​ភេសជ្ជៈ​លក់​ក្នុង​សាលា​បាន តែ​ក្រៅ​សាលា​នៅតែ​ជា​បញ្ហា​
30, Jun 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ការហាម​ខាត់​លក់​ភេ​សេ​ជ្ជៈ​មួយចំនួន​ដែលមាន​សារជាតិ​ផ្អែម និង​ចំណីអាហារ​ខូចគុណភាព  បណ្ដាលឱ្យ​ខូចសុខភាព​កុមារ នៅក្នុង​សាលា​គឺជា​រឿង​ដែល​អាចធ្វើ​ទៅរួច​។ ប៉ុន្តែ​អ្វីដែល​សំខាន់​សិស្ស​នៅតែ​អាច​ទិញ​ផលិតផល​ទាំងនោះ​ពី​ខាងក្រៅ​សាលា​បាន​ដដែល​។ នេះ​គឺជា​កង្វល់​របស់​នាយក​សាលា​មួយចំនួន​។ ចំណែក​អ្នកលក់​ភេសជ្ជៈ​នៅជាប់​របង​សាលា ថា​ចំណាត់ការ​ទាំងនេះ​គួរតែ​រឹតបន្តឹង​ចំពោះ​អ្នក​ចែកចាយ​។ រីឯ​អាណាព្យាបាល​សិស្ស​វិញ យល់ថា​គួរតែ​កាត់បន្ថយ​ការផលិត​និង​ការ​នាំចូល​ផលិតផល​ទាំងនោះ​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



​ចំណីអាហារ​ដែល​ហួស​កាលកំណត់ ចំណីអាហារ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម មាន​កាហ្វេ ការ៉េម ទឹក​ស៊ីរ៉ូប៍ ស្ករ​សូកូឡា ស្ករ​គ្រាប់ ស្ករ​កៅស៊ូ ចាហួយ នំ​ដូ​ណាត់ នំ​ផ្អែម រួមទាំង​គ្រឿង​ស្រវឹង និង​ថ្នាំជក់​ផងដែរ​នោះ ត្រូវបាន​ហាមឃាត់​លក់​ក្នុង​បរិវេណ​សាលារៀន​គ្រប់​កម្រិត​។ ចំណាត់​ការណ៍​នេះ​មានការ​គាំទ្រ​ខ្លាំង​ពី​គណៈ​គ្រប់គ្រង​សាលា​និង​អាណាព្យាបាល​សិស្ស ប៉ុន្តែ​គេ​នៅតែ​ព្រួយបារម្ភ​ចំពោះ​ការលក់​នៅក្រៅ​របង​សាលា​។ 
  
 
​នៅវេលា​ព្រឹក​ខ្ញុំ​បាន​ចូលទៅក្នុង​សាលា​វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ ដើម្បី​សាកសួរ​ថ្នាក់ដឹកនាំ​ក្នុង​សាលា​នេះ​ពី​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ទាក់ទង​នឹង​បញ្ហា​ខាងលើ​។ ខ្ញុំ​បាន​សង្កេត​យ៉ាង​ហ្មត់ចត់ ក្នុង​បរិវេណ​សាលា​នេះ​មិនមាន​សំរាម​ប្លា​ស្ទិ​ក ឬ​ប្រអប់​ស្នោ​ឡើយ​។ នៅទីនេះ​ខ្ញុំ​ក៏​មិន​បានឃើញ​ធុងសំរាម​ដែរ​។ ខ្ញុំ​បាន​បន្តដំណើរ​ទៅរក​អគារ​ទីចាត់ការ ជា​ការិយាល័យ​គ្រូ​នាយក​ធ្វើការ ដែលជា​អ្នកមានអំណាច​ធំជាងគេ​ក្នុង​សាលា​។ លោក ខាត់ ពែ​ក នាយក​វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ កំពុង​អង្គុយ​ពិនិត្យ​ឈ្មោះ​សិស្ស​ដែល​អវត្តមាន និង​ហៅ​ទូរស័ព្ទ​ទៅ​អាណាព្យាបាល​សិស្ស ដើម្បី​សួរ​ពី​មូល​ហេតុដែល​កូន​របស់​ពួកគេ​មិន​បានមក​រៀន​។​
 
