រូបត្លុក
កាហ្វេថ្មីៗ៖ កុំជេរប្រទេច! គួរទិតៀនឲ្យគេស្តាប់!
×
សុធីរ និងសំណាង ព្រឹកនេះនិយាយអំពីជ្រុងមួយនៃយុវជន។ កិច្ចសន្ទនានេះទំនងជាស្មុគស្មាញបន្តិច ពីព្រោះ វាទាក់ទងនឹងការគិត និងអកប្បកិរិយារបស់យុវជន ដែលជាបញ្ញវន្ត។
សំណាង៖ (ដកបំពង់បឺតកាហ្វេទឹកកកពីមាត់) របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយថា កម្ពុជាយើងមានប្រជាជនក្មេងច្រើន ពិសេសមានយុវជនជាង៦០ភាគរយ។ បើពួកគេខ្លាំង ខ្មែរក៏ខ្លាំងដែរ ថ្ងៃក្រោយទៅ!
សុធីរ៖ ត្រូវហើយ។ ពួកគេកំពុងខ្លាំងហើយ មានសមត្ថភាពក៏ច្រើនដែរ។ ប៉ុន្តែខ្លាំងមួយ ដែលអញមិនចង់ឲ្យខ្លាំង គឺខ្លាំងជេរ ចាំតែជំទាស់ ហើយមិនប្រាប់ហេតុផល។
សំណាង៖ បានន័យថាម៉េច? អញអត់យល់!
សុធីរ៖ យុវជនខ្លះប្តេជ្ញាមិនទទួលទស្សនៈផ្សេងក្រៅពីរបៀបគិតរបស់ខ្លួនឯង។ យុវជនខ្លះបានសម្រេចចិត្តខ្លួនឯងរួចទៅហើយ ថាពួកគេអានព័ត៌មានតែមួយប្រភេទដែលគេចង់អាន ចង់ឮតែប៉ុណ្ណោះ ដោយមិនរង់ចាំមើលចំណងជើង ឬសារព័ត៌មានណាផ្សាយអ្វីឡើយ។ អ្នកខ្លះទៀត ឃើញទិដ្ឋភាពតែមួយ ក៏សម្រេចចិត្តវាយតម្លៃ វិនិច្ឆ័យភ្លាមៗ ដូចដែលពួកគេអានតែចំណងជើងអត្ថបទព័ត៌មានហើយ ក៏ប្រតិកម្ម និងកាត់ក្តីលើរឿងនោះតែម្តង។
សំណាង៖ មែន! អញឃើញចឹងដែរ ជាពិសេស អាតាមហ្វេសប៊ុកនេះ មិនបានទេ! ពេលខ្លះ គ្រាន់តែឃើញការអធិប្បាយរបស់ពួកគេ អញដឹងថាពួកគេ អត់បានអានអត្ថបទឡើយ។
សុធីរ៖ អ្ហែងទើបតែនិយាយថា បើពួកគេខ្លាំង កម្ពុជាយើងក៏ខ្លាំង។ ពួកគេហ្នឹងហើយដែលនឹងចូលដឹកនាំក្នុងការងាររាជការ ដឹកនាំក្រុមហ៊ុនតូចធំ ដឹកនាំអង្គការ និងស្ថាប័ន សហគមន៍។ ចុះបើពួកគេភាគច្រើនមិននឹងធឹង មិនចំណាយពេលពិចារណា មិនមានទស្សនៈគ្រប់ជ្រុងជ្រោយ មិនស្តាប់ហេតុផល ។ល។ តើកម្ពុជាខ្លាំងរបៀបណា? លើសពីពូកែ ស្វាហាប់ គឺត្រូវមានភាពចាស់ទុំក្នុងការប្រព្រឹត្តិរបស់ខ្លួន។ កុំគ្រាន់តែស្រែកជំទាស់ តែត្រូវផ្តល់ការពន្យល់ និងហេតុផលនៃការជំទាស់។ គឺមិនមែនប្រតិកម្ម សរសេរជេរគេ ជេរឯង ហើយដើរចេញបាត់នោះទេ។ វាឥតប្រយោជន៍។ គេមិនស្តាប់។
© រក្សាសិទ្ធិដោយ thmeythmey.com