អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ដី​នៅ​ជិត​តំបន់​អុី​អន ៣ កំពុង​ត្រូវប៉ាន់​សម្រាប់​គម្រោង​អភិឌ្ឍន៍​បុរី និង​ឃ្លាំង​
02, Jul 2019 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ អំពី​ទីតាំង​ពិតប្រាកដ​របស់​ផ្សារ​ទំនើប​អ៊ី​អន ៣ ថា​នឹងត្រូវ​សាងសង់​នៅ​កន្លែង​ណាក៏ដោយ ប៉ុន្តែ​តម្លៃ​ដី​បា ន​ហក់​ឡើងជា​លំដាប់ បន្ទាប់ពី​ទទួលបាន​ដំណឹង នៃ​ការវិនិយោគ​គម្រោង​ផ្សារ​ដ៏​ធំ​មួយ​នេះ​។
 
​លោក ហៃ រ៉ាវី ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Daily Realty Group បាន​លើកឡើងថា ការទិញ​-​លក់​មានដំណើរ​ការល្អ ខណៈ​ប្រតិបត្តិការ​កំពុង​កើនឡើង​នៅពេល​បច្ចុប្បន្ន​។  លោក រ៉ាវី បាន​បញ្ជាក់ថា ការអភិវឌ្ឍន៍​ធំៗ បាន​ហូរ​ចូលក្នុង​តំបន់​នេះ ដូចជា​ផ្សារ​អ៊ី​អន​ជាដើម គឺជា​ផ្នែក​មួយ​ដែល​បាន​រុញច្រាន ប្រតិបត្តិ​ការទិញ​-​លក់ ជាពិសេស​តម្លៃ​ដី​ឲ្យ​កើនឡើង​។ 
 
​លោក​មើលឃើញថា ដី​ធំៗ​នៅ​ភាគខាងត្បូង​ទីក្រុង បាន​ក្លាយជា​ទិសដៅ​សម្រាប់​អ្នក​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការសាងសង់​ជា​គម្រោង​គម្រោង​បុរី អគារ​ពាណិជ្ជកម្ម រោងចក្រ ឬ​ឃ្លាំងទំនិញ​។ 
 
​លោក​បាន​ពន្យល់ថា បច្ចុប្បន្ន​តំបន់​នេះ មាន​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ត្រូវបាន​អភិវឌ្ឍ​ល្អ ដែល ផ្តល់​ភាពងាយស្រួល​ការរស់នៅ និង​ពាណិជ្ជកម្ម​។ ផ្លូវធំៗ​ត្រូវបាន​កសាង​ដូចជា ផ្លូវ​ក្រុង​វាត់​ក្រុង ផ្លូវ​ជើងឯក ផ្លូវ ៦០​ម៉ែត្រ ផ្លូវជាតិ​លេខ ២ ដែល​នឹងត្រូវ​កែលម្អ​បន្ថែម និង​ផ្លូវ ២១៧ រួមជាមួយ​គម្រោង​ព្រលានយន្តហោះ​ថ្មី​ផងដែរ​។ 
 
​លោក​រ៉ាវី បាន​និយាយថា គម្រោង​បុរី​ច្រើន​បាន​អភិវឌ្ឍ​នៅក្នុង​តំបន់​នេះ ដូចជា​គម្រោង​ពិភពថ្មី បុរី​អាយ​ភី ជាដើម​។ ហើយ​គម្រោង​ទាំងនេះ បានទទួល​ការគាំទ្រ​ពី​អ្នកទិញ​ក្នុងស្រុក​ជាច្រើន​។ ជាមួយគ្នានេះដែរ  តំបន់​នេះ​មាន​គម្រោង​ដី​ឡូ​តិ៍​មួយចំនួន ដែល​អាច​រកបាន​ចាប់ពី​តម្លៃ​ជាង ២០,០០០ ឡើងទៅ (​ទទឹង ៥ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ​)​។​
 
​ទាក់ទង​នឹង​តម្លៃ​ដី យោងតាម​របាយការណ៍​តម្លៃ​ដី​ពាក់កណ្តាល​ទី​១ ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត តម្លៃ​ដី​នៅក្នុង​ខណ្ឌដង្កោ បាន​កើនឡើង​ខ្ពស់​លំដាប់​ទី​២ ក្នុងចំណោម​ខណ្ឌ​ទាំង​១២ នៅក្នុង​ទីក្រុង​ភ្ន​ពេញ ពោលគឺ​កើនឡើង​រហូតដល់ ២៦.៣%​។ ក្នុងនោះ ដី​ក្នុង​សង្កាត់​ដង្កោ​មានតម្លៃ​ថ្លៃ​ជាងគេ ដែល​នៅតាម​ផ្លូវធំ​មានតម្លៃ​មធ្យម​ចាប់ពី ៧០០ ដុល្លារ​ដល់ ២,២០០ ដុល្លារ​/​ម៉ែត្រការ៉េ​។ ចំណែក​ផ្លូវ​តូច មានតម្លៃ​ចាប់ពី ១២០ ដុល្លារ ដល់ ៥០០ ដុល្លារ​/​ម៉ែត្រការ៉េ​។ 
 
​ចំណែក អ្នកនាង រ៉េត មេត្តា ប្រធាន​ផ្នែក​លក់​របស់​គម្រោង Woodland Residence បាន​ឲ្យ​ដឹងថា គម្រោង​អ៊ី​អន ៣ ថ្មី នឹង​ជំរុញ​ឱ្យ​តំបន់​នេះ មាន​ដង់ស៊ីតេ​ប្រជាជន​កើនឡើង​កាន់តែច្រើន ហើយ​នេះ​ជា​ឱកាស​វិនិយោគ​ដ៏​ល្អ សម្រាប់​វិស័យ​អចលនទ្រព្យ និង​វិស័យ​ដទៃទៀត​។ 
 
​អ្នកស្រី មេត្តា ជឿជាក់ថា ការស្វែងរក​ឱកាស​វិនិយោគ​នៅពេលនេះ នឹង​ធ្វើឱ្យ​ម្ចាស់​អចលនទ្រព្យ​ទទួលបាន​ប្រាក់ចំណូល​ជាច្រើន​ពី​ការជួល​អ​ច​នល​ទ្រព្យ ឬ​ផលចំណេញ​នៅពេល​លក់​ចេញ​វិញ​ពេលអនាគត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com