​ផ្អាក​ការងារ​សាលា​បន្តិច​ដើម្បី​ផ្ដល់​ចម្លើយ​ដល់​ខ្ញុំ​ពី​សេចក្ដីប្រកាស​របស់​ក្រសួង លោក ខាត់ ពែ​ក ថា​តាំងពី​ឆ្នាំ​២០១០ ពោល​តាំងពី​ឡើងកាន់តំណែង​ជា​នាយក​សាលា​នេះ​ដំបូង លោក​បាន​ណែនាំ​ដល់​អ្នកលក់​ស្ដីពី​ការលក់​ចំណីអាហារ​និង​ភេសជ្ជៈ​ដែល​ក្រសួង​ធ្លាប់បាន​ហាមឃាត់​កាលពីពេល​កន្លង​ទៅនោះ ជា​រៀងរាល់ឆ្នាំ​និង​ខែ​។ លោក​បន្ថែម ៖«​ការណែនាំ​របស់​ក្រសួង​នេះ ខ្ញុំ​ទើបតែ​បាន​ផ្សព្វផ្សាយ​ទៅ​គាត់​ជា​ចំហ តែ​មិនទាន់បាន​ហៅ​ពួកគាត់​មក​ផ្ទាល់​ទេ​។ ប៉ុន្តែ​រៀងរាល់ឆ្នាំ​នៅ​ដើមឆ្នាំ​សិក្សា ខ្ញុំ​តែងតែ​ហៅ​អ្នកលក់​មក​ធ្វើ​កិច្ចសន្យា​ចំពោះ​ការលក់ដូរ​ចំណីអាហារ​និង​ភេសជ្ជៈ​ដែលមាន​ការហាមឃាត់​»​។ 
  
 
​ខ្ញុំ​ព្យាយាម​សួរ​អ្នកលក់​មួយចំនួន​ដែលមាន​តូប​នៅក្នុង​បរិវេណ​សាលា​ផ្សារ​ដើមថ្កូវ​នេះ ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មិន​ស្វាគមន៍​ខ្ញុំ​ឡើយ ដោយ​អ្នកខ្លះ​ថា​រវល់​មិនមាន​ពេល​ឆ្លើយ ហើយ​អ្នក​ខ្លះទៀត​ឆ្លើយ​ចុងមាត់ចុងករ ដោយ​គ្រាន់តែ​ឆ្លើយថា​គាត់​លក់​ដូច​អ្វីដែល​មើលឃើញ​នោះ​។ ចេញពី​អ្នកលក់​ទាំងនោះ​ខ្ញុំ​បាន​ជួប​អ្នក​មីង​ម្នាក់​ដែលជា​អ្នកលក់​ភេសជ្ជៈ​កំប៉ុង​។ ភេសជ្ជៈ​នៅទីនេះ​ក៏មាន​ផលិតផល​ដែល​ក្រសួង​បាន​ហាមឃាត់​ដែរ​។ សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​អនុញ្ញាតឱ្យ​សរសេរថា ម៉ាក់​ស្រីមុំ ស្ត្រី​វ័យ​៥៣​ឆ្នាំ​រូបនេះ រួសរាយ និង​សម្ដីពីរោះ​។ 
  
