ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លើកទីមួយ​! សភា​ឯក​បក្ស ហៅ​រដ្ឋមន្ត្រី​ទៅ​ដេញដោល​ផ្ទាល់មាត់
02, Jul 2019 , 3:10 pm        
រូបភាព
លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីយុត្តិធម៌
លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីយុត្តិធម៌
ដោយ: ថ្មីៗ
​រដ្ឋសភា នឹង​បន្ត​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ មាន​របៀបវារៈ​ដ៏​កម្រ​មួយ គឺ​ការឆ្លើយ​ផ្ទាល់មាត់​របស់​រដ្ឋមន្ត្រី ទៅនឹង​សំណួរ​របស់​តំណាងរាស្ត្រ​។ 


 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា រដ្ឋមន្ត្រី ដែល​តំណាងរាស្ត្រ ដាក់​សំណួរ​ជូន ហើយ​និង​ត្រូវ​អញ្ជើញ​ទៅ​ឆ្លើយ​ផ្ទាល់មាត់​ក្នុង​កិច្ចប្រជុំពេញអង្គ​នោះ គឺ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា​។ លោក ពុំទាន់​ដឹង​ទេ​ថា តំណាងរាស្ត្រ​ប៉ុន្មាន​នាក់​ដែល​ដាក់​លិខិត​អញ្ជើញលោក​រដ្ឋមន្ត្រី ហើយ​លោក ក៏​មិនទាន់​បានដឹង​ពី​សំណួរ​ដែរ​។ លោក មានប្រសាសន៍ថា «​ខ្ញុំ មិនទាន់​បានឃើញ​សំណួរ​ទេ តែ​ប្រហែលជា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធយុត្តិធម៌​ហ្នឹងឯង​»​។​
 
​ចំណែក លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អះអាងថា លោក មិនទាន់​ក្តោប​ព័ត៌មាន​នេះ​បាន​ពេញលេញ​នោះទេ ដូច្នេះ លោក មិនទាន់​ឆ្លើយ​បានឡើយ​ថា មាន​សំណួរ​អ្វីខ្លះ ដែល​រដ្ឋសភា ដាក់ជូន​លោក​រដ្ឋមន្ត្រី​។ លោក គ្រាន់តែ​សន្និដ្ឋានថា ជាទូទៅ គឺ​ទាក់ទង​នឹង​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង ដំណើរការ​នៃ​សំណុំរឿង​នៅ​តុលាការ ជាដើម​។ 
 
​លោក ឡេង ប៉េងឡុង បន្តថា កន្លងមក រដ្ឋសភា ក៏​ធ្លាប់​អនុវត្ត​ដែរ ចំពោះ​ការហៅ​រដ្ឋមន្ត្រី​ទៅ​សួរ​ផ្ទាល់មាត់​ក្នុង​កិច្ចប្រជុំពេញអង្គ ប៉ុន្តែ ត្រូវបាន​ខកខាន ក្រោយ​អវត្តមាន​គណបក្សប្រឆាំង​។ បើតាម​អ្នកនាំពាក្យ​ដដែល នេះ ជា​លើកទីមួយ​ហើយ ដែល​រដ្ឋសភា ហៅ​រដ្ឋមន្ត្រី​ឲ្យ​ទៅ​ឆ្លើយ​ផ្ទាល់មាត់ ចាប់តាំងពី​រដ្ឋសភា ចាប់ផ្តើម​ការងារ​រប​ស់​ខ្លួន ក្នុង​នីតិកាល​៦​នេះ​។
 
​យ៉ាងណា គេ ឃើញ​គណៈកម្មការ​ជំនាញ​នានា​នៃ​រដ្ឋសភា បាន​ហៅ​រដ្ឋមន្ត្រី​ឬ​តំណាង​រដ្ឋាភិបាល ទៅ​សួរ​ពាក់ព័ន្ធ​នឹង​វិស័យ​ផ្សេងៗ​។  
 
​មាត្រា​៩៦​នៃ​រដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល ហើយ​ចម្លើយ​អាចធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយរូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទឡើង​។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន​។ មាត្រា​នេះ អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី ឆ្លើយ​ផ្ទាល់មាត់​ក៏បាន ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ​ក៏បាន​។​
 
​ក្នុង​នីតិកាល​ទី​៦​នេះ កិច្ចប្រជុំ​នីមួយៗ​របស់​រដ្ឋសភា មិនសូវមាន​ការសួរដេញដោល​គ្នា​ឬ​មាន​ភាព​ផុសផុល​ក្នុងការ​តតាំង​គ្នា​ឡើយ​។ រាល់​កិច្ចប្រជុំ​ម្តងៗ តែង​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ការពិភាក្សាគ្នា​ពី​ច្បាប់​ផ្សេងៗ តែង​ឈានទៅដល់​ការអនុវត្ត​ម័ត​ដោយ​ងាយស្រួល ដោយ​មិនមាន​ការជំទាស់ ដូចជាកាល​នៅមាន​គណបក្សប្រឆាំងនោះទេ​។​
 
​រដ្ឋសភា​ក្នុង​នីតិកាល​ទី​៦​នេះ រង​ការរិះគន់ពី​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ​មួយចំនួន​ថា ​ជា​រដ្ឋសភា​ឯក​បក្ស ដ្បិត​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​គ្រប់គ្រង​អាសនៈ​ក្នុង​រដ្ឋសភា​។ ប៉ុន្តែ កន្លងមក ភាគី​រដ្ឋាភិបាល ក៏ដូចជា​គណបក្សកាន់អំណាច ធ្លាប់​បកស្រាយ​ថា ទោះ​រដ្ឋសភា​មាន​គណបក្ស​តែមួយ ក៏​កម្ពុជា នៅតែ​ជា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែរ ព្រោះ​កម្ពុជា មាន​គណបក្ស​ច្រើន ដែល​គ្រាន់តែ​គណបក្ស​ទាំងនោះ គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​៕

Tag:
 ​សភា​
  ក្រសួងយុត្តិធម៌​
  អង្គ វង្ស វ​ឌ្ឍ​នា​
  ឡេង ប៉េងឡុង
© រក្សាសិទ្ធិដោយ thmeythmey.com