ជាតិ
សង្គមជាតិ
កូរ៉េ ចង់​បង្កើត​មជ្ឈមណ្ឌល​បង្រៀន​កែ​សម្ផស្ស​នៅ​កម្ពុជា តាមបែប​ស្តង់ដារ​រប​ស់​ខ្លួន
02, Jul 2019 , 7:19 pm        
រូបភាព
លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សសាធារណកូរ៉េ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ទុះបណ្តាលជីវៈ នៅទីស្តីការក្រសួង នាថ្ងៃទី១កក្កដា ឆ្នាំ២០១៩
លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សសាធារណកូរ៉េ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ទុះបណ្តាលជីវៈ នៅទីស្តីការក្រសួង នាថ្ងៃទី១កក្កដា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២0១៩ ថា កូរ៉េខាងត្បូង ចង់​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​កែ​សម្ផស្ស​នៅ​កម្ពុជា ក្រោយ​ឃើញ​សក្ដានុពល​លើ​វិស័យនេះ កំពុងមាន​តម្រូវការ​ច្រើន​។ លោក Lee Sung Yeob តំណាង​សមាគម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​និយាយថា មជ្ឈមណ្ឌល​កែ​សម្ផស្ស​នេះ គឺធ្វើឡើង​ស្របតាម​ស្តង់ដារ​ប្រទេស​ខ្លួន ដើម្បី​ផ្ដល់​ការអប់រំ​ជំនាញ​កែ​សម្ផស្ស​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ពិសេស​មាន​សុវត្ថិភាព​ខ្ពស់​ដល់​អតិថិជន​នៅ​កម្ពុជា និង​ក្នុង​តំបន់​ផងដែរ​។ 

 
​បើតាម AKP លោក Lee Sung Yeob បាន​អះអាង ក្នុងជំនួប​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​កា​ងារ ថា សមាគម​របស់លោក កំពុងដំណើរការ​ប្រកប​ដោយ​ភាពជោគជ័យ​លើ​វិស័យ​កែ​សម្ផស្ស​នេះ នៅ​ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ បណ្ដា​ប្រទេស​ដែលជា​សមាជិក​ក្នុង​សមាគម​មានដូចជា កូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កាណាដា និង អាមេរិក ជាដើម​។​


ប្រភពរូបបានពីទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 
​លោក អ៊ិត សំហេង បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​គម្រោង នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ដោយ​ធានា​ពី​ការផ្ដល់​អាជ្ញា​បណ្ណ​មួយ​ជូន​មជ្ឈមណ្ឌល ដើម្បី​ប្រតិបត្តិការ​ការងារ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​។ លោក បន្តថា ការបើក​ដំណើរការ​មជ្ឈមណ្ឌល​ស្ដង់ដារ​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា​នេះ នឹង​ទទួលបាន​ការចាប់អារម្មណ៍ ព្រមទាំង​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​សេវាកម្ម​កែ​សម្ផស្ស​នាពេល​បច្ចុប្បន្ន ខណៈ​សេដ្ឋកិច្ចកម្ពុជា នៅតែមាន​ភាព​រីកចម្រើន កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា​។ 
 
​លោក អ៊ិត សំហេង បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រសិនបើ​គម្រោង​វិនិយោគ​លើ​វិស័យ​កែ​សម្ផស្ស​នេះ​អាច​ដំណើរការ​ទៅបាន​ពិតមែន កម្ពុជា​និង​កូរ៉េ នឹង​សម្រេចបាន​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយទៀត ដែល​រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​»៕

Tag:
 សម្ផស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com