 
​ឈរ​នៅ​ជិត​ទីតាំង​លក់​របស់ខ្លួន ក្រោម​រោង​ប្រក់​ស័ង្កសី​លាតសន្ធឹង​យ៉ាង​ធំ ដែល​ការពារ​កម្ដៅថ្ងៃ​និង​ភ្លៀង​សម្រាប់​អ្នកលក់​ច្រើន​គ្នា​នោះ ស្ត្រី​រូបនេះ​អះអាងថា​ខ្លួន​មិនបាន​ដឹង​ពី​សេចក្ដីប្រកាស​របស់​ក្រសួង​ដែល​បាន​ហាមឃាត់​ការលក់​ចំណីអាហារ និង​ភេសជ្ជៈ​មួយចំនួន​ឡើយ​។ ដោយ​អ្នកស្រី​បញ្ជាក់ថា ៖«​ខ្ញុំ​បានដឹង​តែ​រឿង​មិនឱ្យ​ប្រើ​កែវ​ជ័រ តែ​រឿង​ហាម​លក់​ភេសជ្ជៈ​ខ្ញុំ​មិនទាន់​ដឹង​ទេ​។ បើ​គេ​មិនឱ្យ​លក់​ខ្ញុំ​ក៏​មិន​ហ៊ាន​លក់​ដែរ​»​។​
 
​ទោះជា​យ៉ាងណាក៏ដោយ លោកនាយក​សាលា ខាត់ ពែ​ក ថា​អ្នកលក់​មួយចំនួន​តែងតែ​បំពាន​ទៅនឹង​អ្វីដែល​សាលា​បាន​ណែនាំ​។ អ្នកគ្រប់គ្រង​សាលា​រូបនេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា គិត​ចាប់ពីពេលនេះ​ទៅមុខ សាលា​របស់លោក​នឹង​អនុវត្ត​វិធានការ​តឹងរឹង​ចំពោះ​អាជីវក​រណា​ដែល​មិន​គោរព​តាម​បទបញ្ជា​៖«​អ្នកលក់​មិនទាន់​អនុវត្តបាន​មួយរយ​ភាគរយ​ទេ ព្រោះ​ពួកគាត់​ខ្លះ​ជា​ញាតិ​របស់​អ្នកធ្វើការ​នៅទីនេះ ដូច្នេះ​យើង​ចេះតែមាន​មនោសញ្ចេតនា​។ ប៉ុន្តែ​ពី​ពេលនេះ​ទៅមុខ បើ​គាត់​នៅតែ​ល្មើស​យើង​ត្រូវតែ​បញ្ឈប់​គាត់​ជា​ដាច់​ខាង ព្រោះ​បើ​មិន​ដូច​នោះ​ក្រសួង​ដាក់ទោស​ថ្នាក់ដឹកនាំ​»​។ 
  
 
​កន្លងមក​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​មិន​ត្រឹមតែ​បាន​ហាមឃាត់​ការលក់​អាហារ​ដែល​មិនមាន​គុណភាព និង​ភេសជ្ជៈ​ដែល​បណ្ដាលឱ្យ​ប៉ះពាល់​សុខភាព​កុមារ​ឡើយ តែ​សាលា​ថែមទាំង​បានកំណត់​ឱ្យ​សិស្ស​ត្រូវតែមាន​ប្រអប់​ដាក់​បាយ​ដែល​អាច​រក្សា​អនាម័យ​អាហារ និង​អាច​ប្រើ​បាន​ច្រើនលើក រួមទាំង​ត្រូវមាន​ដប​ទឹក ដែល​មិនមែនជា​ដប​ជ័រ​ថែម​ទៀតផង​។ លោក ខាត់ ពែ​ក ថា​ការធ្វើ​បែបនេះ​ដើម្បី​ថែរក្សា​អនាម័យ រក្សា​សុវត្ថិភាព និង​ការពារ​បរិស្ថាន​នោះឯង​៖« សាលា​ធ្វើបែបនេះ​ព្រោះ​បើ​គាត់​ចេញទៅ​ក្រៅ​វា​អាចមាន​គ្រោះថ្នាក់​ច្រើន ដូចជា​គ្រោះថ្នាក់​ចរាចរ អាច​គេ​វាយ ឬ​គេ​ល្បួង​ទៅ​ដើរលេង​។ កន្លងមក​ខ្ញុំ​បាន​ហាម​ទាំងអស់ ទាំង​ប្លា​ស្ទិ​ក ដប​ទឹក​សុទ្ធ និង​កែវ​ជ័រ​ជាដើម​»​។ 
  
​ជា​សិស្ស​មួយរូប​ក្នុង​សាលា​ខាងលើ​កញ្ញា សាន ណា​រី ដែល​រៀន​ថ្នាក់​ទី​៩ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​របស់​សាលា​ក្នុងការ​ការពារ​បរិស្ថាន​នេះ​។ ទើបតែ​ដើរចេញ​ពី​យក​ទឹក ពី​ម៉ា​ស៊ី​ទឹក​ក្ដៅ​ទឹក​ត្រជាក់ ដែល​សាលា​បានដាក់​នៅក្នុង​អគារ​ទីចាត់ការ ណា​រី និយាយ​ដោយ​កាន់​ដប​ទឹក​នៅក្នុង​ដៃ​៖«​គាត់​ឱ្យ​យក​ប្រអប់​បាយ​មកពី​ផ្ទះ ដើម្បី​កុំឱ្យ​ប្រើ​ស្នោ​។ ខ្ញុំ​យល់ថា​ល្អ ព្រោះ​វា​ជួយ​ការពារ​បរិស្ថាន​។ ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ច្រើន​ធ្វើឱ្យ​ខូចសុខភាព និង​ធ្វើឱ្យមាន​ជំងឺ​ទឹកនោមផ្អែម​»​។
 
​ចំណាត់ការ​របស់​ក្រសួង​អប់រំ​ចំពោះ​ការលក់​ចំណីអាហារ​ខូច​គុណ​និង​ភេសជ្ជៈ​មួយចំនួន​នៅក្នុង​បរិវេណ​សាលា ត្រូវបាន​លោក ខាត់ ពែ​ក គាំទ្រ​ទាំងស្រុង ប៉ុន្តែ​អ្វី​ដែលជា​កង្វល់​របស់​នា​យក​សាលា​រូបនេះ គឺ​ការលក់​ប្រភេទ​ផលិតផល​ទាំងនោះ​នៅក្រៅ​របង​សាលា ដែលនាំឱ្យ​សិស្ស​លួ​យ​លាក់​ទិញ​បាន​។ បុរស​មុខមាំ​រូបនេះ​នៅតែ​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យជួយ​អន្តរាគមន៍​ចំពោះ​អ្នកលក់ដូរ​នៅជាប់​របង​សាលា​ឱ្យ​បា​ម​តឹងរឹង​បន្ថែមទៀត​៖«​នៅមាន​ការលំបាក​ចំពោះ​អ្នកលក់​នៅ​ជុំវិញ​របង​សាលា ហើយ​សិស្ស​ចេះតែ​យក​អាហារ​ដែល​មិនមាន​គុណភាព និង​ប្រភព​ច្បាស់លាស់​ចូលក្នុង​សាលា​។ ខ្ញុំ​មានតែ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យ​គាត់​ជួយ​អន្តរាគមន៍ ដើម្បី​កុំឱ្យ​មាន​អ្នកលក់​នៅតាម​របង​សាលា​ទៀត​។ កន្លងមក​ខ្ញុំ​បានធ្វើ​លិខិត​ស្នើសុំ​អន្តរាគមន៍ ហើយ​លើក​មុន​នោះ​គាត់​បានធ្វើ​ហើយ តែ​ពេលនេះ​ពេញ​ដដែល​»​។​
 
​ជា​អ្នកលក់​ទឹកអំពៅ និង​ភេសជ្ជៈ​កំប៉ុង​ដែលមាន​សារជាតិ​ផ្អែម​មួយចំនួន​ផង​នោះ ស្ត្រី​ម្ដាយ​និង​កូន​២​រូប​បាន​អះអាងថា​ខ្លួន​លក់​នៅ​ជិត​របង​សាលា​វត្ត​ទួល​ទំពូង​នេះ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ សុំ​មិន​បញ្ចេញ​ឈ្មោះ ស្ត្រី​ជា​កូន​អះអាងថា​ខ្លួន​លក់​ភេសជ្ជៈ​នេះ​ដាច់​ច្រើន​បានតែ​ចំពោះ​អ្នកដំណើរ​តែប៉ុណ្ណោះ​។ ឆ្លើយ​បន្ទរ​ពី​ខាង​ក្រោយខ្នង​កូន ស្ត្រី​ជា​ម្ដាយ​ថាបើ​ចង់ឱ្យ​ការហាម​ប្រាម​នោះ​មាន​ប្រសិទ្ធភាព​ទាល់តែ​រឹតបណ្តឹង​ចំពោះ​អ្នក​ដែល​ចែកចាយ​បន្ត​ក្នុងស្រុក ៖«​ភាគច្រើន​ខ្ញុំ​មិន​លក់​ឱ្យ​សិស្ស​ទេ ព្រោះ​ពួកគេ​ទិញ​តែ​១០០០​រៀល ហើយ​ខ្ញុំ​លក់​ជា​កំប៉ុង​។ បើ​ខាងគេ​ហាម​ខ្ញុំ​ប្រហែលជា​កាត់បន្ថយ​»​។​ ​ម្ដាយ​អ្នកលក់​និយាយ​ហាក់ដូចជា​ខឹង ៖«​ហាមឃាត់​អ្នកលក់​ម៉េច​បាន ហាម​អ្នក​នាំ​ចូលមក​ស្រុក​ខ្មែរ​បាន​ត្រូវ​»​។ 

 
​ជាមួយគ្នា​នោះដែរ​អ្នកស្រី ឃឹម ផៃ ដែលមាន​អាយុ​ជាង​៣០​ឆ្នាំ និង​មាន​កូនស្រី​រៀន​ថ្នាក់​ទី​២​នៅ​សាលាបឋមសិក្សា​វត្ត​ទួល​ទំពូង ក៏បាន​លើកឡើងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​បិទ​ការ​ចរាចរ​ផលិតផល​ណា​ដែល​មិនមាន​គុណភាព និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​នោះ​តែម្ដង ទើប​អាច​ធានា​សុវត្ថិភាព​បាន​។ ស្ត្រី​ដែល​កម្រ​ឱ្យ​កូន​ទទួលទាន​ភេសជ្ជៈ និង​អាហារ​ខាងក្រៅ​រូបនេះ ពន្យល់​ទាំង​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​៖«​គួរតែ​ហាម​លក់​ទាំង​ក្នុង​និង​ក្រៅ​សាលា​។ បើ​ផលិតផល​នោះ​មិនល្អ គេ​គួរតែ​បិទ​វាច​ចោល​តែម្ដងទៅ​»​។ 
  
 
​មិន​ខុសគ្នា​ពី​សាលា​ផ្សារ​ដើមថ្កូវ​ប៉ុន្មាន​ទេ​លោក ហេង ប៊ុនធឿន នាយក​សាលាបឋមសិក្សា​វត្ត​ទួល​ទំពូង ក៏​ធ្លាប់បាន​ណែនាំ​ដល់​អ្នកលក់​នៅក្នុង​បរិវេណ​សាលា​ដែរ​។ លោក ប៊ុនធឿន បញ្ជាក់​៖«​ខ្ញុំ​បាន​ប្រជុំ​ជាមួយ​គ្រូ​នៅក្នុង​សាលា​ហើយ តែ​មិនទាន់បាន​ប្រជុំ​ជាមួយ​អ្នកលក់​ទេ​។ ពីមុន​យើង​ធ្លាប់​ប្រជុំ​ដែរ​។ មកដល់ពេលនេះ​សិស្ស​បាន​កាត់បន្ថយ​ទទួលទាន​ភេសជ្ជៈ​និង​ចំណី​ទាំង​នោះបាន​ប្រហែល​ពី​១០​ទៅ​២០​ភាគរយ​ហើយ​»​។ 
  
 
​ទើបតែ​ចេញពី​ប្រជុំ​ជាមួយ​ព្រះសង្ឃ​នៅក្នុង​វត្ត​ទួល​ទំពូង​ដែល​នៅជាប់​សាលា នា​ម៉ោងជាង​១១​ថ្ងៃត្រង់  លោក ប៊ុន​ធៀន ថា​ការងារ​ទប់ស្កាត់​ការលក់​ចំណីអាហារ​និង​ភេសជ្ជៈ​មួយចំនួន​ដែល​ក្រសួង​ហាមឃាត់​នោះ គឺ​ត្រូវការ​ពេលវេលា ៖«​យើង​មិនទាន់​អាច​កុំ​ណ​ត់​បាន​ថា​នឹង​អាចអនុវត្ត​បាន​កម្រិត​ណា​ទេ តែ​យើង​នឹង​ព្យាយាម​។ អ្វី​ក៏ដោយ​ទាល់​តែមាន​វិន័យ ទើប​មនុស្ស​ធ្វើតាម​»​។
​ពាក់អាវ​ពណ៌​ស​អង្គុយ​ក្នុង​បន្ទប់​ការងារ នាយក​សាលា​ដែលមាន​អាយុប្រមាណ​ជា​៤០​ឆ្នាំ​រូបនេះ ថា​ទាល់តែ​មានការ​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ទាំងនោះ​៖«​យើង​តែងតែ​សំណូមពរ​ដល់​អាណាព្យាបាល នៅពេល​គោរព​ទង់ជាតិ ថាបើ​អាចឱ្យ​កូន​ឈប់​ទទួលទាន​អាហារ​ទាំង​នោះបាន​កាន់តែ​ល្អ​។ ភេសជ្ជៈ​ទាំងនោះ​វា​ប៉ះពាល់​ដល់​សុខភាព ដូច្នេះ​អាជ្ញាធរ បើ​អាច​កាត់បន្ថយ​ការនាំ​ចូល​គឺ​ល្អ​។​
 
​ចំណែក​លោក ខាត់ ពែ​ក ក៏បាន​សំណូមពរ​ថា ៖«​ខ្ញុំ​សំណូមពរ​ទៅ​អាជ្ញាធរ អាណាព្យាបាល​សិស្ស ក្រសួង​មាន​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​គាត់​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង ស្ដីពី​ការទទួល​ទាន​របស់​កូន​។ ជាពិសេស​ពេល​មក​រៀន គាត់​គួរតែមាន​ប្រអប់​បាយ និង​ដប​ដាក់​ទឹក ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​»​។ 

 
​សូមបញ្ជាក់ថា​កន្លងមក​ក្រសួង​អប់រំ​យុវជន​និង​កីឡា ធ្លាប់បាន​ផ្សព្វផ្សាយ​ពី​ការហាម​លក់​ចំណីអាហារ​និង​ភេសជ្ជៈ​មួយចំនួន​ក្នុង​បរិវេណ​សាលា​រួចមកហើយ ហើយ​ទើបតែ​ថ្មីៗ​នេះ​ក្រសួង​បានប្រកាស​ជាថ្មី​ម្ដងទៀត​ក្នុងការ​ហាមឃាត់​ការលក់​អាហារ​ទាំងនោះ​។ ជាមួយគ្នា​នោះ​ក្រសួង​អប់រំ​ក៏បាន​បញ្ជាក់ដែរថា គណៈ​គ្រប់គ្រង​តាម​គ្រឹះស្ថាន​អប់រំ និង​សាលា​គ្រប់​កម្រិត ត្រូវ​ពិនិត្យ និង​តាមដាន​ឱ្យបាន​ដិតដល់​ចំពោះ​ការលក់​ចំណីអាហារ និង​ភេសជ្ជៈ​ដែល​បាន​ហាមឃាត់ បើ​ពុំ​ដូច​នោះទេ​ក្រសួងសាមី​នឹងដាក់​ពិន័យ​រដ្ឋបាល នៅតាម​សាលា​ដែល​ល្មើស​៕ រូប​១១

           

Tag:
 សាលា​
  អប់រំ​
  ភេសជ្ជៈ​
  គ្រូ​
  សិស្ស
  អ្នកលក់​
  អាណាព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com